កម្ពុជា ប្រារព្ធទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ នៅខេត្តរតនគិរី
16-10-2026 16:28
(រតនគិរី)៖ លោករដ្ឋលេខាធិការ កែវ អូម៉ាលីស្ស តំណាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ នៅក្រុងបានលុង ខេត្តរតនគិរី។
ទិវានេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, លោក ឌុច ចាន់តូ អភិបាលខេត្តស្តីទីខេត្តរតនគិរី លោកស្រី រេប៊ែកកា ប៊ែល តំណាង(FAO) លោក ហ្វ៊ូមិស៊ូគូ តូស៊ូ នាយករងនៃកម្មវិធីស្បៀងអាហារពិភពលោក WFP ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ។
លោកស្រីអនុរដ្ឋលេខាធិការ ចាន់ ផលលឿន បានសម្តែងក្តីសោមនស្សរីករាយក្នុងការចូលរួមកម្មវិធីនេះ និងលើកទឹកចិត្តដល់អង្គពិធីបន្តយកចិត្តទុកដាក់លើការធានាបានសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួន ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ការធ្លាក់ចុះគុណភាពដី និងពិនិត្យលទ្ធភាពឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ ជាពិសេសការផលិតឱ្យស្របនឹងតម្រូវការទីផ្សារ កាត់បន្ថយថ្លៃដើមផលិតកម្ម និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ស្ថិតក្រោមមូលបទ «នវានុវត្តន៍ថ្ងៃនេះ ដើម្បីជីវភាពកាន់តែប្រសើរនៅថ្ងៃអនាគត» លោករដ្ឋលេខាធិការ មានសេចក្តីសោមនស្សជាអនេកក្នុងការអញ្ជើញជាអធិបតីក្នុងពិធីនេះ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹក និងបំផុសស្មារតីរួមគ្នានៅទូទាំងសកលលោក អំពីសារសំខាន់នៃការធានាសន្តិសុខស្បៀង អាហាររូបត្ថម្ភ និងការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន។
លោករដ្ឋលេខាធិការ ក៏បានលើកឡើងពី «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកសិកម្ម ការធានាបានសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ និងចីរភាពបរិស្ថាន ដែលក្រសួងកសិកម្ម បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយអាទិភាព ក្នុងការដាក់ពង្រាយ មន្ត្រីកសិកម្មឃុំ និងការចងក្រង «សហគមន៍កសិកម្មទំនើប» សំដៅជួយឱ្យបងប្អូនកសិករមានទីផ្សារច្បាស់លាស់ និងទទួលបានប្រាក់ចំណេញខ្ពស់។
ជាទីបញ្ចប់ លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គការ(FAO) អង្គការ(WFP) អង្គការដៃគូពាក់ព័ន្ធ និងអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងឧបត្ថម្ភស្បៀង និងអាហារូបត្ថម្ភដល់ជនងាយរងគ្រោះ និងសហគមន៍ទូទាំងប្រទេសកម្ពុជា ជាពិសេសការសហការ និងគាំទ្រទាំងបច្ចេកទេស និងឧបត្ថម្ភសម្ភារក្នុងការជួយរៀបចំទិវានេះឱ្យមានដំណើរការប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕


























