* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅ​ប្រទេស​រយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់

17-10-2026 21:42

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានបញ្ចប់ដំណើរបំពេញការងារក្រៅប្រទេសហើយ ក្រោយ​​បំពេញ​ទស្សនកិច្ចផ្លូវការ និងការងារផ្សេងៗរយៈពេលមួយសប្តាហ៍នៅប្រទេសចំនួន៣ រួមមានអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។

ដូចទៅនឹងទម្លាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំដំបូងមកម្ល៉េះ រាល់​ពេលបញ្ចប់ការងារ សម្តេច​ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត មិនដំអក់ មិនបង្អែបង្អង់ដំណើរ​នោះ​ឡើយ ពោលគ្រាន់តែ​ចប់ការ​ងារនៅប្រទេសកាហ្សាក់ស្ថានភ្លាម សម្តេចប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូធ្វើ​ដំណើរត្រឡប់មកកម្ពុជាវិញទាំងយប់តែម្តង។

សម្តេចមហាបវរធិបតី ធ្លាប់បានបញ្ជាក់ថា ដំណើរទស្សនកិច្ចក្រៅ​ប្រទេសសម្តេចចាយពេលឱ្យអស់លទ្ធភាព ហើយសឹមត្រឡប់ មកវិញ ទោះបីយប់ក៏ដោយ។ នេះជាឥរិយាបថ​នៃ​ការបំពេញការងាររបស់សម្តេចនាយករដ្ឋ​មន្ត្រី ដែលស្តែងឱ្យឃើញពីការគិតគូរខ្ពស់រវាងខាត និងចំណេញ សូម្បី​តែពេលវេលា។

១៖ ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បាន​ចាកចេញពីកម្ពុជា ដើម្បីបំពេញ​ការងារនៅប្រទេសទាំង៣ខាងលើនេះ កាលពីថ្ងៃទី១១ ខែ​តុលា ឆ្នាំ២០២៦ ដែលជាថ្ងៃបុណ្យភ្ជុំធំប្រពៃណីជាតិកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បាន​ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ ដំណើរ​ទស្សនកិច្ច​ជាផ្លូវការរបស់សម្តេច ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយស​ពី​សំណាក់​លោក អ៊ីលហាំ អាលីយ៉េវ ប្រធានាធិបតីអាស៊ែបៃហ្សង់។ សម្តេចមហាបវរធិបតី ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធាន​រដ្ឋសភា, ​លោក អាលី អាសាដូវ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ និងលោក Zakir Hasanov រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់។

ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំប្រទេសអាស៊ែបៃហ្សង់ បានផ្លាស់ប្តូរទស្សនៈ​លើបញ្ហា​ជាច្រើន គ្រប់​ដណ្តប់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និង​ការពារជាតិជាដើម។

ជាសក្ខីភាពនៃការប្តេជ្ញាលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យដែល​បាន​លើកឡើងនោះ កម្ពុជា និងអាស៊ែរបៃហ្សង់ បានផ្លាស់ប្តូរឯកសារកិច្ចព្រមព្រៀងចំនួន៣ ដែលបានចុះហត្ថលេខាជាមួយគ្នា។ ឯកសារកិច្ចព្រមព្រៀងទាំង៣នោះរួមមាន៖

១៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋ​កិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់។
២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការ​ទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា និងសាកលវិទ្យាល័យ ADA ដែលចំណុះឱ្យក្រសួងការបរទេសអាស៊ែបៃ​ហ្សង់​។
៣៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់ ស្តីពីការលុប​បំបាត់​ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះ​ពន្ធ​ និងការចៀសវាងពន្ធ។

បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ក៏បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែ​បៃ​ហ្សង់ ដែលរៀបចំឡើង ដើម្បីជំរុញការធ្វើធុរកិច្ចរវាងប្រទេសទាំងពីរ។ វេទិកានេះ មាន​ការចូលរួមពីតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ប្រមាណជា៨០។ សម្តេចមហាបវរធិបតី បាន​លើកបង្ហាញពីបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា គោលនយោបាយរគាំពារការវិនិយោគ កម្លាំង​ពលកម្មវ័យក្មេង ភូមិសាស្ត្រអំណោយផល។ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នក​វិនិយោគអាស៊ែបៃហ្សង់ ចូលមកកម្ពុជាឈ្វេងយល់ និងចាប់យកសក្តានុពលនៃការវិនិយោគ​នៅ​កម្ពុជា។

នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ក្រៅពីការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​ហើយ​នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA។ ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃវេទិកាតំបន់ដ៏សំខាន់មួយនេះ សម្តេចមហាបវរធិបតី បានសង្កត់​ធ្ងន់អំពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់ និងដោយស្មើភាពនូវគោលការណ៍នានា ដែលមាន​ចែង​ក្នុងសេចក្តីប្រកាសទីក្រុងបាគូ រួមមាន ការគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ ច្បាប់​អន្តរជាតិ សមភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយ​ជម្លោះដោយ​សន្តិ​វិធី។

សម្ដេចមហាបវរធិបតី ក៏បានលើកឡើងអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់​ថា ជម្លោះនេះគួរត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី និងការសន្ទនា ស្របតាមច្បាប់​អន្តរ​ជាតិ ព្រមទាំងបានបញ្ជាក់ថា ព្រំដែន និងអធិបតេយ្យ មិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬ​ការ​​បង្កើតស្ថានភាពថ្មីនោះឡើយ។

លើសពីនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់​អំពីអាទិភាពសំខាន់ៗ​របស់កម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CICA រួមមាន ការជំរុញការប្រែ​ក្លាយ CICA ទៅជាអង្គការអន្តរជាតិពេញលេញ ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហ​ប្រតិ​បត្តិការសេដ្ឋកិច្ច ការតភ្ជាប់ សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព ការជំរុញ​ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម​ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការលើកកម្ពស់ភាពធន់ និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធើណិត ព្រមទាំងការពង្រឹងភាពបំពេញបន្ថែមរវាង CICA និងអង្គ​ការ​សហប្រជាជាតិ ព្រមទាំងអង្គការតំបន់ និងអន្តរជាតិដទៃទៀត។

ក្រោមមូលបទ «ពង្រឹងសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត​នៅ​អាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើនប្រកបដោយចីរភាពនៅអាស៊ី» បណ្តា​ថ្នាក់​ដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះធម្មនុញ្ញ​អង្គការសហ​ប្រជាជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍ស្នូលរបស់ CICA ដោយសង្កត់ធ្ងន់លើការ​សន្ទនា ការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាដៃគូស្មើភាពគ្នា ការសម្រេចចិត្តដោយកុង​សង់​ស៊ុស និងវិធានការកសាងទំនុកចិត្តដោយស្ម័គ្រចិត្ត ដើម្បីជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ី។

បណ្តាថ្នាក់ដឹកនាំបានឯកភាពក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើការ​តភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម បញ្ញាសិប្បនិម្មិត សន្តិសុខថាមពល ពាណិជ្ជកម្ម ហិរញ្ញវត្ថុ អប់រំ នវានុវត្តន៍ ទេសចរណ៍ និងការប្រែប្រួលអាកាសធាតុ។ បណ្តាថ្នាក់ដឹកនាំក៏បានស្វា​គមន៍​​ការផ្តល់សច្ចាប័ន របស់កម្ពុជាលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ​របស់​លេខាធិការដ្ឋាន CIC បុគ្គលិក និងតំណាងរបស់ខ្លួន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ​ក្នុង​ការ​ពង្រឹងក្របខ័ណ្ឌស្ថាប័នរបស់ CICA រួមជាមួយការចូលជាសមាជិករបស់ឡាវ និងការ​តែង​​តាំងអគ្គលេខាធិការ CICA ថ្មី។

កិច្ចប្រជុំកំពូលបានបញ្ចប់ដោយការអនុម័តសេចក្តីប្រកាសទីក្រុងបាគូ នៃកិច្ចប្រជុំកំពូល CICA លើកទី៧ និងសេចក្តីថ្លែងការណ៍របស់ CICA ស្ដីពីកិច្ចសហប្រតិបត្តិការក្នុង​វិស័យ​សុវត្ថិភាព និងសុខភាពការងារ។

បើទោះបីកម្មវិធីមមាញឹកយ៉ាងណាក្តៅ នៅអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបប្រជុំទ្វេភាគីជាមួយលោក សាឌៀរ ហ្សាប៉ារូវ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន, លោក ស្សាវខាត មីស្ស៊ីយូវយេវ ប្រធានាធិបតីអ៊ូសបេគីស្ថាន និងលោក អ៊ីសាក់ ហឺហ្សូក ប្រធានាធិបតីអ៊ីស្រាអែល។

ជំនួបជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំណងក្នុងវិស័យឯកជន ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ជំនួបជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈ​លើការ​ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអប់រំ ការ​ផ្លាស់​ប្តូរវប្បធម៌ និងការតភ្ជាប់ប្រជាជន និងប្រជាជន។

ជំនួបជាមួយប្រធានាធិបតីអ៊ីស្រាអែល ភាគីទាំងពីរ បានសម្តែងការស្វាគមន៍ចំពោះ​ចំណង​មិត្តភាពដ៏យូរលង់ និងបានបង្ហាញក្តីពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈ​ពេល៦០ឆ្នាំកន្លងមក។ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិ​បត្តិការ​បន្ថែម​ទៀតលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងការងារ ព្រមទាំងបង្កើនការប្រើប្រាស់យន្តការពិគ្រោះយោបល់ទ្វេភាគី និងការ ផ្លាស់ប្តូរទស្ស​នកិច្ច​កម្រិត​ខ្ពស់។

ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល CICA នៅអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី ក៏បានឆ្លៀតជួបប្រាស្រ័យទាក់ទងក្រៅផ្លូវការជាមួយអនុប្រធានរដ្ឋវៀតណាម រដ្ឋមន្ត្រីការ​បរទេស​របស់ចិន និងរុស្ស៊ី។

ក្រោយបញ្ចប់ការងារនៅប្រទេសអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បានបន្តដំណើរឆ្ពោះទៅកាន់ប្រទេសតួកគីយ៉េ។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមដំណើរ​ទស្សន​កិច្ចផ្លូវការនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលស្វាគមន៍ និងប្រកបដោយដោយភាពកក់ក្តៅពីសំណាក់លោក លោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ។

ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ បានកត់សម្គាល់ពីការវិវត្តន៍រីកចម្រើនដ៏ល្អប្រសើរនូវទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់​ប្រទេស​តួកគីយ៉េកាលពីឆ្នាំ២០១៨។ លោកប្រធានាធិបតី បានចាត់ទុកកម្ពុជា គឺ​ជា​ដៃគូ​ដ៏​សំខាន់​មួយនៅអាស៊ីអាគ្នេយ៍។
មេដឹកនាំទាំងពីរ ក៏បានពិភាក្សា​អំពី​ពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិ​បត្តិការ​ក្នុងវិស័យការពារជាតិ ថាមពល ការអប់រំ និងវប្បធម៌។ ជាពិសេសការបន្តជំរុញការធ្វើ​ពា​ណិជ្ជ​​កម្មជាមួយគ្នាឱ្យបាន១ពាន់លានដុល្លារអាមេរិក។

សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារ​សហប្រតិបត្តិការ និងសម្រប​សម្រួល​តួកគី​យ៉េ (TIKA)។ យើងសង្ឃឹមថា TIKA នឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ​ធនធានមនុស្ស និងការលើកកម្ពស់ជំនាញនៅកម្ពុជាបន្ថែមទៀត។ ចំពោះការតភ្ជាប់រវាង​ប្រជាជន និងប្រជាជន មេដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាថា ការពង្រឹងទំនាក់ទំនងរ​វាង​ប្រជាជន​នៃប្រទេសទាំងពីរ គឺជាកត្តាចាំបាច់ក្នុងការកសាងចំណងមិត្តភាពដ៏រឹងមាំ យូរ​អង្វែង និងប្រកបដោយអត្ថន័យ។

សម្តេចមហាបវរធិបតី ស្វាគមន៍មិត្តតួកគីយ៉េទាំងអស់មកឈ្វេងយល់ពីបេតិកភណ្ឌវប្បធម៌​ដ៏សម្បូរបែបរបស់កម្ពុជា។ ជាពិសេសបច្ចុប្បន្នប្រទេសទាំងពីរ បានបើកដំណើរការជើងហោះ​ហើរ​​ត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ។

មេដឹកនាំទាំងពីរ ក៏បានជជែកទៅដល់បញ្ហាតំបន់ និងពិភពលោក។ ពាក់ព័ន្ធជម្លោះ​ព្រំដែន​រវាងកម្ពុជា និងថៃ លោកប្រធានាធិបតីតួកគីយ៉េ បានអំពាវនាវឱ្យដោះស្រាយបញ្ហាដោយ​សន្តិ​វិធីផ្អែកទៅលើច្បាប់អន្តរជាតិ។ លោកប្រធានាធិបតី ប្រកាសបន្តជួយដល់ពលរដ្ឋរងផល​ប៉ះ​ពាល់ពីបញ្ហាជម្លោះនេះ។

មេដឹកនាំទាំងពីរ បានគូសបញ្ជាក់អំពីសារៈ​សំខាន់​នៃ​ពហុភាគីនិយម និងភាពចាំបាច់ក្នុង​ការ​បន្តធ្វើការរួមគ្នា តាមរយៈអង្គការសហប្រជាជាតិ អាស៊ាន យន្តការតំបន់ និងអន្តរជាតិផ្សេង​ទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការ​គោ​រ​ព​​​ច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការ​សហប្រជា​ជាតិ។

មេដឹកនាំទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារ​កិច្ច​ព្រម​ព្រៀងក្នុងក្របខ័ណ្ឌយោធារវាងគ្នា។

នៅតួកគីយ៉េ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ច​កម្ពុជា​-តួកគីយ៉េ។ ក្នុងវេទិកាធុរកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពី​កំណើន​ពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ ដែលមានទំហំដល់ប្រមាណ ៤០០លានដុល្លារ​អាមេរិក នៅឆ្នាំ២០២៥ កើន ១៨ភាគរយធៀបនឹងឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីសក្តានុពលដ៏ធំធេងក្នុងការពង្រីក​ពាណិជ្ជ​កម្មទ្វេភាគី ការសម្របសម្រួល ការវិនិយោគ និងការពង្រឹងភាពជាដៃគូរវាងវិស័យ​ឯកជន​នៃប្រទេសទាំងពីរ។ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការសហ​ការ​ជាមួយធុរជន​តួក​គីយ៉េ ដោយកម្ពុជា អាចដើរតួនាទីជាមូលដ្ឋានផលិតកម្ម ដែលមានសមត្ថភាពប្រកួតប្រជែង និងជាច្រកទ្វារយុទ្ធសាស្ត្រទៅកាន់ទីផ្សារអាស៊ាន ទីផ្សារក្រោមក្របខណ្ឌ RCEP និងទីផ្សារ​អាស៊ីដ៏​​ធូលំ​ទូលាយ។


៣៖ ដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន៖

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសតួកគីយ៉េ សម្តេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត ព្រមទាំងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងអ៊ីស្តង់ប៊ុលទាំង​យប់ ឆ្ពោះទៅកាន់ប្រទេសកាហ្សាក់ស្ថាន។

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋា​ភិបាល​កម្ពុជា បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច។ ដំណើរទស្សនកិច្ចរបស់​សម្តេចត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសពីសំណាក់​លោក កាស៊ីម-យូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន។ សម្តេចមហាបវរធិបតី ក៏បានជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន លោក Olzhas Bektenov។

លោក តូកាយ៉េវ បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងផ្តល់ថាមពលបន្ថែមដល់ទំនាក់ទំនងទ្វេភាគី និងបើកទូលាយនូវទស្សន​វិស័យ​ថ្មីៗ​សម្រាប់កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកបានចាត់ទុក​ដំណើរ​ទស្សនកិច្ចនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយសង្កត់ធ្ងន់ថា​មិនធ្លាប់មាន​នាយក​រដ្ឋមន្ត្រីកម្ពុជាណាម្នាក់ធ្លាប់ទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថានពីមុនមកនោះទេ។

លោកប្រធានាធិបតីកាហ្សាក់ស្ថាន ក៏បានគូសបញ្ជាក់ពីទំនាក់ទំនង​ផ្ទាល់​រវាង​ក្រុម​គ្រួសារ​របស់សម្តេច និងកាហ្សាក់ស្ថាន ដោយរំឮកថាសម្ដេចតេជោ ហ៊ុន សែន បាន​បំពេញ​ទស្សន​កិច្ច​ទៅកាន់កាហ្សាក់ស្ថានកាលពីឆ្នាំ១៩៨២ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសកម្ពុជា​នៅពេល​នោះ។

ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហាទ្វេភាគីជាច្រើន។ ក្នុងនោះ លោក​ប្រធានាធិបតីកាហ្សាក់ស្ថាន ពលរដ្ឋកាហ្សាក់ស្ថាន មានអាកប្បកិរិយាល្អចំពោះកម្ពុជា ហើយ​ពលរដ្ឋកាហ្សាក់ស្ថានជាច្រើនចង់ទៅទស្សនាប្រទេសកម្ពុជា និងមើលឃើញភាព​ទាក់ទាញ​របស់កម្ពុជា លោកក៏បានអំពាវនាវឱ្យមានការពិភាក្សាអំពីការបង្កើតជើងហោះហើរត្រង់ រវាង​ប្រទេសទាំងពីរ និងការពង្រីកការផ្លាស់ប្តូរផ្នែកកិច្ចការមនុស្សធម៌។

លោកប្រធានាធិបតី បានគូសរំលេចថា ធនធានធម្មជាតិដ៏សំខាន់របស់កាហ្សាក់ស្ថាន និង​កម្ពុជា ជាវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការចាប់អារម្មណ៍ក្នុ​ងការពង្រឹង​កិច្ចសហ​ប្រតិបត្តិការផ្នែកថាមពល ឱ្យកាន់តែស៊ីជម្រៅ។ សម្តេចធិបតីក៏បានលើកឡើង​ដែរថា​ក្រសួង​នានារបស់កម្ពុជាចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយកាហ្សាក់ស្ថាន លើរដ្ឋា​ភិបាល​អេឡិចត្រូនិក​ដែល​ហៅ​តាម​ភាសា​អង់គ្លេស​ថា E-government ជាមួយការកត់​សម្គាល់​ពីជំនាញដ៏ទូលំទូលាយ និងការអភិវឌ្ឍន៍ជឿនលឿនរបស់កម្ពុជាក្នុងវិស័យនេះ។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចមហាបវរធិបតី បានឈានដល់ការផ្លាស់ប្តូរឯកសារអនុស្សារណៈយោគយល់គ្នាចំនួន៧រួមមាន៖

១៖ សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន។

២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថលកាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម «បច្ចេកវិទ្យាព័ត៌មានជាតិ» ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។

៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

៤៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលកាហ្សាក់ស្ថាន។

៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-​កា​ហ្សាក់​ស្ថាន រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ និងកីឡាកាហ្សាក់​ស្ថាន។

៦៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ និងព័ត៌មានកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ​វប្បធម៌និងវិចិត្រសិល្បៈ។

៧៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន៕

ក្នុងដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀត​ទទួល​ជួបប្រធានក្រុមហ៊ុនរបស់កាហ្សាក់ស្ថានចំនួនពីររួមមាន៖

១៖ ក្រុមហ៊ុន Daubay Production ដែលជាក្រុមហ៊ុនផលិតភាព​យន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការ​ផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។

២៖ ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយ​ ដែលមាន​មូល​​ដ្ឋាន​នៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោល​ដៅ​ទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍​អន្តរ​ជាតិ ព្រមទាំងដៃគូក្នុង​វិស័យ​​ទេសចរណ៍។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន សម្តេចមហាបវរធិបតី និងលោក​ជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ អញ្ជើញទស្សនាមជ្ឈមណ្ឌលហិរញ្ញវត្ថុ Astana International Financial Center (AIFC), មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត Alem AI Center និងទស្សនាព្រះវិហារឥស្លាម ណូស៊ុលតង់ (Nursultan Mosque)៕