អភិបាលខេត្តបាត់ដំបង បន្តនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥២៦គ្រួសារ
16-10-2026 21:46
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានបន្តនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥២៦គ្រួសារបន្ថែមទៀត នៅស្រុកបវេល ថ្មគោល និងឯកភ្នំ។
ក្នុងឱកាសនោះ លោក សុខ លូ សង្កត់ធ្ងន់បញ្ជាក់ថា រាជរដ្ឋាភិ
បាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាក។
លោកណែនាំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ទទួលទានទឹកឆ្អិន ឬទឹកស្អាត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ ជាពិសេសប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម។
លោកក្រើនរំឭកដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន សម្អាតផ្ទះរៀងៗខ្លួន និងចៀសឆ្ងាយពីគ្រឿងញៀន។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោតត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦នេះមានរយៈពេល៥៥ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោកណែនាំដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតដើម្បីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតមេដៃ)។
ប្រជាពលរដ្ឋ មើលឃើញថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង បានបង្ហាញអារម្មណ៍កក់ក្ដៅដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកនេះ៕


























