កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
16-10-2026 17:29
(អ៉ីស្តង់ប៊ុល, តួកគី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរវាងកម្ពុជា និងតួកគី ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានទៅសម្រេចបានតាមគោលដៅ«១ពាន់លានដុល្លារអាមេរិក» នាពេលខាងមុខ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ៤០០ លានដុល្លារអាមេរិក ដោយកើនឡើងជាង១៨% បើធៀបនឹងឆ្នាំ២០២៤។
ការថ្លែងគូសបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-តួកគី ឆ្នាំ២០២៦» នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នសេដ្ឋកិច្ចពាក់ព័ន្ធ និងធុរជន វិនិយោគិនឈានមុខនៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។
ថ្លែងទៅកាន់អង្គវេទិកា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គន្លងនៃការកើនឡើងនៃទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២៥ គឺជាសក្ខីភាពបង្ហាញពីសន្ទុះដ៏រឹងមាំឆ្ពោះទៅរកការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ១ពាន់លានដុល្លារ។ ដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតានេះ សម្តេចបវរធិបតីបានរំលេចនូវយន្តការគន្លឹះសំខាន់ៗដែលត្រូវបន្តជំរុញ រួមមានគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី, ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-តួកគី និងការិយាល័យពាណិជ្ជកម្មនៃស្ថានទូតតួកគី ដែលជាស្ពានយ៉ាងសំខាន់សម្រាប់រក្សាកិច្ចសន្ទនាជាប្រចាំ សំដៅលុបបំបាត់រាល់ឧបសគ្គចំពោះពាណិជ្ជកម្ម និងការវិនិយោគ។
សម្តេចបវធិបតីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គឺបង្កើតនូវក្របខ័ណ្ឌគតិយុត្តចាំបាច់ ប៉ុន្តែសហគមន៍ធុរកិច្ចខ្លួនឯងផ្ទាល់ គឺជាកម្លាំងចលករពិតប្រាកដក្នុងការរុញច្រានការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។ សម្តេចបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នជំរុញការវិនិយោគ និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ (រួមទាំងក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី - DEİK) ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្គូផ្គងដៃគូធុរកិច្ច ចែករំលែកព័ត៌មានទីផ្សារ និងគាំទ្រដល់ការអភិវឌ្ឍគម្រោងវិនិយោគជាក់ស្តែង។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យធុរជន មើលឱ្យហួសពីទំហំតួលេខពាណិជ្ជកម្ម ដោយត្រូវផ្តោតលើការធ្វើពិពិធកម្មផលិតផល ការពង្រឹងបណ្តាញធុរកិច្ច និងការតភ្ជាប់សមត្ថភាពឧស្សាហកម្មដ៏រឹងមាំរបស់តួកគី ជាមួយមូលដ្ឋានផលិតកម្មដែលកំពុងរីកចម្រើន និងធនធានកសិកម្មដ៏សម្បូរបែបរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ធុរជន និងវិនិយោគិនតួកគី ឱ្យចាប់យកកាលានុវត្តភាពលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរ រួមមាន៖ វិស័យកម្មន្តសាល, កសិកម្ម និងការកែច្នៃកសិផល, ការដឹកជញ្ជូន និងភស្តុភារកម្ម, ថាមពលកកើតឡើងវិញ, បច្ចេកវិទ្យាឌីជីថល និងទេសចរណ៍ប្រកបដោយចីរភាព ដើម្បីបង្កើតតម្លៃបន្ថែម និងផលប្រយោជន៍សេដ្ឋកិច្ចយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕































