* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (Video inside)

16-10-2026 16:44

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំកំពូល CICA លើកទី៧ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះរួមមាន ការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យា។

Fresh Exclusive មានបទវិភាគស៊ីជម្រៅមួយ ជុំវិញសារយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រីកម្ពុជា និងបញ្ហាប្រឈមក្នុងការប្រែក្លាយការប្តេជ្ញាចិត្តទៅជាលទ្ធផលជាក់ស្តែង៖

ព្រំដែនរបស់ប្រទេសមួយ អាចត្រូវបានរំលោភដោយកម្លាំងយោធា ខណៈឧក្រិដ្ឋកម្មឆ្លងដែន អាចជ្រៀតចូលប្រទេសមួយដោយមិនចាំបាច់ប្រើកងទ័ពឡើយ។ ទោះបីបញ្ហាទាំងពីរនេះមានលក្ខណៈខុសគ្នាក៏ដោយ ក៏វាបង្កើតជាសំណួររួមមួយថា៖ តើរដ្ឋមួយអាចការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងដូចម្តេច ខណៈដែលការធានាសន្តិសុខជាតិ កាន់តែត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ?

សំណួរនេះកាន់តែមានសារៈសំខាន់សម្រាប់កម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាពីរក្នុងពេលតែមួយ គឺវិវាទព្រំដែនជាមួយថៃ និងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលមានលក្ខណៈឆ្លងដែន។

*សារពីរនៅក្នុងយុទ្ធសាស្ត្រតែមួយ
នៅក្នុងសុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកយកបញ្ហាទាំងពីរនេះមកបង្ហាញ ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។

ការវិភាគសុន្ទរកថានេះ បង្ហាញពីជំហរយុទ្ធសាស្ត្រពីរដែលមានទំនាក់ទំនងគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា៖ ទីមួយ ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីតាមរយៈច្បាប់អន្តរជាតិ ជាជាងការប្រើកម្លាំង និងទីពីរ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ។

ប៉ុន្តែសំណួរដ៏សំខាន់មួយទៀត ដែលសហគមន៍អន្តរជាតិចង់ឃើញចម្លើយតាមរយៈសកម្មភាពជាក់ស្តែងនោះ គឺថា៖ តើកម្ពុជាអាចប្រែក្លាយគោលការណ៍ទាំងនេះ ទៅជាលទ្ធផលជាក់ស្តែងបានយ៉ាងដូចម្តេច? ជាពិសេសក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃដោយសន្តិវិធី និងការបំបែកបណ្តាញឧក្រិដ្ឋកម្ម Online Scams ដែលមានលក្ខណៈឆ្លងដែន។

*ព្រំដែន៖ ការកាន់កាប់ជាក់ស្តែង មិនស្មើនឹងអធិបតេយ្យភាពស្របច្បាប់
សារដែលមានទម្ងន់ផ្នែកច្បាប់អន្តរជាតិក្នុងសុន្ទរកថារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺការបញ្ជាក់ថា៖ «ព្រំដែន និងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្តែងឡើយ»៖
(Borders and sovereignty must never be altered by force or faits accomplis.)

សារនេះឆ្លុះបញ្ចាំងពីគោលការណ៍សំខាន់មួយនៃច្បាប់អន្តរជាតិ គឺ ការកាន់កាប់ទឹកដីជាក់ស្តែង មិនមានន័យថាទទួលបានអធិបតេយ្យភាពស្របច្បាប់ដោយស្វ័យប្រវត្តិទេ។

ក្នុងច្បាប់អន្តរជាតិ ការដែលកងទ័ពរបស់រដ្ឋមួយចូលកាន់កាប់តំបន់ណាមួយ មិនអាចយកមកធ្វើជាមូលដ្ឋានគ្រប់គ្រាន់ដើម្បីអះអាងសិទ្ធិអធិបតេយ្យភាពលើតំបន់នោះបានទេ។ សិទ្ធិលើទឹកដីត្រូវពិនិត្យតាមមូលដ្ឋានច្បាប់ ដូចជា សន្ធិសញ្ញា ផែនទីដែលមានតម្លៃជាភស្តុតាងផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធផ្សេងទៀត។

សម្រាប់វិវាទព្រំដែនកម្ពុជា–ថៃ សន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ព្រមទាំងផែនទី និងឯកសារព្រំដែនពាក់ព័ន្ធ គឺជាមូលដ្ឋានសំខាន់ក្នុងការពិនិត្យសិទ្ធិរបស់ភាគីនីមួយៗ។ ចំណែកសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងសាលក្រមបកស្រាយឆ្នាំ២០១៣ មានសារៈសំខាន់ចំពោះវិវាទប្រាសាទព្រះវិហារ ប៉ុន្តែមិនមានន័យថា តុលាការបានកំណត់ព្រំដែនទាំងមូលរវាងកម្ពុជា និងថៃរួចហើយនោះទេ។

នៅចំពោះមុខកិច្ចប្រជុំកំពូល CICA សម្តេចធិបតីបានបង្ហាញក្តីបារម្ភរបស់កម្ពុជា ចំពោះតំបន់ដែលសម្តេចអះអាងថា កងទ័ពថៃកំពុងកាន់កាប់នៅជ្រៅក្នុងទឹកដីកម្ពុជា។ ការលើកឡើងនេះបង្ហាញពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តទាមទារឱ្យដោះស្រាយបញ្ហាទឹកដីដោយផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀងដែលមានជាធរមាន ជាជាងការទទួលយកស្ថានភាពដែលកើតចេញពីការប្រើកម្លាំង។

ក្នុងបរិបទនេះ ការកំណត់ស្ថានភាពផ្លូវច្បាប់នៃតំបន់ជាក់លាក់នីមួយៗ នៅតែត្រូវការការពិនិត្យភស្តុតាងព្រំដែន និងឯកសារផ្លូវច្បាប់ពាក់ព័ន្ធ។

*បទឈប់បាញ់ និង JBC៖ ពីការបញ្ឈប់សង្គ្រាម ទៅរកការដោះស្រាយបញ្ហាស្នូល
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែបន្តគោរពបាន ប៉ុន្តែស្ថានការណ៍នៅតែមានភាពស្មុគស្មាញ។ បញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ»។

“The ceasefire between Cambodia and Thailand continues to hold, but the situation remains complex. The core issues—territorial integrity and sovereignty under international law and existing agreements—remain unresolved.”
សារនេះបង្ហាញពីភាពខុសគ្នារវាង ការបញ្ឈប់ការប្រយុទ្ធ និងការដោះស្រាយមូលហេតុនៃជម្លោះ។ បទឈប់បាញ់ អាចទប់ស្កាត់ការបាត់បង់ជីវិត ប៉ុន្តែមិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែន ឬការទទួលស្គាល់អធិបតេយ្យភាពរបស់ភាគីណាមួយឡើយ។ ការរក្សាស្ថានភាពយោធានៅលើទីតាំង ក៏មិនមានន័យថាព្រំដែនស្របច្បាប់ត្រូវបានផ្លាស់ប្តូរដែរ។

ហេតុនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) មានតួនាទីសំខាន់ក្នុងការដោះស្រាយវិវាទដោយផ្អែកលើសន្ធិសញ្ញា ផែនទី និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ជាជាងការប្រើកម្លាំង។

សម្តេចធិបតីបានបញ្ជាក់ថា ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀង បានរារាំងប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ នេះបង្ហាញថា វិវាទព្រំដែនមិនត្រឹមតែជាបញ្ហាអធិបតេយ្យភាពទេ ប៉ុន្តែជាបញ្ហាមនុស្សធម៌ផងដែរ។

សម្រាប់កម្ពុជា ការរក្សាបទឈប់បាញ់ និងការជំរុញការងារ JBC ត្រូវដើរទន្ទឹមគ្នា ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងស្វែងរកដំណោះស្រាយព្រំដែនប្រកបដោយយុត្តិធម៌។

អត្ថន័យសំខាន់ក្នុងនេះគឺថា បទឈប់បាញ់អាចបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែមិនអាចបញ្ចប់វិវាទអធិបតេយ្យភាពបានឡើយ។ ដំណោះស្រាយយូរអង្វែងត្រូវការច្បាប់ ភស្តុតាង និងការអនុវត្តកិច្ចព្រមព្រៀងដោយស្មោះត្រង់ពីភាគីទាំងពីរ។

*Online Scams៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវដើរទន្ទឹមនឹងការគោរពអធិបតេយ្យភាព
ក្រៅពីបញ្ហាព្រំដែន ដែលកម្ពុជាសង្កត់ធ្ងន់លើការការពារបូរណភាពទឹកដីតាមរយៈច្បាប់អន្តរ ជាតិជាជាងការប្រើកម្លាំងយោធា, ក្នុងបញ្ហា Online Scams នោះវិញ កម្ពុជា បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «នៅក្នុងពិភពលោកដែលកាន់តែមានភាពរីកចម្រើនផ្នែកឌីជីថល ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត កាន់តែមានភាពស្មុគស្មាញ និងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយសកម្មភាពរបស់ប្រទេសណាមួយតែឯកឯងបានឡើយ»។

“In an increasingly digital world, cybercrime, online fraud, and scams related to transnational criminal activities are becoming more sophisticated and cannot be effectively addressed by any single country acting alone.”
ហេតុអ្វីកិច្ចសហប្រតិបត្តិការអន្តរជាតិចាំបាច់? ព្រោះបណ្តាញ Online Scams អាចមានអ្នកដឹកនាំនៅប្រទេសមួយ ជនរងគ្រោះនៅប្រទេសមួយទៀត និងលំហូរប្រាក់ឆ្លងកាត់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ការបង្ក្រាបក្នុងប្រទេសតែមួយ មិនអាចបំបែកបណ្តាញឧក្រិដ្ឋកម្មទាំងមូលបានដោយងាយឡើយ ប្រសិនបើគ្មានការចែករំលែកព័ត៌មាន ការស៊ើបអង្កេតរួម និងកិច្ចសហការផ្នែកច្បាប់។

ទោះជាយ៉ាងណា កិច្ចសហប្រតិបត្តិការមិនមានន័យថា រដ្ឋមួយមានសិទ្ធិចូលអនុវត្តច្បាប់ក្នុងទឹកដីរដ្ឋមួយទៀតដោយឯកតោភាគីនោះទេ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖
«កិច្ចសហប្រតិបត្តិការបែបនេះគួរតែត្រូវបានអនុវត្ត ដោយគោរពយ៉ាងពេញលេញនូវអធិបតេយ្យជាតិ, ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ»។

“Such cooperation should be pursued with full respect for national sovereignty, international law, and the United Nations Charter, and should remain focused on fostering practical cooperation and mutual trust, rather than geopolitical rivalry.”
សារនេះបង្ហាញពីគោលការណ៍ពីរដែលត្រូវដើរទន្ទឹមគ្នា៖ ការគោរពអធិបតេយ្យភាពមិនអាចក្លាយជាលេសសម្រាប់គេចវេះពីកាតព្វកិច្ចប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបានឡើយ។ ផ្ទុយទៅវិញ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ក៏មិនអាចយកធ្វើជាលេសសម្រាប់ការជ្រៀតជ្រែក ឬការប្រើកម្លាំងរំលោភអធិបតេយ្យភាពរបស់ប្រទេសដទៃបានដែរ។

ដូច្នេះ អធិបតេយ្យភាពមិនមែនមានតែសិទ្ធិការពារទឹកដីប៉ុណ្ណោះទេ ប៉ុន្តែភ្ជាប់ជាមួយទំនួលខុសត្រូវរបស់រដ្ឋក្នុងការអនុវត្តច្បាប់ និងសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

*ពីសន្និសីទភ្នំពេញដល់ CICA៖ ទំនុកចិត្តអន្តរជាតិត្រូវការលទ្ធផលជាក់ស្តែង
សាររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងបាគូ គឺជាការបន្តជំហរដែលសម្តេចបានប្រកាសនៅសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំង Online Scams ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣–២៤ ខែកញ្ញា ឆ្នាំ២០២៦ ថា កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់បណ្តាញឆបោកអនឡាញឡើយ។

នៅកិច្ចប្រជុំកំពូល CICA សម្តេចបានរំលឹកដល់សន្និសីទភ្នំពេញ និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ការភ្ជាប់វេទិកាទាំងពីរនេះ បង្ហាញពីបំណងរបស់កម្ពុជា ក្នុងការក្លាយជាដៃគូសកម្មនៃការដោះស្រាយបញ្ហា Online Scams ជាជាងគ្រាន់តែជាប្រទេសដែលរងការរិះគន់ពីបញ្ហានេះ។

ទោះជាយ៉ាងណា ការប្តេជ្ញាចិត្តត្រូវបញ្ជាក់ដោយលទ្ធផលជាក់ស្តែង ដូចជា ការបំបែកបណ្តាញឧក្រិដ្ឋកម្ម ការនាំអ្នកដឹកនាំបណ្តាញមកផ្តន្ទាទោស ការរឹបអូសទ្រព្យសម្បត្តិខុសច្បាប់ និងការការពារជនរងគ្រោះ។

សេចក្តីសន្និដ្ឋាន៖ ការពារអធិបតេយ្យភាព និងបំពេញទំនួលខុសត្រូវអន្តរជាតិ
សុន្ទរកថារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅកិច្ចប្រជុំកំពូល CICA បង្ហាញពីជំហរពីរដែលមានគោលការណ៍រួមតែមួយ៖ ការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ។

ក្នុងវិវាទព្រំដែន កម្ពុជាជ្រើសរើសការដោះស្រាយតាមច្បាប់ ជាជាងការប្រើកម្លាំងយោធា។ ចំណែកការប្រយុទ្ធប្រឆាំង Online Scams កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ។
ច្បាស់ណាស់ តម្លៃនៃគោលការណ៍ទាំងនេះ ត្រូវវាស់វែងតាមលទ្ធផលជាក់ស្តែង ទាំងការដោះស្រាយវិវាទព្រំដែន ការការពារប្រជាពលរដ្ឋ និងការបំបែកបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។

មេរៀនសំខាន់ក្នុងប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នៅក្រុងបាគូ ក្នុងប្រទេស អាស៊ែបៃហ្សង់ គឺ៖ អធិបតេយ្យភាព ត្រូវការការការពារតាមច្បាប់ ខណៈសន្តិសុខឆ្លងដែនត្រូវការកិច្ចសហប្រតិបត្តិការ។ ការគោរពអធិបតេយ្យភាព និងការបំពេញទំនួលខុសត្រូវអន្តរជាតិ ត្រូវដើរទន្ទឹមគ្នា៕