រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»
15-10-2026 13:16
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ខួបគម្រប់ ១៤ឆ្នាំ (១៥ តុលា ២០១២-២០២៦) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តមសីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅព្រះរាជដំណាក់ ក្រុងសៀមរាប។
ពិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការង កងកម្លាំងប្រដាប់អាវុធ និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។
ព្រមទាំងមានការនិមន្តព្រះសង្ឃ សូត្រមន្ត បង្សុកូល ថ្វាយជូនដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ ដោយមានការនិមន្តចូលរួមពីសំណាក់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះគ្រូចៅអធិការវត្តក្នុងក្រុងសៀមរាបផងដែរ។
ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលទីវង្គត់ ដែលធ្វើឲ្យយើងជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ព្រមទាំងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្ររបស់ព្រះអង្គ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រហស្ថរបស់ព្រះករុណា ដែលបានបន្សល់ទុកនៅសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ។
ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើមី្បបុព្វហេតុជាតិ ក្នុងការទាមទានូវឯករាជ្យជាតិ ពីអាណានិគមបារាំងសេស និងខេត្តមួយចំនួនពីប្រទេសសៀម ព្រមទាំង ប្រាសាទព្រះវិហារ ក្នុងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។
ព្រះវីរៈសកម្មភាពរបស់ព្រះអង្គ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង។ ក្នុងការតបស្នងចំពោះ មហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាង ជូនមាតុភូមិ និងប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គនោះ៕

























