* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ និង EU រៀបចំកម្មវិធី NTTI BizConnect Cambodia 2026 តភ្ជាប់គ្រឹះស្ថាន TVET និយោជក និងយុវជន ដើម្បីពង្រឹងជំនាញ និងឱកាសការងារឆ្លើយតបតម្រូវការឧស្សាហកម្ម

14-10-2026 14:09

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីបើកកម្មវិធី NTTI BizConnect Cambodia 2026 នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលមានការចូលរួមពីតំណាងស្ថាប័នរាជរដ្ឋាភិបាល ភ្ញៀវអន្តរជាតិ ក្រុមហ៊ុន គ្រឹះស្ថានបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតជាង ៣០០នាក់។

កម្មវិធីនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់វេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត ក្នុងការផ្លាស់ប្តូរព័ត៌មានពីតម្រូវការកម្លាំងពលកម្ម។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្រ្តីបានកោតសរសើរចំពោះវិទ្យាស្ថាន NTTI, កម្មវិធីកញ្ចប់ការតភ្ជាប់ប្រកបដោយចីរភាពសហភាពអឺរ៉ុប-អាស៊ាន –ការអប់រំកម្រិតខ្ពស់ (SCOPE-HE), វិស័យឯកជន និងដៃគូពាក់ព័ន្ធ ដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើង ដែលកម្ពុជាជាប្រទេសទី២ បន្ទាប់ពីប្រទេសទីម័រខាងកើត។ កម្មវិធីនេះ ក៏ជាការបន្តការតភ្ជាប់សិស្ស-និសិ្សត TVET ជាមួយនឹងវិស័យឯកជន ជាពិសេសការបំពេញចន្លោះប្រហោងកម្លាំងពលកម្មជំនាញ និងគុណវុឌ្ឍិស្របតាមតម្រូវការរបស់ឧស្សាហកម្ម និងឆ្លើយតបនឹងបរិបទសកល គឺអន្តរកាលបៃតង និងបរិវត្តកម្មឌីជីថល។

លោករដ្ឋមន្រ្តីបានបន្ដថា រាជរដ្ឋាភិបាលគ្រប់អាណត្តិតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព ផលិតភាព និងភាពបត់បែន ដើម្បីជួយឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពង្រឹងភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម ទាក់ទាញការវិនិយោគ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា។ ជាក់ស្តែង រាជរដ្ឋាភិបាលបច្ចុប្បន្ន បានដាក់ការអភិវឌ្ឍ «មូលធនមនុស្ស» ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានផ្តល់អាទិភាពខ្ពស់សំដៅប្រែក្លាយរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ តម្លៃបន្ថែម និងផ្អែកលើបច្ចេកវិទ្យា តាមរយៈការរៀបចំគោលនយោបាយជាតិសំខាន់។

លោករដ្ឋមន្រ្តីក៏បានជម្រាបជូនថា ក្រសួងបានធ្វើទំនើបកម្មកម្មវិធីសិក្សា TVET និងពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ដែលជាចំណុចស្នូលអាចធ្វើឱ្យ TVET ទទួលបានជោគជ័យ។ ដើម្បីឱ្យកម្មវិធីនេះបន្តរីកចម្រើន ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះបណ្តាលកំណត់វិស័យសហប្រតិបត្តិការឱ្យបានច្បាស់លាស់ ហើយគណៈកម្មការរៀបចំក៏ត្រូវប្រមូលផ្តុំ ឱកាសភាពជាដៃគូ និងសកម្មភាពបន្ត ទៅជាផែនការសកម្មភាព។ ចំពោះនិស្សិត សូមចាត់ទុកវេទិកានេះ ជាឱកាសរៀនសូត្រពីនិយោជក ឈ្វេងយល់ពីមាគ៌ាអាជីព ពីការរំពឹងទុកនៃវិស័យឧស្សាហកម្ម និងកសាងទំនាក់ទំនងវិជ្ជាជីវៈ។ វិស័យឯកជន ក៏សូមណែនាំដល់សិស្សពីការត្រៀមខ្លួន ជាពិសេសជំនាញទន់ និងគួរយល់ថា ការវិនិយោគលើកជំនាញ បុគ្គលិក និងការផ្តល់ឱកាសចុះកម្មសិក្សា ជាការវិនិយោគលើក្រុមហ៊ុនរបស់ខ្លួន។ លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធី SCOPE-HE ក៏ដូចជា EU នឹងបន្តគាំទ្រវេទិកានេះទៀត រួមទាំងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសកម្មវិធី TVET។

នាឱកាសនេះ លោក Igor Driesmans បានបន្ថែមថា គម្រោង BizConnect ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់របស់ EU ក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានបំណងលើកកម្ពស់ការអប់រំឧត្តមសិក្សា និងនាំមកនូវការជួបជុំគ្នារវាងគ្រឹះស្ថានបណ្តុះបណ្តាល អាជីវកម្ម និងនិស្សិត ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ពីជំនាញដែលនិយោជកត្រូវការ និងបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់អត្ថប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ។ លោកគូសបញ្ជាក់ថា EU ចង់ឃើញយុវជនកម្ពុជាអាចកសាងអនាគតខ្លួនតាមរយៈជំនាញដែលពួកគេកំពុងអភិវឌ្ឍ និងសង្ឃឹមថា វិស័យធុរកិច្ចនឹងមើលឃើញពីសារៈសំខាន់នៃការវិនិយោគលើធនធានមនុស្ស។ EU មានមោទនភាពដែលបានសហការជាមួយកម្ពុជា ដើម្បីរួមគ្នាកសាងអនាគតមួយដែលកាន់តែបៃតង កាន់តែឌីជីថល និងប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។

សូមបញ្ជាក់ថា BizConnect ជាគំនិតផ្តួចផ្តើមពង្រឹងសមត្ថភាពដ៏សំខាន់ ដែលគាំទ្រដោយ EU ក្រោមកម្មវិធី SCOPE-HE។ កម្មវិធី NTTI BizConnect Cambodia 2026 នឹងក្លាយជាមូលដ្ឋានសម្រាប់កសាងភាពជាដៃគូដែលមាននិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ដល់សិស្ស-និស្សិត ក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះបណ្តាលនាពេលអនាគត ហើយសិស្សដែលបញ្ចប់ការសិក្សានឹងមានសមត្ថភាព និងត្រៀមខ្លួនកាន់តែប្រសើរ ដើម្បីចូលរួមក្នុងទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕