បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
15-10-2026 20:02
(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធី «តម្រង់ទិសគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៦-២០២៧» បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ស្របតាមគោលនយោបាយអាទិភាពទាំង ៦ចំណុច របស់រដ្ឋាភិបាលនីតិកាលទី៧ រាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីជាថ្នាលស្រាវជ្រាវ បណ្ដុះវិទ្យាសាស្ត្រ ដែលគ្រូបង្រៀនទាំងអស់ត្រូវតែបន្តចូលរួមចំណែកកាន់តែសកម្មក្នុងការផ្ទេរចំណេះដឹងប្រកបដោយគរុសភាទៅកាន់និស្សិតដែលកំពុងសិក្សា ដើម្បីសម្រួចគុណភាពធនធានមនុស្សចាប់តាំងពីកម្រិតបរិញ្ញាបត្រឡើងទៅ។
ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ បានរំឭកអំពីប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧កន្លងទៅថា រាជបណ្ឌិត្យសភាកម្ពុជា គឺជាកូនបង្កើតរបស់សម្ដេច ដែលសម្ដេចបានយល់ព្រមឯកភាពឱ្យបង្កើតឡើងវិញ ដើម្បីជំរុញការសិក្សាស្រាវជ្រាវដើម្បីស្វែងរកធាតុចូលជូនក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា ប្រសាសន៍របស់សម្ដេចតេជោ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ និងឆន្ទៈរបស់ថ្នាក់ដឹកនាំនៅក្នុងការជំរុញនិងលើកកម្ពស់វិស័យស្រាវជ្រាវវិទ្យាសាស្ត្រនៅកម្ពុជា។ ហេតុនេះហើយ រាជបណ្ឌិត្យសភាកម្ពុជា តែងតែបានចូលរួមចំណែកជាទស្សនទានជាបន្តបន្ទាប់នៅក្នុងទិដ្ឋភាពទាំងឡាយ និងស្ទើរតែគ្រប់វិស័យរាប់ចាប់តាំងនយោបាយ សេដ្ឋកិច្ច និងសង្គម។
លោកបណ្ឌិត ក៏បានរំលេចផងដែរនូវប្រសាសន៍ការវាយតម្លៃខ្ពស់របស់សម្ដេចវិបុលបញ្ញា សុខ អាន លើដំណើរការអប់រំ និងបណ្ដុះបណ្ដាលរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលសម្ដេចបានឱ្យឈ្មោះស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិមួយនេះ គឺជា «កន្លែងបង្កើតទ័ពស្រាវជ្រាវ»។ នៅក្នុងន័យនេះ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាតែងតែបានពង្រឹងដំណើរការបណ្ដុះបណ្ដាលធនធានមនុស្សគ្រប់កម្រិត ដោយឈរនៅលើគោលការណ៍វិទ្យាសាស្ត្រ និងផ្ដល់ជូនដល់និស្សិតនូវចំណេះដឹងប្រកបដោយគរុសភា ដោយផ្សារភ្ជាប់ជាមួយនឹងក្របសីលធម៌វិជ្ជាជីវៈខ្ពស់។
បើតាមលោកបណ្ឌិត យង់ ពៅ បច្ចុប្បន្នរាជបណ្ឌិត្យសភាកម្ពុជា បានបន្តនូវបេសកកម្មរបស់ខ្លួន ដោយផ្ដោតជាសំខាន់ទៅលើការអប់រំបណ្ដុះបណ្ដាល និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយកំណត់ទិសដៅស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យកចំណុចគន្លឹះអាទិភាពទីមួយ ផ្ដោតទៅលើការអភិវឌ្ឍមូលធនមនុស្ស។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា សង្គមជាតិរីកចម្រើនរឹងមាំបាន គឺអាស្រ័យលើវិទ្យាសាស្ត្របច្ចេកវិទ្យារីកចម្រើនទូលំទូលាយ ហេតុនេះហើយ ធនធានមនុស្សដែលត្រូវបានបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែជាធនធានមនុស្សប្រកបដោយចំណេះដឹងបែបគរុសភា មានមនសិការសង្គម និងអាចរួមចំណែករក្សាបាននូវអត្តសញ្ញាណជាតិខ្មែរដ៏ផូរផង់។
ក្នុងឱកាសនោះលោកបណ្ឌិត យង់ ពៅ បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យទាំងអស់ ចូលរួមជាមួយរាជបណ្ឌិត្យសភាកម្ពុជាឱ្យអស់ពីលទ្ធភាព និងសមត្ថភាព នៅក្នុងការកសាងធនធានមនុស្សដែលមានលក្ខណៈសម្បត្តិពេញលេញ ទាំងចំណេះដឹង ចំណេះដឹងធ្វើ និងមនសិការជាតិ ដែលជាមូលធនមនុស្សប្រកបដោយថាមភាពនៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕







