គណៈកម្មាធិការគណបក្សក្រុងស្វាយរៀង បើកកិច្ចប្រជុំពិនិត្យ និងដាក់លំដាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦
17-10-2026 14:08
(ស្វាយរៀង)៖ គណៈកម្មាធិការគណបក្សក្រុងស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រុង ដើម្បីពិនិត្យ និងដាក់លំដាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ទាំង៧ សង្កាត់ ក្នុងក្រុងស្វាយរៀង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជុគ មុន្នី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក ឡុង សេង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង ព្រមទាំងលោក លោកស្រីជាអនុប្រធានក្រុមការងារ និងប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ទាំង ៧ ក្នុងក្រុងស្វាយរៀងយ៉ាងច្រើនកុះករ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យមើលសមាសភាពបេក្ខជន ពិភាក្សា និងសម្រេចរៀបចំលំដាប់លេខរៀងបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង សម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ខាងមុខ ឱ្យស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍ណែនាំរបស់គណបក្ស ប្រកបដោយភាពច្បាស់លាស់ សុក្រឹត និងមានការឯកភាពខ្ពស់។
ការរៀបចំបញ្ជីឈ្មោះ និងលំដាប់លេខរៀងបេក្ខជននាពេលនេះ គឺជាជំហានមួយយ៉ាងសំខាន់ ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ទាំង៧ ក្នុងក្រុងស្វាយរៀង ឱ្យកាន់តែរីកចម្រើន និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
























