Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?» (Video inside)
14-10-2026 17:39
(ភ្នំពេញ)៖ របាយការណ៍ស៊ើបអង្កេតរបស់ Al Jazeera អំពីបណ្តាញ Online Scams នៅតំបន់ Long Bay ខេត្តកោះកុង បានបង្កើតសំណួរសំខាន់មួយ៖ តើការថតសម្ងាត់នេះធ្វើឡើងនៅពេលណា? របាយការណ៍នេះត្រូវបានផ្សាយក្រោយកម្ពុជារៀបចំសន្និសីទអន្តរជាតិ ICCOS-2026 ដែលបានអនុម័តសេចក្តីប្រកាសភ្នំពេញ ជាមួយការប្តេជ្ញា១១ចំណុច ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ខណៈអាជ្ញាធរកម្ពុជាអះអាងថា បានបង្ក្រាបទីតាំងសង្ស័យនៅ Long Bay តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីឱ្យសាធារណជនដឹងថា នេះជាហេតុការណ៍ចាស់ ឬសកម្មភាពដែលនៅបន្តកើតឡើងដែរឬទេ?
សូមតាមដានការវិភាគស៊ីជម្រៅរបស់ Fresh Exclusive៖
ព័ត៌មានទើបផ្សាយ មិនប្រាកដថាជាហេតុការណ៍ទើបកើតឡើងឡើយ។ ភាពខុសគ្នានេះមានសារៈសំខាន់ នៅពេលព័ត៌មានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម អំពើពុករលួយ និងកិត្តិយសជាតិ។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Al Jazeera បានផ្សាយរបាយការណ៍ស៊ើបអង្កេតអំពីបណ្តាញ Online Scams នៅ Long Bay ខេត្តកោះកុង ដោយមានការថតសម្ងាត់អ្នកជំនួញចិន Deng Pibing ដែលអះអាងអំពីការផ្តល់ប្រាក់ដល់សមត្ថកិច្ច និងការទទួលបានព័ត៌មានមុនប្រតិបត្តិការបង្ក្រាប។
ប៉ុន្តែសំណួរសំខាន់មួយនៅមិនទាន់ច្បាស់លាស់៖ តើ Al Jazeera បានថតសម្ងាត់នេះ នៅថ្ងៃ ណា ខែណា និងឆ្នាំណា?
ការបញ្ជាក់កាលបរិច្ឆេទនេះ អាចជួយបែងចែកហេតុការណ៍ចាស់ពីស្ថានភាពបច្ចុប្បន្ន និងផ្តល់តម្រុយដល់អាជ្ញាធរកម្ពុជា ក្នុងការស៊ើបអង្កេតរកអ្នកដែលអាចពាក់ព័ន្ធនឹងការផ្តល់ការការពារដល់បណ្តាញឧក្រិដ្ឋកម្ម។
*ការស៊ើបអង្កេត និងការទទួលខុសត្រូវ
ការផ្សាយរបស់ Al Jazeera នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានកើតឡើងប្រមាណពីរសប្តាហ៍ក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ICCOS-2026 នៅថ្ងៃទី២៣–២៤ ខែកញ្ញា។ សន្និសីទនេះបានបញ្ចប់ដោយ សេចក្តីប្រកាសភ្នំពេញ (Phnom Penh Declaration) និងការប្តេជ្ញា១១ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ទីតាំង Online Scams ទ្រង់ទ្រាយធំត្រូវបានបំបាត់ ប៉ុន្តែបណ្តាញឧក្រិដ្ឋកម្មកំពុងបំបែកខ្លួនជាក្រុមតូចៗ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
ទោះជាយ៉ាងណា ការមិនទាន់មានកាលបរិច្ឆេទថតសម្ងាត់ច្បាស់លាស់ក្នុងរបាយការណ៍ Al Jazeera ធ្វើឱ្យពិបាកកំណត់ថា សកម្មភាពដែលបានបង្ហាញកើតឡើងមុន ឬក្រោយការបង្ក្រាបរបស់អាជ្ញាធរកម្ពុជា។
ការបញ្ជាក់ពេលវេលានេះមានសារៈសំខាន់ ដើម្បីវាយតម្លៃដោយយុត្តិធម៌ទាំងលើភស្តុតាងរបស់ Al Jazeera និងប្រសិទ្ធភាពនៃវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។
*ហេតុអ្វីកាលបរិច្ឆេទថតសម្ងាត់មានសារៈសំខាន់?
ក្នុងការស៊ើបអង្កេតសារព័ត៌មាន កាលបរិច្ឆេទមិនមែនគ្រាន់តែជាព័ត៌មានបន្ថែមទេ ប៉ុន្តែជាធាតុសំខាន់សម្រាប់កំណត់បរិបទ និងវាយតម្លៃភស្តុតាង។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Al Jazeera បានផ្សាយភាពយន្តឯកសារក្រោមចំណងជើង Exposing an Alleged Crime Kingpin’s Cambodian Empire មានន័យថា «លាតត្រដាងអាណាចក្ររបស់មេខ្លោងឧក្រិដ្ឋកម្មដែលរងការចោទប្រកាន់នៅកម្ពុជា»។ ប៉ុន្តែ កាលបរិច្ឆេទផ្សាយនោះ មិនមែនជាកាលបរិច្ឆេទថតនៅថ្ងៃនោះឡើយ។
ប្រសិនបើការថតសម្ងាត់ធ្វើឡើងក្នុងឆ្នាំ២០២៥ នោះវាអាចជាភស្តុតាងនៃសកម្មភាពមុនការបង្ក្រាបរបស់អាជ្ញាធរកម្ពុជាក្នុងឆ្នាំ២០២៦។ ផ្ទុយទៅវិញ ប្រសិនបើថតក្រោយការបង្ក្រាប ហើយបង្ហាញថាសកម្មភាពខុសច្បាប់នៅតែបន្ត នោះវានឹងបង្កើតសំណួរអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
ហេតុនេះ ការបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ អាចជួយបែងចែករវាងហេតុការណ៍អតីតកាល និងស្ថានភាពបច្ចុប្បន្ន ដើម្បីឱ្យសាធារណជនវាយតម្លៃរបាយការណ៍ដោយយុត្តិធម៌ ហើយក៏ជួយពង្រឹងភាពជឿជាក់នៃការស៊ើបអង្កេតរបស់ Al Jazeera ផ្ទាល់ផងដែរ។
ការបំភ្លឺរបស់កម្ពុជា៖ ការបង្ក្រាបមុនការផ្សាយរបស់ Al Jazeera
ក្រោយការផ្សាយរបស់ Al Jazeera លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានរកឃើញអគារសង្ស័យពាក់ព័ន្ធនឹង Online Scams នៅតំបន់ Long Bay ខេត្តកោះកុង តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ ហើយបានចាត់វិធានការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ ប្រមូលវត្ថុតាង និងបិទទីតាំងពាក់ព័ន្ធ។
លោកក៏បានបញ្ជាក់ថា អ្នកជំនួញចិន Deng Pibing បានចាកចេញពីកម្ពុជានៅចុងខែឧសភា ឆ្នាំ២០២៦ ខណៈការស៊ើបអង្កេតលើរូបលោកនៅតែបន្ត។
ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ក្នុងសំណួរចង់ដឹងថា តើការផ្សាយរបស់Al Jazeera បានបង្ក ការប៉ះពាល់ដល់កម្ពុជា ក្នុងការប្តេជ្ញាបង្ក្រាប Online Scams ដែរឬទេ? លោកបានថ្លែងប្រាប់ Fresh Exclusive ថា៖ «កម្ពុជាមិនដែលបដិសេធថា មិនមានបទល្មើស Online Scams ទេ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ ដោយភាពទទួលខុសត្រូវយ៉ាងខ្លាំងក្លា ក្នុងការបោសសំអាតបំផ្លាញ ទីតាំង មជ្ឈមណ្ឌលរបស់ពួកឧក្រិដ្ឋជនOnline Scamsទាំងស្រុង ហើយបាននិងកំពុងកំពុងបន្តធ្វើការស៊ើបអង្កេតដើម្បីយកមេខ្លោង និង មុខសញ្ញាពាក់ព័ន្ធយកមកផ្តន្ទាទោសឲ្យខានតែបាន។»
ការបំភ្លឺនេះបង្ហាញថា អាជ្ញាធរកម្ពុជាមិនបានបដិសេធថា Long Bay ធ្លាប់មានសកម្មភាពសង្ស័យនោះទេ ប៉ុន្តែបានអះអាងថា ខ្លួនបានចាត់វិធានការបង្ក្រាបមុនការផ្សាយរបស់ Al Jazeera។
លោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់បន្ថែមថា៖ «ចំពោះការផ្សាយរបស់អាល់ហ្សាស៊ីរ៉ា ដែលបានបង្ហាញសកម្មភាពមុនពេលមានយុទ្ធនាការបោសសំអាត គឺបានឆ្លុះបញ្ចាំងថា ពេលនេះកម្ពុជាទទួលបានជោគជ័យចំពោះការបង្ក្រាបបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេវិទ្យា។
កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិថែមទៀត ក្នុងការរារាំងមិនឱ្យបទល្មើសបច្ចេកវិទ្យានេះ វិលត្រឡប់មកក្នុងទឹកដីកម្ពុជាវិញទៀតឡើយ។»
ទោះជាយ៉ាងណា ការអះអាងថារូបភាពរបស់ Al Jazeera បង្ហាញសកម្មភាពមុនការបង្ក្រាប នៅតែត្រូវការការបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីផ្ទៀងផ្ទាត់ពេលវេលានៃហេតុការណ៍។
ប្រសិនបើវីដេអូត្រូវបានថតមុនខែកុម្ភៈ ឆ្នាំ២០២៦ នោះការផ្សាយនៅខែតុលា មិនអាចប្រើជាភស្តុតាងដោយខ្លួនឯងថា ការបង្ក្រាបរបស់កម្ពុជាបរាជ័យឡើយ។ ប៉ុន្តែការចោទប្រកាន់អំពីសកម្មភាពខុសច្បាប់ និងអំពើពុករលួយនៅមុនការបង្ក្រាប នៅតែត្រូវការការស៊ើបអង្កេត និងការផ្ទៀងផ្ទាត់បន្ថែម។
ការបញ្ជាក់ពេលវេលា និងលទ្ធផលបង្ក្រាបដែលអាចផ្ទៀងផ្ទាត់បាន គឺជាមូលដ្ឋានសម្រាប់វាយតម្លៃដោយយុត្តិធម៌ចំពោះទាំងរបាយការណ៍ Al Jazeera និងវិធានការរបស់អាជ្ញាធរកម្ពុជា។
*កាលបរិច្ឆេទអាចជួយស្វែងរកមន្ត្រីដែលអាចពាក់ព័ន្ធនឹងអំពើពុករលួយ
ចំណុចរសើបបំផុតក្នុងរបាយការណ៍ Al Jazeera មិនមែនត្រឹមតែការចោទប្រកាន់អំពី Online Scams ប៉ុណ្ណោះទេ ប៉ុន្តែជាសម្តីរបស់អ្នកជំនួញចិន Deng Pibing ដែលអះអាងថា លោកបានចំណាយប្រាក់ ដើម្បីទទួលបានការការពារពីសមត្ថកិច្ច និងបានដឹងមុនអំពីប្រតិបត្តិការឆែកឆេរមួយចំនួន។
ប្រសិនបើការអះអាងនេះជាការពិត វាអាចបង្ហាញពីការជ្រៀតចូលរបស់បណ្តាញឧក្រិដ្ឋកម្មក្នុងប្រព័ន្ធអនុវត្តច្បាប់។ ប៉ុន្តែ សម្តីរបស់ Deng Pibing តែមួយមុខ មិនទាន់គ្រប់គ្រាន់សម្រាប់កំណត់ថា មន្ត្រីណាម្នាក់បានប្រព្រឹត្តអំពើពុករលួយឡើយ។
ហេតុនេះ កាលបរិច្ឆេទថតសម្ងាត់អាចជាតម្រុយសំខាន់សម្រាប់អាជ្ញាធរ ក្នុងការកំណត់ថា តើមន្ត្រីណាខ្លះទទួលខុសត្រូវនៅ Long Bay ក្នុងអំឡុងពេលនោះ? តើមានប្រតិបត្តិការឆែកឆេរ ឬការលេចធ្លាយព័ត៌មានសម្ងាត់ដែរឬទេ? ហើយតើកំណត់ត្រាហិរញ្ញវត្ថុ និងការទំនាក់ទំនងអាចបញ្ជាក់ការចោទប្រកាន់ទាំងនេះបានដែរឬទេ?
ការស៊ើបអង្កេតត្រូវផ្អែកលើភស្តុតាង មិនមែនលើការសង្ស័យឡើយ។ ការកាន់តំណែងនៅពេលកើតហេតុ មិនមានន័យថាមន្ត្រីនោះមានកំហុសទេ។
*ក្រោយ ICCOS-2026៖ កិត្តិយសកម្ពុជា ត្រូវការភស្តុតាង និងលទ្ធផល
Online Scams ជាឧក្រិដ្ឋកម្មឆ្លងដែន ដែលទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការរៀបចំសន្និសីទ ICCOS-2026 និងការអនុម័តសេចក្តីប្រកាសភ្នំពេញ (Phnom Penh Declaration) បង្ហាញពីការប្តេជ្ញារបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះ។ ប៉ុន្តែការប្តេជ្ញាចិត្តត្រូវបញ្ជាក់ដោយលទ្ធផលជាក់ស្តែង។
ករណី Long Bay អាចជាឱកាសបង្ហាញថា ការបង្ក្រាប Online Scams មិនមែនគ្រាន់តែបិទទីតាំងខុសច្បាប់ទេ ប៉ុន្តែត្រូវឈានដល់ការស្វែងរកមេខ្លោង តាមដានប្រាក់ចំណេញពីបទល្មើស និងចាត់វិធានការចំពោះមន្ត្រីណាដែលមានភស្តុតាងបញ្ជាក់ថាបានប្រព្រឹត្តខុស។
កម្ពុជាមិនចាំបាច់អះអាងថា ខ្លួនមិនធ្លាប់មានបញ្ហា Online Scams ឡើយ។ អ្វីដែលសំខាន់គឺបង្ហាញសមត្ថភាពក្នុងការរកឃើញ បង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋកម្ម ដោយតម្លាភាព និងគ្មានការលើកលែងចំពោះអ្នកប្រព្រឹត្តខុស ទោះមានអំណាចក៏ដោយ។
នេះជាមូលដ្ឋានសម្រាប់ការពង្រឹងទំនុកចិត្តរបស់សាធារណជន និងដៃគូអន្តរជាតិចំពោះកម្ពុជា។
*ពេលវេលានៃការផ្សាយ និងបរិបទអន្តរជាតិ
របាយការណ៍ Al Jazeera ត្រូវបានផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ គឺបួនថ្ងៃមុនកិច្ចប្រជុំលើកទីពីរនៃដំណើរការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា–ថៃ ក្រោមអនុសញ្ញា UNCLOS ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុងឡាអេ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា។
ការស្របពេលនេះ អាចបង្កើតសំណួរអំពីផលប៉ះពាល់លើកេរ្តិ៍ឈ្មោះកម្ពុជា។ ទោះជាយ៉ាងណា មិនមានភស្តុតាងបញ្ជាក់ថា Al Jazeera បានជ្រើសរើសថ្ងៃផ្សាយក្នុងគោលបំណងដាក់សម្ពាធលើកម្ពុជា ឬមានការសម្របសម្រួលជាមួយភាគីណាមួយឡើយ។
ហេតុនេះ ផលប៉ះពាល់លើកេរ្តិ៍ឈ្មោះកម្ពុជា និងសិទ្ធិផ្លូវច្បាប់ក្នុងវិវាទដែនសមុទ្រ គួរត្រូវបានវាយតម្លៃដាច់ដោយឡែកពីគ្នា។ ទោះជាយ៉ាងណា កម្ពុជាមានសិទ្ធិស្នើឱ្យ Al Jazeera បញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ឱ្យបានច្បាស់លាស់ ដើម្បីជួយបែងចែកហេតុការណ៍អតីតកាលពីស្ថានភាពបច្ចុប្បន្ន ចៀសវាងការភាន់ច្រឡំ និងការពារកេរ្តិ៍ឈ្មោះកម្ពុជាពីការវាយតម្លៃដែលខ្វះបរិបទពេញលេញ។
*សេចក្តីសន្និដ្ឋាន — ការពិតជាមូលដ្ឋាននៃកិត្តិយស
ករណី Long Bay មិនគួរក្លាយជាការប្រឈមមុខគ្នារវាងសារព័ត៌មានអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជាឡើយ ប៉ុន្តែគួរជាឱកាសសម្រាប់ការស្វែងរកការពិតដោយផ្អែកលើភស្តុតាង។
Al Jazeera បានលាតត្រដាងការចោទប្រកាន់ធ្ងន់ធ្ងរដែលត្រូវការការស៊ើបអង្កេត ខណៈអាជ្ញាធរកម្ពុជាអះអាងថា ខ្លួនបានចាត់វិធានការបង្ក្រាបមុនរបាយការណ៍នេះត្រូវបានផ្សាយ។
ការបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ពី Al Jazeera អាចជួយបែងចែកហេតុការណ៍អតីតកាលពីស្ថានភាពបច្ចុប្បន្ន និងផ្តល់តម្រុយសម្រាប់ស៊ើបអង្កេតការចោទប្រកាន់អំពើពុករលួយ។ ចំណែកការបង្ហាញភស្តុតាង និងលទ្ធផលបង្ក្រាបពីអាជ្ញាធរកម្ពុជា អាចជួយបញ្ជាក់ពីប្រសិទ្ធភាពនៃវិធានការប្រឆាំង Online Scams និងការអនុវត្តការប្តេជ្ញាក្នុងសន្និសីទ ICCOS-2026។
កិត្តិយសកម្ពុជាមិនអាចការពារបានដោយការបដិសេធការចោទប្រកាន់តែមួយមុខឡើយ។ កិត្តិយសនោះត្រូវបានពង្រឹងដោយការបង្ហាញការពិត ការនាំអ្នកប្រព្រឹត្តខុសមកទទួលខុសត្រូវ និងការការពារមន្ត្រីសុចរិតពីការចោទប្រកាន់ដែលគ្មានភស្តុតាង។
ពិតណាស់ព័ត៌មានផ្សាយថ្មី មិនប្រាកដថាជាហេតុការណ៍កើតឡើងថ្មីទេ។ ការបញ្ជាក់ពេលវេលាច្បាស់លាស់ នឹងជួយរកការពិត ហើយការពិត គឺជាមូលដ្ឋាននៃកិត្តិយសជាតិ៕


































