មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បង្ក្រាបបទល្មើសនេសាទខុសច្បាប់ រុះរើឧបករណ៍ស្បៃមុង និងលែងកូនត្រីចូលធម្មជាតិ
17-10-2026 14:17
(ព្រៃវែង)៖ មន្ត្រីនាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលខុសច្បាប់ ក្នុងភូមិសាស្ត្រឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ប្រតិបត្តិការនេះដឹកនាំដោយលោក ហ៊ុន សាវី នាយរងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត រួមជាមួយមន្ត្រីក្រោមឱវាទ សហគមន៍នេសាទបាបោង និងសហការជាមួយរដ្ឋបាលឃុំបាបោង ដោយប្រើប្រាស់កាណូតចំនួន ២គ្រឿង និងកម្លាំងសរុប ១០នាក់។
យុទ្ធនាការចុះបង្ក្រាបនេះធ្វើឡើងស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ថ្នាក់ដឹកនាំ និងស្ថាប័នជំនាញ ដើម្បីការពារធនធានជលផលទឹកសាប ជាពិសេសក្នុងរដូវកាលត្រីពងកូន និងទប់ស្កាត់រាល់ការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ ដែលបំផ្លិចបំផ្លាញដល់ធនធានធម្មជាតិ។ ជាលទ្ធផល ក្រុមការងារបានអនុវត្តបាន ១ករណី ពីបទប្រើប្រាស់ឧបករណ៍នេសាទស្បៃមុង។
ឧបករណ៍នេសាទខុសច្បាប់ទាំងនោះត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែង រួមមាន លូស្បៃមុងចំនួន ១៩មាត់ របាំងព្រួលស្បៃមុងប្រវែង ១.២០០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ៧៨០ដើម។ ជាមួយគ្នានេះ កូនត្រីចម្រុះទម្ងន់ ៤០គីឡូក្រាម ក៏ត្រូវបានចាក់លែងចូលទៅក្នុងធម្មជាតិវិញផងដែរ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានប្តេជ្ញាបន្តចុះល្បាត និងបង្ក្រាបជាប្រចាំនូវរាល់បទល្មើសជលផលដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនមានការយោគយល់ឡើយ ដើម្បីធានាបាននូវនិរន្តរភាពធនធានត្រីសម្រាប់កូនចៅជំនាន់ក្រោយ៕














