ប្រកាសចូលកាន់តំណែងអធិការនគរបាលថ្មីស្រុកក្រូចឆ្មារ, លោកឧត្តមសេនីយ៍ទោ ចិន នី ណែនាំ និងដាក់ចេញទិសដៅការងារពង្រឹងកិច្ចការពារសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន
14-10-2026 12:04
(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រួមជាមួយ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង នាយការិយាល័យ អធិការនគរបាល អភិបាលរងស្រុក មន្ត្រីរាជការពាក់ព័ន្ធ ព្រមទាំងលោក-លោកស្រី មេឃុំទាំងអស់ក្នុងស្រុកក្រូចឆ្មារ។
សូមជម្រាបថា លោកវរសេនីយ៍ទោ ឃី បូរ៉ា ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែង ជាអធិការនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ជំនួសលោកវរសេនីយ៍ឯក សួស ស៊ាងលី ដែលត្រូវចូលនិវត្តន៍។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ និងផ្តល់អនុសាសន៍ដឹកនាំដល់លោកអធិការនគរបាលស្រុក ដែលទើបទទួលបានមុខតំណែងថ្មី ព្រមទាំងមន្ត្រីនគរបាលទាំងអស់ដែលកំពុងបំពេញភារកិច្ចនៅទីនោះ ឱ្យខិតខំយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន។
ក្នុងនោះត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ប្រកាន់ខ្ជាប់នូវបទវិន័យនគរបាលជាតិកម្ពុជា (ប្រកាសលេខ ៨៧៣ ប្រក) និងបង្កើតទំនាក់ទំនងល្អជាមួយបណ្តាអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដោយបន្តចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា, បន្តចុះផ្សព្វផ្សាយ និងអនុវត្តលក្ខណៈសម្បត្តិ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទាំង ៧ ចំណុចឱ្យមានប្រសិទ្ធភាពខ្ពស់, ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមមាន៖ ការត្រួតពិនិត្យរដ្ឋបាលជំហរ ការពារអាវុធគ្រឿងផ្ទុះ បង្ក្រាបបទល្មើសគ្រឿងញៀន និងក្រុម ក្មេងទំនើង, ខិតខំកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយអគ្គិភ័យ គ្រោះធម្មជាតិ និងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ, បន្តស្រាវជ្រាវ និងបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅគ្រប់ទីកន្លែង ដើម្បីធានាសន្តិសុខ ព្រមទាំងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ចិន នី ក៏បានដាក់ចេញនូវផែនការទិសដៅការងារចំនួន ៩ចំណុច សម្រាប់ឱ្យកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ យកទៅអនុវត្តបន្តឱ្យទទួលបានលទ្ធផលល្អប្រសើរ បម្រើឱ្យការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕









