លោក សាំង វណ្ណៈ ត្រូវជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៦ ដោយសំលេងឆ្នោតលើសលប់ ៩៩.៨ភាគរយ
16-10-2026 17:01
(ភ្នំពេញ)៖ លោក សាំង វណ្ណៈ អត្តលេខ៣៥៧ ត្រូវបានជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៦ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់សមាជិក សមាជិកាគណៈមេធាវីចំនួន ៣ ០៧១នាក់ ស្មើនឹង ៩៩.៨ភាគរយ នៃចំនួនសមាជិកមេធាវីមានសិទ្ធិបោះឆ្នោតសរុប ៣ ០៧៨នាក់។
សម្រាប់អាណត្តិទី១៦នេះ គឺមានរយៈពេល៣ឆ្នាំ ខណៈអាណត្តិមុនៗ មានរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ។ ចំពោះការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីអាណត្តិទី១៦នេះ គឺបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងសកម្មពីសំណាក់មេធាវីទូទាំងប្រទេស ដែលមានសិទ្ធិបោះឆ្នោត។
មុនជាប់ឆ្នោតជាប្រធានគណៈមេធាវីអាណត្តិទី១៦ លោកមេធាវី សាំង វណ្ណៈ បានកាន់តំណែងជាប្រធានគណៈមេធាវី អាណត្តិទី១៥។ ដូច្នេះ សម្រាប់លទ្ធផលបោះឆ្នោតផ្លូវការនេះ គឺបានឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត និងការគាំទ្រយ៉ាងមុតមាំពីសំណាក់សមាជិក សមាជិការបស់គណៈមេធាវី ចំពោះសមត្ថភាព និងចក្ខុវិស័យរបស់លោកមេធាវី សាំង វណ្ណៈ ក្នុងការដឹកនាំស្ថាប័នដ៏សំខាន់នេះ។
ក្នុងនាមជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៦ លោកមេធាវី សាំង វណ្ណៈ ត្រូវបានគេរំពឹងថានឹងបន្តពង្រឹងវិស័យច្បាប់ និងលើកកម្ពស់វិជ្ជាជីវៈមេធាវីនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោកមេធាវី សាំង វណ្ណៈ បានដាក់ចេញនូវគោលនយោបាយដឹកនាំចំនួន ១៦ចំណុច ក្រោមមូលបទ រួមគ្នាដើម្បី «វិបុលភាពនៃវិជ្ជាជីវៈមេធាវី» ដែលមានដូចតទៅ៖
*ទី១៖ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌
ទី២៖ ពង្រីកវិសាលភាពការអនុវត្តសិទ្ធិរបស់មេធាវីក្នុងការតំណាង ឬការពារកូនក្ដី ឬអតិថិជនរបស់ខ្លួននៅចំពោះមុខគ្រប់ស្ថាប័ន និងអង្គភាពនៅគ្រប់ដំណាក់កាលនីតិវិធីនៃវិវាទ និងរឿងក្ដីគ្រប់ប្រភេទ
*ទី៣៖ ពង្រឹងយន្តការអប់រំ បង្កើនសមត្ថភាព និងពង្រីកមុខវិជ្ជាបណ្ដុះបណ្តាល ចំពោះសិក្ខាកាមសុក្រឹតការមេធាវី និងសិស្សមេធាវី ស្របតាមការវិវឌ្ឍន៍នៃបទប្បញ្ញត្តិ បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត និងបរិបទសេដ្ឋកិច្ចសង្គម
*ទី៤៖ រៀបចំយន្តការតម្រង់ទិសឱ្យមាន «ឯកទេសកម្មមេធាវី» ស្របតាមគុណវុឌ្ឍជំនាញ និងបទពិសោធន៍ ដើម្បីឆ្លើយតបនឹងវឌ្ឍនភាពសង្គម
*ទី៥៖ រៀបចំកែសម្រួល «វិធានគ្រប់គ្រងវិជ្ជាជីវៈមេធាវី» និងសេចក្តីសម្រេចនានាស្របតាមការវិវត្តន៍ជាក់ស្ដែងនៃវិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌
*ទី៦៖ បន្តរៀបចំ និងធ្វើទំនើកម្ម «រដ្ឋបាលឌីជីថលរបស់គណៈមេធាវី» ឱ្យមានប្រសិទ្ធភាព និងលឿន ឆាប់រហ័ស ក្នុងការផ្តល់សេវាកម្ម ចរន្តការរដ្ឋបាល ការផ្សព្វផ្សាយ និងប្រមូលផ្តុំបណ្ដុំឯកសារផ្សេងៗ ជូនដល់សហភាតា ស្របតាមការវិវត្តន៍នៃសង្គមឌីជីថល
ទី៧៖ ពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពចំពោះការសុំចូលប្រកវិជ្ជាជីវៈមេធាវីដោយឈរលើគោលការណ៍ដែលមានចែងក្នុងវិធានវិជ្ជាជីវៈ គុណវល្លិ តម្លាភាព និងសំដៅធានាបាននូវវិបុលភាពនៃវិជ្ជាជីវៈ
ទី៨៖ បង្កើនមូលនិធិ «បេឡាពិសេស» សម្រាប់ផ្តល់ប្រាក់កម្រៃដល់មេធាវីការពារក្តីជូនជនក្រីក្រ ជនងាយរងគ្រោះ ឬជនដែលច្បាប់តម្រូវជាកាតព្វកិច្ចឱ្យមានមេធាវីការពារដែលពុំមានលទ្ធភាពពឹងពាក់មេធាវីដោយខ្លួនឯងបាន
*ទី៩៖ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសាធារណៈ និងឯកជន ដើម្បីពង្រីកវិសាលភាពការងារជូនសហភាតា
ទី១០៖ ពិនិត្យ និងចាត់វិធានការនានា ប្រឆាំងនឹងសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្ល និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី
ទី១១៖ ជំរុញកិច្ចសហប្រតិបត្តិការជាមួយនគរបាលយុត្តិធម៌ ក្នុងការប្រកបវិជ្ជាជីវៈ និងស្នើសុំឱ្យមាន «បន្ទប់មេធាវីសម្រាប់ជួបសន្ទនាជាមួយជនសង្ស័យ» តាំងនៅតាមស្ថាប័ន អង្គភាពនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត
ទី១២៖ ពង្រីកវិសាលភាពសេវាមេធាវីដល់តំបន់ដាច់ស្រយាល សម្រាប់ពិគ្រោះយោបល់ តំណាង និងការពារក្តីជូនជនក្រីក្រ ជនងាយរងគ្រោះ និងជនដែលច្បាប់តម្រូវជាកាតព្វកិច្ចឱ្យមានមេធាវីការពារដែលពុំមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយខ្លួនឯងបាន
ទី១៣៖ បង្កើនកិច្ចសហប្រត្តិការជាតិ អន្តរជាតិ ដើម្បីកសាងគុណភាព សមត្ថភាព បច្ចេកទេស និងគុណតម្លៃវិជ្ជាជីវៈមេធាវីកម្ពុជា លើឆាកអន្តរជាតិ ក្នុងបរិបទសាកលភាវូបនីយកម្ម
ទី១៤៖ បន្តអនុវត្ត និងពង្រីកគោលនយោបាយសុខុមាលភាពជូនសហភាតា និងបុគ្គលិកគណៈមេធាវី
ទី១៥៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនភាតរភាពក្នុងរង្វង់គ្រួសារគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
និងទី១៦៖ អនុវត្តគោលនយោបាយសំខាន់ៗរបស់អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
គួរឱ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតលើកទី៣១ និងបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ៕






































