មេធាវីជាង ១ពាន់នាក់ កំពុងចូលរួមបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៦
16-10-2026 11:04
(ភ្នំពេញ)៖ មេធាវីចំនួន ១,៩៧២នាក់ នៅថ្ងៃតី១៦ ខែតុលា ឆ្នាំ២០២៦នេះ បាននឹងកំពុងចូលរួមបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៦ ស្របពេលដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតលើកទី៣១ យ៉ាងឱឡារិក នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ននេះ មេធាវីមានសិទ្ធិបោះឆ្នោត មានចំនួន ៣,១៨២រូប ខណៈមេធាវី ដែលមានសិទ្ធិបោះឆ្នោតបានអញ្ជើញចូលរួមបោះឆ្នោតចំនួន ១,៩៧២រូប។
ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៦ នឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ១២៖០០ថ្ងៃត្រង់ ទី១៦ ខែតុលានេះ ខណៈលទ្ធផលនឹងត្រូវប្រកាសនៅរសៀលថ្ងៃដដៃល។
សម្រាប់អាណត្តិទី១៦ លោកមេធាវី សាំង វណ្ណៈ បានបន្តឈរឈ្មោះជាបេក្ខភាពប្រធានគណៈមេធាវី ដែលមានលេខរៀងទី១ នៃសន្លឹកឆ្នោតបានដាក់ចេញនូវគោលនយោបាយដឹកនាំចំនួន ១៦ចំណុច ក្រោមមូលបទ រួមគ្នាដើម្បី «វិបុលភាពនៃវិជ្ជាជីវៈមេធាវី» ដែលមានដូចតទៅ៖
*ទី១៖ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌
ទី២៖ ពង្រីកវិសាលភាពការអនុវត្តសិទ្ធិរបស់មេធាវីក្នុងការតំណាង ឬការពារកូនក្ដី ឬអតិថិជនរបស់ខ្លួននៅចំពោះមុខគ្រប់ស្ថាប័ន និងអង្គភាព នៅគ្រប់ដំណាក់កាលនីតិវិធីនៃវិវាទ និងរឿងក្ដីគ្រប់ប្រភេទ
*ទី៣៖ ពង្រឹងយន្តការអប់រំ បង្កើនសមត្ថភាព និងពង្រីកមុខវិជ្ជាបណ្ដុះបណ្តាល ចំពោះសិក្ខាកាមសុក្រឹតការមេធាវី និងសិស្សមេធាវី ស្របតាមការវិវឌ្ឍន៍នៃបទប្បញ្ញត្តិ បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត និងបរិបទសេដ្ឋកិច្ចសង្គម
*ទី៤៖ រៀបចំយន្តការតម្រង់ទិសឱ្យមាន «ឯកទេសកម្មមេធាវី» ស្របតាមគុណវុឌ្ឍជំនាញ និងបទពិសោធន៍ ដើម្បីឆ្លើយតបនឹងវឌ្ឍនភាពសង្គម
*ទី៥៖ រៀបចំកែសម្រួល «វិធានគ្រប់គ្រងវិជ្ជាជីវៈមេធាវី» និងសេចក្តីសម្រេចនានា ស្របតាមការវិវត្តន៍ជាក់ស្ដែង នៃវិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌
*ទី៦៖ បន្តរៀបចំ និងធ្វើទំនើកម្ម «រដ្ឋបាលឌីជីថលរបស់គណៈមេធាវី» ឱ្យមានប្រសិទ្ធភាព និងលឿន ឆាប់រហ័ស ក្នុងការផ្តល់សេវាកម្ម ចរន្តការរដ្ឋបាល ការផ្សព្វផ្សាយ និងប្រមូលផ្តុំបណ្ដុំឯកសារផ្សេងៗ ជូនដល់សហភាតា ស្របតាមការវិវត្តន៍នៃសង្គមឌីជីថល
ទី៧៖ ពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពចំពោះការសុំចូលប្រកវិជ្ជាជីវៈមេធាវីដោយឈរលើគោលការណ៍ដែលមានចែងក្នុងវិធានវិជ្ជាជីវៈ គុណវល្លិ តម្លាភាព និងសំដៅធានាបាននូវវិបុលភាពនៃវិជ្ជាជីវៈ
ទី៨៖ បង្កើនមូលនិធិ «បេឡាពិសេស» សម្រាប់ផ្តល់ប្រាក់កម្រៃដល់មេធាវីការពារក្តីជូនជនក្រីក្រ ជនងាយរងគ្រោះ ឬជនដែលច្បាប់តម្រូវជាកាតព្វកិច្ចឱ្យមានមេធាវីការពារដែលពុំមានលទ្ធភាពពឹងពាក់មេធាវីដោយខ្លួនឯងបាន
*ទី៩៖ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសាធារណៈ និងឯកជន ដើម្បីពង្រីកវិសាលភាពការងារជូនសហភាតា
ទី១០៖ ពិនិត្យ និងចាត់វិធានការនានា ប្រឆាំងនឹងសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្ល និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី
ទី១១៖ ជំរុញកិច្ចសហប្រតិបត្តិការជាមួយនគរបាលយុត្តិធម៌ ក្នុងការប្រកបវិជ្ជាជីវៈ និងស្នើសុំឱ្យមាន «បន្ទប់មេធាវីសម្រាប់ជួបសន្ទនាជាមួយជនសង្ស័យ» តាំងនៅតាមស្ថាប័ន/អង្គភាពនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នងការដ្ឋាននគរបាល និងបញ្ហាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត
ទី១២៖ ពង្រីកវិសាលភាពសេវាមេធាវីដល់តំបន់ដាច់ស្រយាល សម្រាប់ពិគ្រោះយោបល់ តំណាង និងការពារក្តីជូនជនក្រីក្រ ជនងាយរងគ្រោះ និងជនដែលច្បាប់តម្រូវជាកាតព្វកិច្ចឱ្យមានមេធាវីការពារ ដែលពុំមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយខ្លួនឯងបាន
ទី១៣៖ បង្កើនកិច្ចសហប្រត្តិការជាតិ អន្តរជាតិ ដើម្បីកសាងគុណភាព សមត្ថភាព បច្ចេកទេស និងគុណតម្លៃវិជ្ជាជីវៈមេធាវីកម្ពុជា លើឆាកអន្តរជាតិ ក្នុងបរិបទសាកលភាវូបនីយកម្ម
ទី១៤៖ បន្តអនុវត្ត និងពង្រីកគោលនយោបាយសុខុមាលភាពជូនសហភាតា និងបុគ្គលិកគណៈមេធាវី
ទី១៥៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនភាតរភាពក្នុងរង្វង់គ្រួសារគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
និងទី១៦៖ អនុវត្តគោលនយោបាយសំខាន់ៗរបស់អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា៕













































