* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរដ្ឋ និងឯកជន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ (Video inside)

15-10-2026 09:21

(ភ្នំពេញ)៖ ១៤ឆ្នាំកន្លងផុតទៅយ៉ាងណាក្តី តែក្តីគោរពដ៏ជ្រាលជ្រៅចំពោះព្រះគុណូបការៈ និងស្នាព្រះហស្ថដ៏​អស្ចារ្យរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បន្តស្ថិតក្នុងក្រអៅបេះដូងរបស់​ប្រជា​ពលរដ្ឋខ្មែរគ្រប់ឋានានុក្រម។ ដូចទៅនឹងរាល់ឆ្នាំដែរ ក្នុងថ្ងៃដែលសម្តេចព្រះបរមរតនកោដ្ឋយាង​ចូល​ទិវង្គត ពោលព្រឹកថ្ងៃទី១៥ ខែតុលា ថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័ននានាទាំងរដ្ឋ និងឯកជន តែងតែ​អញ្ជើញ​​ថ្វាយកម្រងផ្កា និងគោរព​ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋនៅមណ្ឌបព្រះបរមរូប​ស្ថិតលើ​សួន​ច្បារវិមានឯករាជ្យ។

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ នៅមណ្ឌបព្រះបរមរូបសម្តេចព្រះបរមនរតនកោដ្ឋ ថ្នាក់ដឹកនាំនៅ​តាម ក្រសួងស្ថាប័នទាំងរដ្ឋ និងឯកជន បានអញ្ជើញដាក់កម្រងផ្កា សម្រួមចិត្ត លំឱនកាយគោរពព្រះវិញ្ញាណ​ក្ខន្ធ ព្រមទាំងនឹកអាល័យជាប់ជានិច្ចដល់ព្រះរាជសកម្មភាព និងគុណូបការទាំងឡាយពេល​ព្រះអង្គនៅមាន​ព្រះជន្ម បានប្រឹង​ប្រែងអស់ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ មានរយៈពេល១៤ឆ្នាំហើយ ដែលសម្តេចព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែររបស់បានយាងសោយទិវង្គត។ វេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី ១៤ឆ្នាំមុន (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុត សម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់ នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា។

ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។

ស្នាព្រះហស្ថធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា។

ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាត្រូវបានគេចាត់ទុកថាជា «គុជអាស៊ី» ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ។ សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។

គំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារឯករាជ្យពីបារាំង និងស្នាព្រះហស្ថដឹកនាំកសាងសង្គមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឲ្យល្បីរន្ទឺនៅអាស៊ីនោះហើយ ជាការសាងនូវភាពល្បីល្បាញ និងអន្ទងដួងចិត្ត និងបេះដូងរាស្ត្រខ្មែរនៅតែនឹករឭក និងចងចាំគ្មានថ្ងៃបំភ្លេច ដូចពាក្យសុភាសិតខ្មែរមួយឃ្លា បានពោលថា «ទូកទៅ កំពង់នៅ»។ បើទោះបីព្រះកាយរបស់ព្រះអង្គ បានរសាត់បាត់ពីភពផែនដី តែព្រះកិត្តិនាមរបស់ព្រះអង្គ នៅតែបន្តក្រអូបឆ្ងុយឆ្ងប់ក្រាលគ្រប លើផែនពសុធានៃរដ្ឋកម្ពុជា។

ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង៣រសៀល។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។

នៅឆ្នាំ២០២៦នេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅដែរ មន្ត្រីគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យដោយមានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ បុគ្គលិកក្រោមឱវាទចូលរួមឱ្យបានស័ក្តិសមបំផុត។

គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ បានដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោកនានា និងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធទ្រង់។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី ខេត្ត បានដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះអង្គ ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជារាស្រ្តឱ្យចងទង់ជាតិគ្រប់គេហដ្ឋាន ឱ្យបានគ្រប់គ្នាផងដែរ៕