* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីនៃប្រទេសចំនួនបី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា

17-10-2026 08:51

(បាគូ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបប្រជុំទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងអ៉ីស្រាអែល ដើម្បីរឹតចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៦នេះ នៅក្នុងជំនួបជាមួយ លោក សាឌៀរ ហ្សាផារ៉ូវ (Sadyr Zhaparov) ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ វិស័យឯកជន ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន ជាពិសេសគឺការអភិវឌ្ឍធនធានមនុស្សលើវិស័យបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។

ដោយឡែក ក្នុងជំនួបជាមួយ លោក សាវកាត មីរហ្សីយូយេវ (Shavkat Mirziyoyev) ប្រធានាធិបតីអ៊ូសបេគីស្ថាន ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពរយៈពេល ៣ទសវត្សរ៍កន្លងមក។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត តាមរយៈការបង្កើនយន្តការទ្វេភាគី ការជំរុញវិស័យឯកជន ព្រមទាំងពង្រីកកិច្ចសហការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងវប្បធម៌។

ទន្ទឹមនឹងនេះ ក្នុងជំនួបជាមួយ លោក អ៊ីសាក់ ហឺហ្សូក (Isaac Herzog) ប្រធានាធិបតីនៃរដ្ឋអ៊ីស្រាអែល ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញក្តីពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីជាង ៦០ឆ្នាំ (៦ទសវត្សរ៍) កន្លងមកនេះ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការអប់រំ ទេសចរណ៍ និងការងារ។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនចំពោះប្រធានាធិបតីអ៊ីស្រាអែល ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអ៊ីស្រាអែល ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រយ៉ាងកក់ក្តៅដល់និស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅទីនោះ៕