ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្តល់អំណោយកៅអីវះកាត់ និងព្យាបាលធ្មេញស្វ័យប្រវត្តិទំនើប ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
14-10-2026 14:41
(កំពង់ស្ពឺ)៖ កៅអីព្យាបាល និងវះកាត់ធ្មេញស្វ័យប្រវត្តិទំនើបចុងក្រោយ ចំនួន២គ្រឿង ដែលមានតម្លៃប្រមាណជិត៣ម៉ឺនដុល្លារអាម៉េរិក ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងខេត្តហៃណាន (CDC Hainan) និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ។
ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាព លោក កៅ សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ រួមជាមួយ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក លោក He Jian អនុប្រធាន CDC ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន និងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ការប្រគល់កៅអីវះកាត់ និងព្យាបាលធ្មេញទំនើបទាំង២គ្រឿងនេះ នឹងជួយឱ្យមន្ទីរពេទ្យកាន់តែមានសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍ គុណភាពសេវាសុខាភិបាល លើវិស័យទន្តសាស្ត្រ ដើម្បីបម្រើសុខុមាលភាពប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺឱ្យកាន់តែប្រសើរថែមទៀត។
បន្ថែមពីនេះ CDC Hainan សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានសហការគ្នាក្នុងការផ្ទះបច្ចេកវិទ្យាផ្នែកបិត និងប៉ះធ្មេញ (fissure sealants) ដោយទន្តបណ្ឌិតឯកទេស នៃប្រទេសចិនជូនដល់ទន្តបណ្ឌិត និងទន្តពេទ្យកម្ពុជាដោយអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យបង្អែកខេត្តនារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ជូនដល់កុមារ និងប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺផងដែរ។
សូមបញ្ជាក់ជូនថា នេះជាឆ្នាំទី៤ ហើយដែល CDC Hainan ក្រោមកិច្ចសហការជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានធ្វើទស្សនកិច្ចសិក្សា ផ្ទេរបច្ចេកវិទ្យា និងផ្តល់សម្ភារ បរិក្ខាពេទ្យ ជាពិសេសកៅអីវះកាត់ និងព្យាបាលធ្មេញទំនើបជូនដល់មន្ទីរពេទ្យនានានៅកម្ពុជាផងដែរ៕
























