សម្តេចមហាបវរធិបតី និងប្រធានាធិបតីអ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត (Video inside)
15-10-2026 21:23
(បាគូ, អាស៊ែបៃហ្សង់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន បានឯកភាពបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
ក្នុងនេះ លោកប្រធានាធិបតីអ៊ូសបេគីស្ថាន បានសម្តែងក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ព្រមទាំងបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ជំនួបជាមួយសម្ដេចមហាបវរធិបតី នឹងកាន់តែជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចមហាបវរធិបតី បានសម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីអ៊ូសបេគីស្ថាន ព្រមទាំងបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅដល់រដ្ឋាភិបាល និងប្រជាជនអ៊ូសបេគីស្ថាន ក្នុងឱកាសប្រារព្ធខួបឯករាជ្យលើកទី៣៥ របស់អ៊ូសបេគីស្ថាន។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាង ៣ទសវត្សរ៍កន្លងមក និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនទៀត ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត តាមរយៈការលើកកម្ពស់ ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ និងទូលំទូលាយ, ការពង្រឹងយន្តការ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរជាដើម។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, អប់រំ, ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន៕













