* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន បន្តតាមដានហ្វូងដំរីព្រៃ យ៉ាងយកចិត្តទុកដាក់ ក្រោយកើតមានជម្លោះបណ្តាលឱ្យកុមារា​​ ១នាក់ស្លាប់ និងស្ត្រីរងរបួសធ្ងន់នៅស្រុកជាំក្សាន្ត (Video inside)

15-10-2026 10:48

(ព្រះវិហារ)៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដើម្បីធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ លើរាល់សកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ក្នុងគោលបំណងបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្សនិងសត្វព្រៃ បន្ទាប់ពីមានករណីហ្វូងដំរីព្រៃ បានប៉ះពាល់លើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ នាយប់ថ្ងៃទី១៣ ខែតុលាកន្លងទៅនៅក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា​ បានពិនិត្យតាមដានសកម្មភាពនេះជាមួយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានព្រះវិហារ និងបានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែតុលានេះថា សមត្ថកិច្ច ដែលរួមមានមន្រ្តីឧទ្យានុរក្ស និងកម្លាំងបញ្ជាការកងឯកភាពនៃរដ្ឋបាលស្រុកជាំក្សាន្ត រួមជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានក្បែរកន្លែងដំរីធ្វើដំណើរ បាននឹងកំពុងតាមដាន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារសត្វដំរីព្រៃដែលជាប្រភេទសត្វកម្រនិង មានវិធានការចំពោះមុខផងដែរ។

អ្នកនាំពាក្យក្រសួងបានឱ្យដឹងថា​ ក្រុមការងារបានចុះល្បាត និងតាមដានដានជើង ក៏ដូចជាទិសដៅចល័តរបស់ហ្វូងដំរីទាំងនោះ ដើម្បីដឹងច្បាស់ថា ពួកវាកំពុងស្ថិតនៅតំបន់ណា និងដើម្បីទប់ស្កាត់ កុំឱ្យពួកវាខិតជិតចូលមកកាន់ទីប្រជុំជន ឬចម្ការរបស់ពលរដ្ឋ។ ក្រុមការងារបានបន្តអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ផ្អាកការចូលព្រៃជ្រៅ ឬការបោះជំរំ/រោងស្នាក់នៅបណ្តោះអាសន្ននៅក្នុងតំបន់ព្រៃដែលជាច្រកចល័តរបស់ដំរី។ លើសពីនេះមន្ត្រីជំនាញបានណែនាំពលរដ្ឋអំពីវិធីសាស្ត្របង្ការការពារកុំឱ្យមានជម្លោះជាមួយដំរី ដូចជាការប្រើប្រាស់សំឡេង ឬពន្លឺ ជៀសវាងដាច់ខាតនូវការប្រើប្រាស់អាវុធ ឬឧបករណ៍ ដែលអាចបង្ករបួសស្នាម ឬគ្រោះថ្នាក់ដល់ជីវិតសត្វដំរីព្រៃទាំងនោះ។

តាមការបញ្ជាក់ពីមន្ទីរបរិស្ថាន វត្តមានសត្វដំរីព្រៃនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តែងតែធ្វើការចល័តចុះឡើងរវាងដែនជម្រកសត្វព្រៃនៅតាមបណ្តោយជួរភ្នំដងរ៉ែក ចន្លោះពី១០ទៅ២០ក្បាល។ ជាមួយគ្នានេះក្រុមការងារចម្រុះ កំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមដានយ៉ាងដិតដល់បំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងការអភិរក្សសត្វព្រៃនៅក្នុងតំបន់។

ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋបាលខេត្តព្រះវិហារ បានណែនាំឱ្យអជ្ញាធរមូលដ្ឋានដែលនៅជាប់នឹងដែនអភិរក្ស ជាពិសេសតំបន់ដែលមានវត្តមានដំរីឆ្លងកាត់ និងរកសុី ឲ្យផ្សព្វផ្សាយទូលំទូលាយជូនប្រជាពលរដ្ឋដែលចេញចូលប្រមូលអនុផលព្រៃឈើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងណែនាំឱ្យរៀបចំយន្តការសុវត្តិភាពនៅតាមភូមិឋាន ជាពិសេសរៀបចំប្រព័ន្ធជូនដំណឹងដល់ស្ថាប័នមានសមត្ថកិច្ចឱ្យបាមទាន់ពេលវេលា។

ដោយឡែកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកជំនួយសប្បុរសធម៌ និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារជនរងគ្រោះ និងចូលបុណ្យផងដែរ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោងប្រមាណ ៨:១០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ មានករណីដ៏សោកសង្រេងមួយបានកើតឡើង ដោយមានហ្វូងដំរីព្រៃប្រមាណ៥ ទៅ ៦ក្បាល បានចូលមករុះរើរោងស្នាក់នៅបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់សម្រាប់សម្រាក ដើម្បីរកត្រី នៅចំណុចកញ្ចាំង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឧបទ្ទវហេតុនេះបានត្រូវក្រុមការងារបានជួយសង្រ្គោះ និងបាននាំយកជនរងគ្រោះចំនួន២នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងនោះកុមារាចំនួន១នាក់ អាយុ ១១ឆ្នាំ ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ និងស្ត្រីជាម្តាយ អាយុ ៤៩ ឆ្នាំ រងរបួសធ្ងន់ និងកំពុងសម្រាកនៅមន្ទីរពេទ្យ៕