* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វៀតណាម បើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ការតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

14-10-2026 14:55

(ភ្នំពេញ)៖ ក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានរួមគ្នាបើក «ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ២០២៦» (VIDEX CAMBODIA 2026) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ពិធីបើកត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ចំណែកភាគីវៀតណាម តំណាងឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម, ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា-វៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នកម្ពុជា និងវៀតណាមជាច្រើនរូបទៀត។

ពិព័រណ៍នេះបានប្រមូលផ្តុំស្ថាប័ន និងសហគ្រាសវៀតណាមចំនួន១៥០ មកពីទាំងវិស័យការពារជាតិ និងវិស័យស៊ីវិល។ ក្រុមធុរកិច្ចវិស័យការពារជាតិ រួមមានស្ថាប័ន និងសហគ្រាសចំនួន២៥ ដែលមានស្តង់ចំនួន៥៩ រួមមានសហគ្រាសចំនួន៩ ចំណុះអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងចំនួន៦ ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស ព្រមទាំងអាជីវកម្មដែលពាក់ព័ន្ធនឹងយោធភូមិភាគទី៥, ៧ និង៩ ក្រុមហ៊ុន Viettel Group ធនាគារ MB Bank កងពលធំ (Corps) ទី១៥, ១៦ និង២០ និងមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី។

ក្រៅពីវិស័យការពារជាតិ សហគ្រាស និងស្ថាប័នចំនួន៩៨ បានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងស្តង់ចំនួន១៤៣។ ដោយមានកិច្ចសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា គណៈកម្មាធិការរៀបចំបានអញ្ជើញសហគ្រាសកម្ពុជាចំនួន២៧ (រួមទាំងសហគ្រាសរបស់កងយោធពលខេមរភូមិន្ទ) ដើម្បីតាំងបង្ហាញផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួននៅក្នុងស្តង់ចំនួន៣៩។

បើតាមឧត្តមសេនីយ៍ឯក តាន់ ថាណា បានឱ្យដឹងថា ពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ការតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ គឺជាលទ្ធផលមួយនៃការអនុវត្តផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកិច្ចសហប្រតិបត្តិការវិនិយោគសេដ្ឋកិច្ចការពារជាតិ និងការជួយគ្នាទៅវិញទៅមក។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានបន្តថា មួយវិញទៀត គឺជាការចូលរួមអបអរសាទរលទ្ធផលជាផ្លែផ្កានៃការរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាម កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឡេ មិញហឹង នាយករដ្ឋមន្ត្រីវៀតណាម។ ការរៀបចំសម្ពោធពិព័រណ៍នេះគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចដ៏សំខាន់មួយ ដែលបានរៀបចំឡើងជាបន្តបន្ទាប់នៅកម្ពុជា ក្នុងគោលបំណងជំរុញតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួង ស្ថាប័ន ក្រុមអ្នកសេដ្ឋកិច្ច និងតំណាងអ្នកវិនិយោគពាណិជ្ជកម្មធុរជន មកពីប្រទេសវៀតណាម និងកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងពង្រីកបណ្តាញវិនិយោគរួមគ្នារវាងវិស័យឯកជនប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក តាន់ ថាណា បានបង្ហាញជំនឿថា ការតាំងពិព័រណ៍នេះក៏ជាឱកាសដ៏សំខាន់សម្រាប់ធុរជនកម្ពុជា និងវៀតណាម ជួបពិភាក្សាផ្គូរផ្គងដៃគូពាណិជ្ជកម្ម លើវិស័យដែលនៅមានសក្តានុពលជាច្រើនផងដែរ។ ជាមួយគ្នានេះ តាមរយៈការរៀបចំពិព័រណ៍នេះនឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ក៏ដូចជាជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងរដ្ឋាភិបាល កងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

ដោយឡែកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក បានលើកឡើងថា ពិព័រណ៍ជំរុញតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម ត្រូវបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះគឺជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់មួយដែលរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគសម្រាប់សហគ្រាសអាជីវកម្ម តាមរយៈសកម្មភាពនយោបាយ វប្បធម៌ និងសង្គម ខណៈពេលដែលពង្រឹងការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព ប្រជាជន និងអាជីវកម្មនៃប្រទេសនីមួយៗ។

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបន្តថា ពិព័រណ៍នេះបានធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរ កំពុងសហការដើម្បីត្រៀមរៀបចំបណ្តាសកម្មភាព ក្នុងក្របខ័ណ្ឌឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២៧ ខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧-ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧) ដែលត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំជាមួយនឹងទំហំ១០,០០០ម៉ែត្រការ៉េ ដែលដាក់តាំងបង្ហាញរូបភាពរបស់ថ្នាក់ដឹកនាំប្រទេស ក្រសួងការពារជាតិ ផលិតផលរបស់អាជីវកម្មជិត១៥០ និងជាកន្លែងសម្រាប់ការផ្លាស់ប្ដូរវប្បធម៌ និងម្ហូបអាហាររវាងប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក បានគូសបញ្ជាក់ថា ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកដល់ការលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរមិត្តភាព បន្តថែរក្សាចំណងទំនាក់ទំនងសាមគ្គីភាពដ៏ស្អិតរមួតជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋ និងប្រជាជនវៀតណាម-កម្ពុជា ប្រកបដោយការអភិវឌ្ឍដល់កម្រិតប្រសើរឡើង នាំមកនូវឱកាសថ្មីៗសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ ក្នុងការជួបប្រាស្រ័យទាក់ទងគ្នា ធ្វើពាណិជ្ជកម្ម លើកកម្ពស់ការបណ្តាក់ទុនរួមគ្នា ការតភ្ជាប់ផ្ទេរ និងអនុវត្តវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕