អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីបុណ្យសព និងសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពឧបាសក ឡាយ ចេងលៀង អតីតប្រធានមន្ទីរព័ត៌មានខេត្ត
16-10-2026 15:54
(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ឧបាសក ឡាយ ចេងលៀង អតីតប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦:៤០នាទីល្ងាច ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏ប្រកបដោយក្តីកតញ្ញូ និងក្តីក្តុកក្តួលនោះ លោក ខូយ រីដា បានមានប្រសាសន៍សំណេះសំណាល និងសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាឡ័យជាពន់ពេក ជាមួយ លោកស្រី ឈឹម សាមឿន ត្រូវជាភរិយា ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ និងចៅៗទាំងអស់នៃសព។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការបាត់បង់ ឧបាសក ឡាយ ចេងលៀង មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីដូនជីតាដ៏ប្រពៃ ប្រកបដោយព្រហ្មវិហារធម៌នៅក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវអតីតថ្នាក់ដឹកនាំ មន្ត្រីរាជការចាស់ទុំដ៏មានស្នាដៃមួយរូបរបស់ខេត្តពោធិ៍សាត់ ដែលធ្លាប់បានខិតខំបំពេញភារកិច្ច បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានបន្សល់ទុកនូវសមិទ្ធផល ក៏ដូចជាស្នាដៃជាច្រើន ក្នុងវិស័យព័ត៌មាន និងសង្គមស៊ីវិលក្នុងខេត្តនាពេលកន្លងមក។
លោកអភិបាលខេត្ត ក៏បានបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា និងសូមឱ្យដួងវិញ្ញាណក្ខន្ធ ឧបាសក ឡាយ ចេងលៀង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យសព ត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិកែវសុវណ្ណលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ខាងជើងវត្តកែវសុវណ្ណ ចម្ងាយប្រហែល ១០០ម៉ែត្រ)។
ចំពោះកម្មវិធីបុណ្យខួបគម្រប់៧ថ្ងៃ នឹងប្រារព្ធធ្វើឡើងដូចតទៅ៖
*ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ (រសៀល)៖ ជួបជុំញាតិមិត្ត និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។
*ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ (ព្រឹក)៖ ប្រគេនយាគូ សម្តែងធម៌ទេសនា និងវេរភត្តាហារប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។
ក្រុមគ្រួសារនៃសព សូមគោរពអញ្ជើញ លោកឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា អស់លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ និងពុទ្ធបរិស័ទទាំងអស់ អញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ឡាយ ចេងលៀង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





















