លោក រ័ត្ន ចាន់ណា ប្រកាសក្រុមការងារចុះមូលដ្ឋានសាខាគណបក្សភូមិទាំង១៣ និងតម្រង់ទិសការងារបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំទន្លូង ក្នុងស្រុកមេមត់
16-10-2026 20:08
(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទន្លូង ស្រុកមេមត់ បានរៀបចំពិធីប្រជុំប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានសាខាគណបក្សភូមិទាំង១៣ នៃឃុំទន្លូង ព្រមទាំងការប្រជុំណែនាំអំពីផែនការរួមនៃការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក រ័ត្ន ចាន់ណា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទន្លូង។ ក្នុងនោះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ និងតំណាងសាខាគណបក្សភូមិ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក រ័ត្ន ចាន់ណា បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់សមាជិក សមាជិកាទាំងអស់។
ជាមួយគ្នានោះ លោកប្រធានក្រុមការងារ បានផ្តល់នូវ អនុសាសន៍ផ្តាំផ្ញើ និងការណែនាំសំខាន់ៗមួយចំនួនដល់សមាជិកគណបក្ស និងក្រុមការងារចុះមូលដ្ឋាន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន៖ ពង្រឹងកម្លាំងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង, ក្តាប់ជាប់ស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, អនុវត្តផែនការបោះឆ្នោតស្ទាបស្ទង់មតិឱ្យមានតម្លាភាព, យកចិត្តទុកដាក់លើការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត, បង្កើនការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបំរើសេវាសាធារណៈជូនពលរដ្ឋ។
នៅក្នុងឱកាសនោះផងដែរ ដើម្បីជួយសម្រួលដល់ការអនុវត្តន៍ និងជាការលើកទឹកចិត្តដល់ស្មារតីបំពេញការងារ លោក រ័ត្ន ចាន់ណា ប្រធានក្រុមការងារ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសរុបចំនួន ៥,១០០,០០០ រៀល ដែលក្នុងនោះរួមមាន៖ ឧបត្ថម្ភដល់សមាជិក សមាជិកា សាខាគណបក្សឃុំ និងភូមិទាំង១៣៖ ថវិកាចំនួន ២,៣៥០,០០០ រៀល និងឧបត្ថម្ភដល់អ្នកសង្កេតការណ៍ ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត៖ ថវិកាចំនួន ២,៧៥០,០០០ រៀល។
កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ ស្និតស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កាដោយសមាជិក សមាជិកាទាំងអស់ បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលបក្សប្រគល់ជូនឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕













