ក្រសួងធម្មការ និងសាសនា ចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យកឋិនទាន
17-10-2026 14:01
(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានចេញផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យកឋិនទាន ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់មួយ មានចែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ។
បុណ្យកឋិនទានមានលក្ខណៈប្លែកពីបុណ្យដទៃចំនួន ៥ យ៉ាង រួមមាន ប្លែកដោយកាល (ធ្វើបានតែ ១ ដងក្នុងមួយឆ្នាំ រយៈពេល ២៩ ថ្ងៃ) ប្លែកដោយវត្ថុ (ស្បង់ ចីវរ សង្ឃាដី) ប្លែកដោយអំពើ (ត្រូវធ្វើតាមវិន័យបញ្ញត្តិ) ប្លែកដោយបដិគ្គាហកៈ (ភិក្ខុដែលចាំព្រះវស្សាគ្រប់ ៣ ខែ) និងប្លែកដោយអានិសង្ស (មានផលានិសង្សច្រើនទាំងអ្នកធ្វើ និងអ្នកទទួល)។
តាមរយៈសេចក្តីណែនាំនេះ បុណ្យកឋិនទានផ្តល់អានិសង្ស ៥ យ៉ាងដល់អ្នកធ្វើ គឺមានប្រាជ្ញាក្លៀវក្លា ពណ៌សម្បុរល្អ រូបល្អ ទ្រង់ទ្រាយល្អ និងបានជាស្តេចចក្រពត្តិ។ ចំណែកឯព្រះសង្ឃដែលជាបដិគ្គាហកៈ ក៏ទទួលបានអានិសង្ស ៥ យ៉ាងដូចគ្នា។
ក្រៅពីនេះ កឋិនទានក៏ជាឱកាសដ៏ប្រសើរសម្រាប់វត្តនីមួយៗ ក្នុងការទទួលបានបរិវារកឋិន រួមមានសម្ភារៈ និងថវិកា ដើម្បីបម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ ដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា និងជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចជាដើម។
បុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង ផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ និងដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំ ដែលមានខ្លឹមសារទាំងស្រុង៖






