វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
14-10-2026 20:33
(វ៉ាស៊ីនតោន)៖ អារ៉ាប៊ីសាអូឌីតស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសដែលមានឃ្លាំងអាវុធទំនើបៗ និងមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ដោយមានចាប់យន្ដហោះចម្បាំង ប្រព័ន្ធខែលប្រឆាំងមីស៊ីល និងអាវុធបំពាក់បច្ចេកវិទ្យាទំនើបៗផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែប៉ុន្មានថ្ងៃថ្មីៗនេះ អារ៉ាប៊ីសាអូឌីតហាក់មិនមានសមត្ថភាពគ្រប់គ្រាន់ការពារខ្លួនឯងនោះទេ ប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់ក្រុមឧទ្ទាមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន។ ជាក់ស្ដែងការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋានក្នុងទីក្រុងរីយ៉ាដ កាលពីចុងសប្ដាហ៍កន្លងទៅនេះបានសម្លាប់មនុស្សយ៉ាងហោច ១៤នាក់ និងជាង៣០០នាក់រងរបួស ព្រមទាំងបង្ខំឱ្យសិស្សសាលា និងអ្នករកស៊ីត្រូវសម្ងំនៅក្នុងផ្ទះ ឬធ្វើការពីផ្ទះ។
ក្រុមហ៊ូទីបានបើកការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ដោយសារតែទីក្រុងរីយ៉ាដគាំទ្រកងកម្លាំងរដ្ឋាភិបាលក្នុងប្រទេសយេម៉ែន ដែលជាសត្រូវរបស់ក្រុមឧទ្ទាមមួយនេះ។
* អារ៉ាប៊ីសាអូឌីតមានឃ្លាំងអាវុធដ៏ធំពេញដោយអាវុធអាមេរិក
អារ៉ាប៊ីសាអូឌីតស្ថិតនៅក្នុងចំណោមម៉ូយធំទិញអាវុធរបស់សហរដ្ឋអាមេរិក។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល។ វិទ្យាស្ថាននេះបានឱ្យដឹងថាអារ៉ាប៊ីសាអូឌីតទទួលបាន ១២ភាគរយនៃអាវុធដែលសហរដ្ឋអាមេរិកបានលក់ទៅកាន់ទីផ្សារពិភពលោកចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ តាមវិទ្យាស្ថាននេះដដែល ជាច្រើនឆ្នាំមកនេះ អារ៉ាប៊ីសាអូឌីតបានទិញពីសហរដ្ឋអាមេរិកនូវយន្ដហោះចម្បាំង F-15 ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ព្រមទាំងប្រព័ន្ធរ៉ាដា និងប្រព័ន្ធមីស៊ីលសម្រាប់ការវាយលុក។ កញ្ចប់ថវិកាប្រចាំរបស់អារ៉ាប៊ីសាអូឌីតសម្រាប់ឆ្នាំ២០២៦ មាន៨៣ពាន់លានដុល្លារសម្រាប់ការចំណាយលើវិស័យយោធា ហើយកាលពីដើមឆ្នាំនេះដែរ ទីក្រុងរីយ៉ាដបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ ៩ពាន់លានដុល្លារជាមួយវ៉ាស៊ីនតោន ដើម្បីទិញគ្រាប់មីស៊ីល ៧៣០គ្រាប់សម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot។
* ប៉ុន្តែអារ៉ាប៊ីសាអូឌីតមានទីតាំងជាច្រើនត្រូវការពារ
កត្តាទឹកដីដ៏ធំសម្បើមរបស់អារ៉ាប៊ីសាអូឌីតបានផ្ដល់អត្ថាប្រយោជន៍ដល់ក្រុមហ៊ូទី។ ទីតាំងសំខាន់ៗដែលងាយរងគ្រោះពីការវាយប្រហារដូចជារោងចក្រថាមពល ទីតាំងស៊ីវិល និងមូលដ្ឋានយោធាស្ថិតនៅរប៉ាត់រប៉ាយនៅទូទាំងប្រទេស។ អារ៉ាប៊ីសាអូឌីតមានព្រំដែនជាប់ជាមួយយេម៉ែនលាតសន្ធឹងប្រវែង១៣០០គីឡូម៉ែត្រ។ លោក Ali Shihabi ជាអ្នកវិភាគអារ៉ាប៊ីសាអូឌីតម្នាក់បាននិយាយថា «ការរំពឹងថាប្រទេសមួយដែលមានផ្ទៃដីធំដូចជាអារ៉ាប៊ីសាអូឌីតអាចស្ទាក់បំផ្លាញគ្រប់គ្រាប់មីស៊ីលទាំងអស់ គឺជារឿងមិនអាចទៅរួចឡើយ ហើយក៏គ្មានប្រព័ន្ធការពារដែនអាកាសណាមួយអាចធានាការពារសុវត្ថិភាពបាន១០០ភាគរយនោះដែរ»។ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថាអារ៉ាប៊ីសាអូឌីតកំពុងថយចុះនូវគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល និងកំពុងទំនាក់ទំនងស្នើសុំការជួយពីសម្ព័ន្ធមិត្ត។ អារ៉ាប៊ីសាអូឌីតថ្មីៗនេះបានចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយតួកគីយ៉េ និងប៉ាគីស្ថាន។ តែមកទល់នឹងម៉ោងនេះ ទាំងតួកគីយ៉េ និងប៉ាគីស្ថានត្រូវបានគេមើលឃើញថាហាក់ដកខ្លួននៅឆ្ងាយមួយផ្នែកធំពីជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី ទោះជាបានផ្ដល់ជំនួយមួយចំនួនក៏ដោយ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំវិញក្នុងសប្ដាហ៍នេះបាននិយាយថារូបលោកកំពុងពិចារណាថាតើសហរដ្ឋអាមេរិកគួរចូលរួមជាមួយអារ៉ាប៊ីសាអូឌីតក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសលើក្រុមហ៊ូទីដែរឬក៏យ៉ាងណា? តែមិនមានការប្រកាសពីការសម្រេចចិត្តនៅឡើយទេ។
* ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
ដូចគ្នាទៅនឹងមេកើយរបស់ខ្លួនគឺអ៉ីរ៉ង់ ក្រុមឧទ្ទាមហ៊ូទីកំពុងប្រើប្រាស់យុទ្ធសាស្ត្រសង្រ្គាមវិសមមាត្រ «asymmetric warfare» ដោយពឹងផ្អែកលើមីស៊ីល និងដ្រូនជាចម្បង។ សម្រាប់ហ៊ូទី ជោគជ័យនៅលើសមរភូមិមិនមែនតម្រូវទាល់តែផ្ដួលរំលំអារ៉ាប៊ីសាអូឌីតនោះទេ។ ពោលគឺបង្កការខូចខាតដល់សេដ្ឋកិច្ច និងសាបព្រោះភាពភ័យខ្លាចនៅក្នុងចំណោមប្រជាជនអារ៉ាប៊ីសាអូឌីត ក៏អាចជាជោគជ័យមួយដែរដែលអាចនឹងផ្ដល់ឱ្យក្រុមហ៊ូទីនូវទឹកមាត់ប្រៃនៅឯតុចរចាបិទបញ្ចប់ការវាយប្រយុទ្ធគ្នា។ បច្ចុប្បន្ន ក្រុមហ៊ូទីត្រូវបានគេជឿជាក់ថាមានឃ្លាំងអាវុធដ៏ធំ ដោយក្នុងនោះមានមីស៊ីលខ្លះអាចបាញ់ដល់ចម្ងាយ ១៦០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះក្បាលគ្រាប់មួយចំនួនថែមទាំងអាចផ្លាស់ប្ដូរទិសដៅអំឡុងពេលហោះហើរធ្វើឱ្យប្រព័ន្ធខែលប្រឆាំងមីស៊ីលពិបាកស្ទាក់ចាប់។ ក្រុមហ៊ូទីធ្លាប់បានបាញ់ដ្រូនរាប់រយគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ក្នុងការវាយប្រហារលើអ៉ីស្រាអែលអំឡុងសង្រ្គាមហ្កាហ្សាកាលពីឆ្នាំ២០២៣។ មីស៊ីលទាំងនោះភាគច្រើនត្រូវបានស្ទាក់ចាប់ តែមានមួយចំនួនតូចបានទម្លុះចូលដែនអាកាសអ៉ីស្រាអែល និងបានសម្លាប់ជនជាតិអ៉ីស្រាអែលម្នាក់។ ការវាយប្រហារមួយរបស់ក្រុមហ៊ូទីក៏បានធ្លាក់ចំអាកាសយានដ្ឋានមួយរបស់អ៉ីស្រាអែលផងដែរកាលពីឆ្នាំ២០២៥។
លោក Andreas Krieg ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ King’s College London បានកត់សម្គាល់ថាការរៀនសូត្រពីបទពិសោធន៍ក្នុងការវាយប្រហារសាកល្បងទម្លុះខែលប្រឆាំងមីស៊ីលដ៏ទំនើបរបស់អ៉ីស្រាអែល បានធ្វើឱ្យហ៊ូទីកាន់តែមានទំនុកចិត្ត និងកាន់តែមានជំនាញ ហើយយកជំនាញទាំងនោះទៅប្រើក្នុងការវាយប្រហារលើអារ៉ាប៊ីសាអូឌីត។ តាមលោក Andreas Krieg ហ៊ូទីក៏បានរៀនសូត្រពីរបៀបធ្វើឱ្យប្រព័ន្ធរ៉ាដាវិលក្បុងផងដែរ។ ក្រៅពីអាវុធ ក្រុមហ៊ូទីបានធ្វើការជាមួយចលនាប្រដាប់អាវុធជាសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងប្រទេសអ៉ីរ៉ាក់ ដែលធ្លាប់បានវាយប្រហារកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីត ក្នុងរួមមានទាំងបំពង់បង្ហូរប្រេងដ៏សំខាន់សម្រាប់ការនាំចេញប្រេងកាត់តាមសមុទ្រក្រហម។
គួរបញ្ជាក់ថា បើប្រៀបធៀបកម្លាំងយោធានៅលើក្រដាស ក្រុមហ៊ូទីគឺចាញ់ប្រៀបអារ៉ាប៊ីសាអូឌីត។ តែឥលូវ ហ៊ូទីបានវិវត្តន៍ក្លាយទៅជាការគំរាមកំហែងដ៏ធំមួយរបស់អារ៉ាប៊ីសាអូឌីត និងក្លាយជាចលនាប្រដាប់អាវុធមិនមែនរដ្ឋដ៏ខ្លាំងក្លាមួយក្នុងតំបន់ដែលកំពុងគ្រប់គ្រង ១ភាគ៣ នៃទឹកដី យេម៉ែនដោយមានការគាំទ្រពីអ៉ីរ៉ង់។ អង្គការសហប្រជាជាតិបានវាយតម្លៃថាហ៊ូទី គិតត្រឹមឆ្នាំ២០២៤ មានក្រុមអ្នកប្រយុទ្ធ ៣៥០ ០០០នាក់។ ចំនួននេះបានកើនឡើងពី៣០ ០០០នាក់ក្នុងឆ្នាំ២០១៥ ជាឆ្នាំដែលអារ៉ាប៊ីសាអូឌីតធ្វើអន្តរាគមន៍យោធាដើម្បីគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលយេម៉ែន ក្នុងសង្រ្គាមស៊ីវិលប្រឆាំងនឹងក្រុមហ៊ូទី។ តាមក្រុមអ្នកជំនាញ បច្ចុប្បន្នក្រុមហ៊ូទីមានទំនាក់ទំនងដែលហុចផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមកជាមួយអ៉ីរ៉ង់ មិនមែនត្រឹមតែជាអាយ៉ងរបស់អ៉ីរ៉ង់ដូចពីមុនទៀតនោះទេ។
បើតាមលោក Andreas Krieg អារ៉ាប៊ីសាអូឌីតកំពុងស្ថិតនៅក្នុងជំហរមួយដ៏លំបាក។ នោះគឺម្ខាងត្រូវតែវាយប្រហារសងសឹកលើក្រុមហ៊ូទី និងម្ខាងទៀតត្រូវតែទប់ស្កាត់កុំឱ្យជម្លោះធ្លាយចេញពីការគ្រប់គ្រង។ លោកបន្ថែមថាជាជាងបញ្ជូនកងទ័ពដោយផ្ទាល់ទៅកាន់ប្រទេសយេម៉ែន អារ៉ាប៊ីសាអូឌីតទំនងជានឹងបន្តបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមហ៊ូទី ក៏ដូចជាបង្កើនការគាំទ្រដល់កងកម្លាំងជាតិនិយម នៅយេម៉ែនដែលប្រឆាំងនឹងក្រុមហ៊ូទី ឬដែលនេះគេហៅថាសង្រ្គាមប្រូកស៊ី៕










