ពលរដ្ឋនៅខេត្តកែប ត្រេកអរយ៉ាងខ្លាំង ក្រោយអភិបាលខេត្តបានបញ្ចប់វិវាទដីធ្លី ដែលមានជម្លោះរយៈពេល៤ឆ្នាំ រហូតទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់
15-10-2026 13:13
(កែប)៖ ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី មិនត្រឹមតែជាការបញ្ជាក់ពីសិទ្ធិស្របច្បាប់លើអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការនាំមកនូវសេចក្តីសុខ និងភាពកក់ក្តៅដល់គ្រួសារដែលធ្លាប់ប្រឈម នឹងវិវាទអស់រយៈពេលជាច្រើន ឆ្នាំផងដែរ។
នៅខេត្តកែប ប្រជាពលរដ្ឋពាក់ព័ន្ធចំនួន ១១៤គ្រួសារទៀត បានទទួលបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ក្រោយវិវាទដីធ្លីត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ដោយមានការចូលរួមដោះស្រាយពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ ប្រជាពលរដ្ឋទាំង១១៤គ្រួសារ ក្នុងនោះមានទាំងគ្រួសារយោធិន បានបង្ហាញក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានជួយសម្របសម្រួលដោះស្រាយបញ្ហារបស់ពួកគាត់។
នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត សោម ពិសិដ្ឋ បានអញ្ជើញជួបសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋពាក់ព័ន្ធចំនួន ១១៤គ្រួសារ ដែលបានដោះស្រាយបញ្ចប់វិវាទដីធ្លីជាស្ថាពរ។
អភិបាលខេត្តកែប បានចាត់ទុកថា ការទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះបាននាំមកនូវសេចក្តីសោមនស្សរីករាយដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធ ដោយពួកគាត់អាចទទួលបានឯកសារបញ្ជាក់សិទ្ធិកម្មសិទ្ធិ លើដីធ្លីស្របតាមច្បាប់ ក្រោយបញ្ហាវិវាទត្រូវបានដោះស្រាយរួចរាល់។ ការដោះស្រាយនេះធ្វើឡើងស្របតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងចំណោមពលរដ្ឋទាំង១១៤គ្រួសារ, លោក អិន តុលា ជាពលរដ្ឋម្នាក់ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ដោយតំណាងឱ្យក្រុមគ្រួសារថ្លែងអំណរគុណដល់លោក សោម ពិសិដ្ឋ និងមន្ត្រីពាក់ព័ន្ធ ដែលបានជួយអន្តរាគមន៍ និងសម្របសម្រួលបញ្ហាដីធ្លីរបស់ឪពុកលោកដែលបានជាប់ក្នុងវិវាទអស់រយៈពេល ៤ឆ្នាំ មុនពេលទទួលបានបណ្ណកម្មសិទ្ធិស្របតាមច្បាប់។
ករណីនេះបង្ហាញពីសារៈសំខាន់ នៃការសម្របសម្រួល និងដោះស្រាយវិវាទដីធ្លីដោយផ្អែកលើច្បាប់ ដើម្បីជួយឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិស្របច្បាប់លើអចលនទ្រព្យរបស់ខ្លួន និងកាត់បន្ថយបន្ទុកផ្លូវចិត្តដែលបណ្តាលមកពីជម្លោះអូសបន្លាយ។
សម្រាប់ប្រជាពលរដ្ឋដែលបានរង់ចាំដំណោះស្រាយអស់រយៈពេលជាច្រើនឆ្នាំ ការទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះ មិនត្រឹមតែជាការបញ្ចប់វិវាទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្តើមថ្មីមួយដែលផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តក្នុងការកាន់កាប់ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារផងដែរ។
លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ដីធ្លីដែលបានចុះបញ្ជី និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ គឺមានសុវត្ថិភាព និងជាមូលធន ដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ថា «ដីធ្លីបានចុះបញ្ជីមានប័ណ្ណកម្មសិទ្ធិ គឺមានសុវត្ថិភាព និងជាមូលធន»។
លោកក៏បានសម្តែងការអបអរសាទរចំពោះប្រជាពលរដ្ឋ ទាំង ១១៤គ្រួសារ ដែលទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាការធានាសុវត្ថិភាពផ្នែកច្បាប់ និងជួយកាត់បន្ថយការព្រួយបារម្ភពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ។
លើសពីនេះ ប័ណ្ណកម្មសិទ្ធិ ក៏ជាមូលធនដ៏មានតម្លៃ ដែលអាចជួយបង្កើនឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្តកែប ឱ្យកាន់តែប្រសើរឡើងផងដែរ៕























