ការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ទ័ពថៃ ត្រូវបានលើកក្នុងកិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះឡើយ (Video inside)
16-10-2026 08:45
(បាគូ, អាស៊ែបៃហ្សង់)៖ កិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA ដែលរៀបចំធ្វើឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ជាទីលានមួយទៀត ដែលកម្ពុជា បានប្រើក្នុងការតស៊ូមតិ លាតត្រដាង និងបង្ហាញជំហររបស់កម្ពុជាលើជម្លោះព្រំដែនជាមួយប្រទេសថៃ។ ជំហរដែលកម្ពុជា បានលើកបង្ហាញ គឺការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្តែង (faits accomplis) នោះឡើយ។
សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែលបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី។ អង្គការតំបន់មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ មានរដ្ឋជាសមាជិកចំនួន២៨រួមមាន៖ អាស៊ែបៃហ្សង់ អាហ្វហ្គានីស្ថាន បារ៉ែន បង់ក្លាដែស កម្ពុជា ចិន អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ាឡេស្ទីន កាតា កូរ៉េខាងត្បូង រុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ តួកគី អារ៉ាប់រួម អេមីរ៉ាត អ៊ូសបេគីស្ថាន វៀតណាម និងឡាវ។
ប្រទេសបេឡារុស ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត តូមិននីស្ថាន អ៊ុយក្រែន និងសហរដ្ឋអាមេរិក គឺជារដ្ឋសង្កេតការណ៍របស់អង្គការ។
កិច្ចប្រជុំកំពូលលើកទី៧នៃ CICA ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីមេដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋជាសមាជិក និងរដ្ឋសង្កេតការណ៍។ កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី ហើយក៏មានតំណាងពីប្រទេសថៃដែរ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចពីតួនាទីរបស់ CICA និងបញ្ហាប្រែប្រួលដ៏ស្មុគស្មាញរបស់ពិភពលោកដូចជាការប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា, ជម្លោះអូសបន្លាយ, ការបែកបាក់ផ្នែកសេដ្ឋកិច្ច, ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ កំពុងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តអន្តរជាតិ និងកំពុងសាកល្បងភាពធន់ នៃពហុភាគីនិយម។
ក្រៅពីរំលេចនូវបញ្ហាទាំងនេះ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសកម្មភាពបំពានច្បាប់របស់កងទ័ពថៃ មកដលើបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់កម្ពុជា ក៏មិនត្រូវបានរំលងនោះឡើយ។
សម្តេចមហាបវរធិបតី បានលើកឡើងថា មកទល់ពេលនេះ បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែបន្តគោរពបាន ប៉ុន្តែស្ថានការណ៍នៅតែមានភាពស្មុគស្មាញ។ បញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកងទ័ពថៃ កំពុងកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Declaration) និងសេចក្តីប្រកាសរួម(Joint Statement) នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្តែងនៅលើទីតាំងនៅឡើយ»។
សម្តេចមហាបវរធិបតី បានបញ្ជាក់បន្ថែមថា ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ បានរារាំងប្រជាពលរដ្ឋខ្មែរប្រមាណជាង ២ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។
បើទោះបីជាស្ថានការណ៍នៅតែមានភាពស្មុគស្មាញបែបនេះក៏ដោយ តែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅមេដឹកនាំប្រទេសនានាដែលចូលរួមក្នុងវេទិកានេះ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រម-ព្រៀងទ្វេភាគី ដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំនឿចិត្តថា ការសន្ទនា, ការកាត់បន្ថយភាពតានតឹង, ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេសការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងវិធានការជាក់ស្តែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយជម្លោះប្រកបដោយយុត្តិធម៌, ស្ថិតស្ថេរ និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី៕

















