* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា (Video inside)

17-10-2026 08:40

(តួកគីយ៉េ)៖ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសតួកគីយ៉េ បាន​ក្លាយជាចលករមួយថ្មីបន្ថែមទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាង​កម្ពុជា និងតួកគីយ៉េឱ្យកាន់តែខ្លាំងក្លាថែមទៀត។

តបតាមការអញ្ជើញរបស់ លោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៦។ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលបានការស្វា​គមន៍ប្រកបដោយភាពកក់ក្តៅពីសំណាក់លោកប្រធានាធិបតីតួកគីយ៉េ។

ថ្លែងក្នុងសន្និសីទរួមគ្នាក្រោយជំនួបទ្វេភាគី លោក អ៊ែរដូហ្គាន់ បានគូសរំលេចពីភាពល្អប្រសើរនៃ​ទំនាក់​ទំនង​រវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកប្រធានាធិបតី បានចាត់ទុកកម្ពុជា គឺ​ជា​ដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកប្រធានាធិបតី បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​វាយ​តម្លៃខ្ពស់លើទំនាក់ទំនងប្រទេសទាំងពីរ។ លោកប្រធានាធិបតី បានរំលឹកដែរថា ក្នុងដំណើរបំពេញទស្សនកិច្ច​របស់​សម្តេចតេជោ ទៅកាន់តួកគីយ៉េកាលពីឆ្នាំ២០១៨ ប្រទេសទាំងពីរ​បានព្រមព្រៀងបង្កើន​ទំហំពាណិជ្ជកម្ម​ឱ្យដល់ ១ពាន់លានដុល្លារ។ លោកប្រធានាធិបតី បញ្ជាក់ថា ភាគីទាំងពីរ នឹងបន្តប្រឹងប្រែង ដើម្បីសម្រេច​គោល​ដៅនេះ។ លោកក៏សង្ឃឹមថាវេទិកាធុរកិច្ចតួកគីយ៉េ និងកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងទំនាក់​ទំនង​រវាងសហគមន៍ធុរកិច្ចរបស់យើង។

លោកប្រធានាធិបតី បានឱ្យដឹងដែរថា ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ភាគីទាំងពីរ ក៏បានពិភាក្សា​អំពី​ពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ថាមពល ការអប់រំ និងវប្បធម៌។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទស្សនកិច្ចរបស់សម្តេចនៅតួកគីយ៉េនាពេលនេះ គឺ​ជា​ការបន្តពង្រឹងមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាការបើកទំព័រថ្មីនៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលកំពុងបន្តរីកចម្រើនជាលំដាប់។ សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចដែរថា កម្ពុជា និងតួកគីយ៉េ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការយៈពេលជាង​ប្រាំមួយទសវត្សរ៍​មកហើយ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងផលប្រយោជន៍រួម។

សម្តេចមហាបវរធិបតី បានឱ្យដឹងថា ក្នុងជំនួបជាមួយប្រធានាធិបតីតួកគីយ៉េ បានពិភាក្សាយ៉ាងទូលំទូលាយ អំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ អាទិភាពសំខាន់រួមគ្នា និងទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ កិច្ចពិភាក្សា បានគ្របដណ្តប់លើវិធានការជាក់ស្តែង ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ។

សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្រប​ខណ្ឌយោធា​ នឹង​ផ្តល់​មូលដ្ឋានដ៏សំខាន់សម្រាប់ការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត រវាងកងកម្លាំង​ប្រដាប់​អាវុធ​នៃប្រទេសទាំងពីរ។

បើតាមសម្តេចមហាបវរធិបតី នៅក្នុងជំនួបនេះ សម្តេច និងលោកប្រធានាធិបតី ក៏បានទទួលស្គាល់នូវសក្តានុពលដ៏ធំធេងក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ការសម្របសម្រួល ការវិនិយោគ និងការពង្រឹងភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការសហ​ការ​ជាមួយធុរជនតួកគីយ៉េ ដោយកម្ពុជា អាចដើរតួនាទីជាមូលដ្ឋានផលិតកម្ម ដែលមានសមត្ថភាពប្រកួតប្រជែង និងជាច្រកទ្វារយុទ្ធសាស្ត្រទៅកាន់ទីផ្សារអាស៊ាន ទីផ្សារក្រោមក្របខណ្ឌ RCEP និងទីផ្សារអាស៊ីដ៏​ធូលំ​ទូលាយ។

ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិញ សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារ​សហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA)។ យើងសង្ឃឹមថា TIKA នឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ជំនាញនៅកម្ពុជាបន្ថែមទៀត។ ចំពោះការតភ្ជាប់រវាងប្រជាជន និងប្រជាជន មេដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាថា ការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺជាកត្តាចាំបាច់ក្នុងការកសាងចំណងមិត្តភាពដ៏រឹងមាំ យូរអង្វែង និងប្រកបដោយអត្ថន័យ។

សម្តេចមហាបវរធិបតី ស្វាគមន៍មិត្តតួកគីយ៉េទាំងអស់មកឈ្វេងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ជាពិសេសបច្ចុប្បន្នប្រទេសទាំងពីរ បានបើកដំណើរការជើងហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ។

ក្នុងជំនួបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីតួកគីយ៉េ បានជជែកលើបញ្ហារបស់អន្តរជាតិ។ បើតាមសម្តេចមហាបវរធិបតី បានឱ្យដឹងថា សម្តេច និងលោកប្រធានាធិបតី បានគូសបញ្ជាក់អំពីសារៈ​សំខាន់​នៃ​ពហុភាគីនិយម និងភាពចាំបាច់ក្នុងការបន្តធ្វើការរួមគ្នា តាមរយៈអង្គការសហប្រជាជាតិ អាស៊ាន យន្តការតំបន់ និងអន្តរជាតិផ្សេងទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សម្តេចមហាបវរធិបតី បានអបអរសាទរតួកគីយ៉េ ដែលបានក្លាយជាដៃគូសន្ទនារបស់អាស៊ាន។ កម្ពុជារង់ចាំការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងតួកគីយ៉េ ដើម្បីរួមចំណែកដល់​ការធ្វើសមាហរណកម្មតំបន់ ការតភ្ជាប់ និងវិបុលភាពរួម។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា មានជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចរបស់សម្តេច រួមជាមួយ កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-តួកគីយ៉េ ឱ្យកាន់តែស៊ីជម្រៅមាន​ខ្លឹម​សារជាក់ស្តែង និងគ្របដណ្តប់លើវិស័យកាន់តែច្រើនបន្ថែមទៀត។ ក្នុងស្មារតីមិត្តភាព និងការប្តេជ្ញា​ចិត្តរួមគ្នា ដើម្បីលើកម្ពស់ភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត៕