សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
17-10-2026 17:17
(អាស្តាណា, កាហ្សាក់ស្ថាន)៖ កាហ្សាក់ស្ថាន និងកម្ពុជា មានឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលឱ្យកាន់តែស៊ីជម្រៅ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យសារព័ត៌មានប្រធានាធិបតីកាហ្សាក់ស្ថាន ដែលបានដកស្រង់ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងជំនួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ក្នុងទីក្រុងអាស្តាណា។
សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា៖ «ខ្ញុំជឿថាឥឡូវនេះយើងមានឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលឱ្យកាន់តែស៊ីជម្រៅ។ យើងអាចណែនាំស្ថាប័នរបស់យើងរួមគ្នាកំណត់ពីវិស័យដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។
សម្តេចមហាបវរធិបតី ក៏បានមានប្រសាសន៍ដែរថា ក្រសួងនានារបស់កម្ពុជា ចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយកាហ្សាក់ស្ថាន លើរដ្ឋាភិបាលអេឡិចត្រូនិកដែលហៅតាមភាសាអង់គ្លេសថា E-government ជាមួយការកត់សម្គាល់ពីជំនាញដ៏ទូលំទូលាយ និងការអភិវឌ្ឍន៍ជឿនលឿនរបស់កម្ពុជាក្នុងវិស័យនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណលោកប្រធានាកាហ្សាក់ស្ថាន សម្រាប់ការអញ្ជើញសម្ដេចបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាន ដោយកត់សម្គាល់ថាប្រទេសទាំងពីរបានរក្សាទំនាក់ទំនងការទូតអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ លោកប្រធានាធិបតី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី នឹងផ្តល់ថាមពលបន្ថែមដល់ទំនាក់ទំនងទ្វេភាគី និងបើកទូលាយនូវទស្សនវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកប្រធានាធិបតី បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយសង្កត់ធ្ងន់ថា មិនធ្លាប់មាននាយករដ្ឋមន្ត្រីកម្ពុជាណាម្នាក់ធ្លាប់ទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថានពីមុនមកនោះទេ។
ប្រធានាធិបតីកាហ្សាក់ស្ថានក៏បានគូសបញ្ជាក់ផងដែរ ពីទំនាក់ទំនងផ្ទាល់រវាងក្រុមគ្រួសាររបស់សម្តេច និងកាហ្សាក់ស្ថាន ដោយរំឮកថាឪពុករបស់សម្ដេច គឺសម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចទៅកាន់កាហ្សាក់ស្ថានកាលពីឆ្នាំ១៩៨២ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសកម្ពុជានៅពេលនោះ។
លោក Tokayev បានបន្ថែមថា ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហាទ្វេភាគីជាច្រើន។ លោកបានកត់សម្គាល់ថា កាហ្សាក់ស្ថានមានអាកប្បកិរិយាអំណោយផលចំពោះកម្ពុជា ហើយថាពលរដ្ឋកាហ្សាក់ស្ថានជាច្រើនចង់ទៅទស្សនាប្រទេសកម្ពុជា និងមើលឃើញភាពទាក់ទាញរបស់កម្ពុជា។ លោកក៏បានអំពាវនាវឱ្យមានការពិភាក្សាអំពីការបង្កើតជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ និងការពង្រីកការផ្លាស់ប្តូរផ្នែកកិច្ចការមនុស្សធម៌។
តាមលោក Tokayev បានបញ្ជាក់ថា ធនធានធម្មជាតិដ៏សំខាន់របស់កាហ្សាក់ស្ថាន និងកម្ពុជា ជាវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។ លោកបានបន្តថា កិច្ចពិភាក្សាក៏នឹងដោះស្រាយមធ្យោបាយ ដើម្បីពង្រឹងចំណងពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកបន្ថែមទៀតនូវកិច្ចសន្ទនាផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងការចូលរួមក្នុងវេទិកាពហុភាគី៕











