មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ណាំ ទុំ សង្ឃឹមថាអ្នកជំនាន់ក្រោយរួមគ្នាបំពេញបេសកកម្មជាតិឲ្យខានតែបាន គឺការពារសន្តិភាព មានជីវភាពរស់នៅសមរម្យ និងយុត្តិធម៌សង្គម
17-10-2026 17:26
(ភ្នំពេញ)៖ លោក ណាំ ទុំ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាបាឋកថាជាស៊េរី នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅវិមាន ៧ មករា បានបង្ហាញក្ដីសង្ឃឹមថា អ្នកជំនាន់ក្រោយរួមគ្នាបំពេញបេសកកម្មជាតិឲ្យខានតែបាន គឺការពារសន្តិភាព មានជីវភាពរស់នៅសមរម្យ និងយុត្តិធម៌សង្គម។
ក្នុងឱកាសនោះ លោកបានកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរបស់គណៈចលនាមហាជន ក្នុងការរៀបចំបាឋកថាជាស៊េរីនេះឡើងដើម្បីផ្តល់ជាវេទិកាចែករំលែករបស់វីរជនជំនាន់មុន ដល់អ្នកជំនាន់ក្រោយ។
លោកបានគូសបញ្ជាក់ថា ប្រទេសជាតិដែលរឹងមាំទៅបាន អាស្រ័យដោយអ្នកដឹកនាំមានចំណេះដឹង មានសេចក្តីក្លាហាន មានបទពិសោធ មានការពុះពារ ដែលជាក់ស្តែងនេះ យើងឃើញថា ថ្នាក់ដឹកនាំបច្ចុប្បន្ននេះគឺពោរពេញដោយចំណេះដឹង និងសមត្ថភាព ដែលជាក្តីសង្ឃឹមសម្រាប់អ្នកជំនាន់ក្រោយ និងជាកម្លាំងដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។
ឆ្លងកាត់បទពិសោធក្នុងការរំដោះជាតិ លោកបានរំលេចអំពីដំណើរជីវិតនៃការតស៊ូក្នុងការចូលរួមអនុវត្តនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោប្រធានគណបក្ស ដែលជាលទ្ធផលបាននាំកម្ពុជានូវសន្តិភាពពេញលេញមកដល់បច្ចុប្បន្ន។
ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់មន្រ្តីគណបក្សបច្ចុប្បន្ន ដែលជាអ្នកបន្តវេន រួមគ្នាបំពេញបេសកកម្មជាតិ បន្តធ្វើសកម្មភាព និងទង្វើល្អ ប្រាស់ចាកពីការប្រព្រឹត្តិសកម្មភាពដែលប្រជាជនមិនគាំទ្រ និងត្រូវមានភាពស្និតស្នាល ទំនាក់ទំនងល្អ និងជួយដោះស្រាយទុក្ខធុរៈជូនប្រជាជន៕



















