* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តព្រះវិហារ៖ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន ជាមូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏រឹងមាំ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងកិត្តិយសវិជ្ជាជីវៈគ្រូបង្រៀន

16-10-2026 15:00

​(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ជាមូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏រឹងមាំក្នុងការលើកកម្ពស់គុណភាពអប់រំ និងកិត្តិយសវិជ្ជាជីវៈគ្រូបង្រៀន។

ការថ្លែងលើកឡើងរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» នៅសាលាស្រុករវៀង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុករវៀង ព្រមទាំងលោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀត។

​នៅក្នុងឱកាសនោះលោក គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារអប់រំក្នុងខេត្ត ជាពិសេសការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស។

លោកថា ជាក់ស្តែងក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ កន្លងទៅ ស្រុករវៀងទទួលបានសិស្សនិទ្ទេស A ចំនួន ២នាក់ (វិទ្យាល័យរវៀង ១នាក់ និងវិទ្យាល័យភ្នំដែក ១នាក់) ក្នុងចំណោមសិស្សនិទ្ទេស A ទូទាំងខេត្ត ៤នាក់ ហើយវិទ្យាល័យរក្សា ទទួលបានលទ្ធផលសិស្សប្រឡងជាប់ ១០០%។

​លោក គីម រិទ្ធី បានថ្លែងគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» បានចាត់ទុក «ការអភិវឌ្ឍធនធានមនុស្ស» ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)។

​អភិបាលខេត្ត បានថ្លែងបន្ថែមថា អង្គគ្រូបង្រៀន គឺជាកម្លាំងចលករ ដ៏មានឥទ្ធិពល និងមិនអាចខ្វះបានក្នុងការចូលរួមសម្រេចបាននូវចក្ខុវិស័យខាងលើនេះ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានគិតគូរយកចិត្តទុកដាក់ខ្ពស់ លើអង្គគ្រូបង្រៀនដោយបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ សូមព្រះហស្តលេខាលើ «ព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ដើម្បីជាមូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏រឹងមាំ មួយក្នុងគោលបំណង៖

*ប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំឱ្យមានប្រសិទ្ធភាព និង គុណភាព៖ តាមរយៈការបង្កើត «អង្គគ្រូបង្រៀន» ដែល គ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី ធានាបាននូវតម្លាភាព យុត្តិធម៌ និងកិត្តិយសវិជ្ជាជីវៈ។

*រៀបចំរចនាសម្ព័ន្ធក្របខ័ណ្ឌ មុខតំណែង និងគន្លងអាជីព ច្បាស់លាស់៖ កំណត់នូវមុខតំណែងវិជ្ជាជីវៈ និងមុខតំណែង គ្រប់គ្រង និងការបែងចែកប្រភេទក្របខណ្ឌគ្រូបង្រៀន ដើម្បី លើកទឹកចិត្ត រក្សាទុក និងទាក់ទាញអ្នកមានសមត្ថភាព។

*ពង្រឹងគុណវុឌ្ឍ និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ជាប្រចាំ៖ ដោយតម្រូវឱ្យបុគ្គលិកអប់រំទាំងអស់ឆ្លងកាត់វគ្គបណ្តុះបណ្តាលគរុកោសល្យ ឬវគ្គតម្រង់ទិស និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីធ្វើបច្ចុប្បន្នកម្មចំណេះដឹង និងលើកកម្ពស់សមិទ្ធកម្ម ការងារ។

*ពង្រឹងការបម្រើសេវាអប់រំ នៅថ្នាក់ក្រោមជាតិ៖ កំណត់អំពីវិសាលភាព និងសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុង ការគ្រប់គ្រង វាយតម្លៃ និងលើកកម្ពស់គុណភាពការងារគ្រូបង្រៀន ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាបន្ន នៅទូទាំងខេត្តព្រះវិហារ។

​ដើម្បីឱ្យការអនុវត្តព្រះរាជក្រឹត្យនេះ និងការគ្រប់គ្រងវិស័យអប់រំទទួលបានជោគជ័យខ្ពស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងផ្តល់អនុសាសន៍ និងផ្តាំផ្ញើសំខាន់ៗចំនួន៣ ចំណុចរួមមាន៖

១. ចំពោះលោកគ្រូ អ្នកគ្រូ និងសិក្ខាកាម៖ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ ពិភាក្សាដោះដូរមតិយោបល់ឱ្យបានសកម្ម ដើម្បីយល់ដឹងជ្រាលជ្រៅអំពីសិទ្ធិ កាតព្វកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងនាំយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយ និងអនុវត្តនៅតាមគ្រឹះស្ថានសិក្សា។

២.ចំពោះរដ្ឋបាលស្រុក និងការិយាល័យអប់រំស្រុក៖ ត្រូវបន្តសហការជិតស្និទ្ធជាមួយមន្ទីរជំនាញ ក្នុងការគ្រប់គ្រង ការវាយតម្លៃ និងការលើកកម្ពស់គុណវុឌ្ឍបុគ្គលិកអប់រំដោយស្មោះត្រង់ និងយុត្តិធម៌។

៣. ចំពោះមន្ទីរអប់រំ មន្ទីរមុខងារសាធារណៈ និងភាគីពាក់ព័ន្ធ៖ ត្រូវធ្វើជាសេនាធិការរៀបចំផែនការសមាហរណកម្មក្របខ័ណ្ឌ បញ្ជីដំឡើងថ្នាក់-ឋានន្តរសក្តិ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីត្រៀមលក្ខណៈអនុវត្តព្រះរាជក្រឹត្យនេះឱ្យបានពេញលេញ៕