លោក ហេង សួរ៖ ការសម្រេចចិត្តចូលរួមជាសមាជិកថ្មីជាង ២ពាន់នាក់ គឺជា “ម៉ែត្រវាស់ពីការដឹកនាំលើផ្លូវត្រូវ និងជាការឆ្លុះបញ្ចាំងពីសច្ចធម៌ប្រវត្តិសាស្ត្រ” របស់គណបក្សប្រជាជនកម្ពុជា
17-10-2026 16:03
(ភ្នំពេញ)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» សរុបចំនួន ២ ៣១០នាក់ ជានិស្សិត សិក្ខាកាម និងមន្រ្តីរាជការមកពីគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំង៨ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ថ្លែងទៅកាន់អង្គពិធី លោកបានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗ ដែលបានសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យ ចូលរួមកសាងជីវភាពជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ជាពិសេសនៅពេលកំពុងត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។ ក្មួយៗនឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយ និងពន្យល់មហាជនពីមូលហេតុជំរុញឱ្យចូលរួមជាមួយគណបក្សប្រជាជន។ ការសម្រេចចិត្តនេះគឺជា «ម៉ែត្រវាស់ពីការដឹកនាំលើផ្លូវត្រូវ» និងឆ្លុះបញ្ចាំងពីសច្ចធម៌ប្រវត្តិសាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ដែលមានភាពចាស់ទុំជាងគេខាងនយោបាយ និងបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រនាំជ័យជម្នះដ៏ធំធេងជូនជាតិមាតុភូមិ។ ជាក់ស្តែង គុណបំណាច់មួយសម្រាប់យុវជនគឺការផ្តល់ «ចំណេះដឹង» ដោយឥតគិតថ្លៃ តាមរយៈអភិក្រម «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ» របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាពិសេសពីកម្មវិធី ១,៥លាន។
លោកបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការចាត់តាំងចំណុះគ្រប់ជាន់ថ្នាក់ ដែលបានផ្ដល់ឱកាសឱ្យក្មួយៗបានក្លាយខ្លួនជាសមាជិកថ្មី ដែលជាអ្នកបន្តវេននៃគណបក្ស ដើម្បីរួមគ្នាបន្តជំរុញការអភិវឌ្ឍនៅកម្ពុជា។ កិច្ចខិតខំបំពេញតួនាទី ពង្រឹងស្មារតី និងពង្រីកសមាជិកថ្មីនេះអនុវត្តតាមអភិក្រម «រក្សាចាស់ បង្កើនថ្មី» ដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែរំឭក។ លោកប្រធានបានលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់គណបក្សសុទ្ធតែមានអត្តចរិតគំរូគួរឱ្យគោរពស្រឡាញ់ ខណៈដែលសមាជិកគ្រប់លំដាប់ថ្នាក់ប្រកាន់ខ្ជាប់តួនាទី គោលការណ៍ និងលក្ខនិ្តកៈបក្សប្រកបដោយស្មារតីបុរេសកម្ម ជាពិសេសចេះរួមសុខរួមទុក្ខ ពង្រឹងការងារមូលដ្ឋាន និងផ្សព្វផ្សាយពីសច្ចភាព ប្រវត្តិស្នាដៃ និងកម្មវិធីគោលនយោបាយបក្សជាប្រចាំ។
ទន្ទឹមនេះ លោកក៏បានរំឭកពីប្រវត្តិគណបក្ស និងជំរុញឱ្យសមាជិកថ្មីចងចាំពីប្រវត្តិប្រកបដោយអត្ថន័យ បុព្វហេតុនៃការបង្កើតសម្រាប់ជាតិមាតុភូមិ រូបសញ្ញា បាវចនា និងគណបក្សប្រជាជនកម្ពុជាមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៥ រូប។ លោកក៏បានរំលេចពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្សដែលមានគោលបំណងប្រមូលកម្លាំងនៃជនជាតិខ្មែរ ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាព មិនប្រកាន់ឋានៈ ជំនឿសាសនា ដើម្បីរួមគ្នាការពារសមិទ្ធផល និងកសាងកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
លោកបានជម្រាបជូនថា ជោគជ័យគណបក្ស គឺកើតចេញពីភាពត្រឹមត្រូវនយោបាយគ្រប់កាលៈទេសៈ ការផ្សារភ្ជាប់នឹងប្រជាជន អនុវត្តគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» រចនាសម្ព័ន្ធចាត់តាំងរឹងមាំគ្រប់ជាន់ថ្នាក់តាមសមត្ថភាព ជំហរស្មោះត្រង់ មានគុណធម៌និងសីលធម៌ ការគិតគូរយ៉ាងល្អិតល្អន់ក្នុងការកសាងជំនាន់បន្តវេន និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ។ ដើម្បីឱ្យជោគជ័យនេះស្ថិតស្ថេរ គឺចាំបាច់ត្រូវការបន្តរក្សាសន្តិភាពដែលថ្នាក់ដឹកនាំគណបក្ស ជាពិសេស សម្តេចតេជោ បានយកជីវិតទៅប្តូរ។ បងប្អូនជាសមាជិកថ្មីត្រូវខិតខំអនុវត្ត ឱ្យបានពេញលេញនូវការប្តេជ្ញាចិត្ត មានសីលធម៌ល្អ បង្ហាញគំរូល្អក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈគណបក្ស និងច្បាប់រដ្ឋ ដើម្បីបង្កើនជំនឿ និងការគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត ហើយត្រូវគោរពឱ្យតម្លៃស្នាដៃរៀមច្បងជំនាន់មុន។
ក្នុងឱកាសនោះ តំណាងសមាជិកថ្មីនៃគណបក្សបានលើកឡើងថា ក្រោយពីបានតាមដានពីការដឹកនាំ និងលក្ខន្តិកៈគណបក្ស ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានកម្មវិធីនយោបាយដឹកនាំត្រឹមត្រូវ មានឧត្តមគតិសេ្នហាជាតិខ្ពស់ និងមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ។ ហេតុនេះ ទើបសម្រេចចិត្តចូលរួមជាសមាជិក និងប្តេជ្ញាចិត្តអនុវត្តតាមកម្មវិធីនយោបាយ លក្ខន្តិកៈគណបក្ស ថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ ខិតខំឃោសនាផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស និងច្បាប់រដ្ឋដល់ប្រជាជន និងបំផុសចលនាឱ្យបោះឆ្នោតជូនគណបក្សឱ្យទទួលបានជ័យជម្នះជារៀងរហូត៕



















