មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
17-10-2026 19:06
(អាស្តាណា, កាហ្សាក់ស្ថាន)៖ ចាយពេលមិនឱ្យសល់មុននឹងធ្វើដំណើរត្រឡប់មកកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបជាមួយប្រធានក្រុមហ៊ុនភាពយន្ត និងប្រធានក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន។
ប្រធានក្រុមហ៊ុនដែលសម្តេចនាយករដ្ឋមន្ត្រីបានជួបរួមមាន៖
១៖ លោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Production។ ក្រុមហ៊ុន Daubay Production គឺជាក្រុមហ៊ុនផលិតភាពយន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។ ស្នាដៃរបស់ក្រុមហ៊ុនត្រូវបានផ្សព្វផ្សាយតាមរយៈវេទិកាអនឡាញនានា រួមមាន Kinopoisk HD និង YouTube។
ក្រុមហ៊ុនផ្តល់សេវាកម្មផលិតភាពយន្តជាច្រើនដំណាក់កាល ចាប់ពីការរៀបចំ និងតាក់តែងសាច់រឿង ការជ្រើសរើសតួសម្តែង ការរៀបចំផលិតកម្ម ការថត ការកាត់ត និងការចែកចាយស្នាដៃ។ ជាមួយគ្នានេះ Daubay Production ក៏ធ្លាប់បានមកថតភាពយន្តដែលមានចំណងជើងថា «GAP» នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥។
២៖ លោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia។ ក្រុមហ៊ុន Selfie Travel Asia គឺជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយ ដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍អន្តរជាតិ ព្រមទាំងដៃគូក្នុងវិស័យទេសចរណ៍។
ក្រុមហ៊ុននេះ បានដំណើរការតាំងពីឆ្នាំ២០១៦ និងមានការិយាល័យនៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេសអេហ្ស៊ីប តួកគី អ៊ូសបេគីស្ថាន ថៃ វៀតណាម និងចិន។ ក្រុមហ៊ុនក៏មានកិច្ចសហការជាមួយភ្នាក់ងារទេសចរណ៍នានានៅក្នុងប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី អ៊ូសបេគីស្ថាន អាស៊ែបៃហ្សង់ និងកៀហ្ស៊ីស៊ីស្ថាន៕






















