ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
15-10-2026 21:00
(បាគូ, អាស៊ែបៃហ្សង់)៖ ជំនួបរយៈពេលខ្លីតែមេដឹកនាំកម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន បានជជែកលើបញ្ហាជាច្រើន ជាពិសេសការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីជំរុញដល់ការធ្វើធុរកិច្ច និងវិនិយោគ។
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន។ ជំនួបធ្វើឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ទីដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧។
ក្នុងនេះ លោកប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី។ លោកប្រធានាធិបតីបានបន្តថា ជំនួបនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ និងជាក់ស្តែង សំដៅបន្តពង្រឹង និងពង្រីកទំនាក់នាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក។
ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភ្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, ការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ, អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្នុងជំនាញបញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យា, ទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, ព្រមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរទស្សនកិច្ចផ្លូវការ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្ដែង សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕












