* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចុះឈ្មោះបោះឆ្នោតនៅខេត្តក្រចេះ និងអំពាវនាវឱ្យពលរដ្ឋពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ក្រោមជាតិ

16-10-2026 13:00

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសាលាសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដោយមានការចូលរួមចុះឈ្មោះបោះឆ្នោតពីក្រុមការងារអមដំណើរផងដែរ ។

ការចុះឈ្មោះបោះឆ្នោត គឺជាការចូលរួមអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត ព្រមទាំងបង្ហាញពីសារៈសំខាន់នៃការពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីធានាថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមច្បាប់កំណត់។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ មានគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព តាមរយៈការងារសំខាន់ៗ រួមមាន៖

ទី១៖ ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត ដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងអ្នកដែលបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ផ្សេង ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវតាមនីតិវិធី។

ទី២៖ ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ រួមមាន ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ព្រមទាំងប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ថ្មី។ ប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះនៅឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យ ដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីដែល គ.ជ.ប បានកំណត់។

ទី៣៖ ការកែតម្រូវទិន្នន័យជីវប្រវត្តិរបស់អ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។

ទី៤៖ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួមមានការថតរូប និងការផ្តិតស្នាមម្រាមដៃ សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនទាន់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងត្រៀមឯកសារចាំបាច់ឱ្យបានគ្រប់គ្រាន់ ដើម្បីចុះឈ្មោះ ឬកែតម្រូវទិន្នន័យតាមនីតិវិធី និងក្នុងរយៈពេលដែលបានកំណត់។

សូមប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែទិន្នន័យរបស់ខ្លួនដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតកត់ត្រាមិនត្រឹមត្រូវ ឬទើបបានទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព អ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ (អ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អញ្ជើញទៅស្នើសុំកែតម្រូវ ធ្វើបច្ចុប្បន្នភាព ឬចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០ នាទី។ ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៤ លើក គឺនៅថ្ងៃទី១១ និងថ្ងៃទី២៩ ខែតុលា ថ្ងៃទី៩ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងបង្ហោះនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH៕