* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយ​ភាព​រាក់​ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា

18-10-2026 12:44

(អាស្តាណា, កាហ្សាក់ស្ថាន)៖ លោកស្រី Daubayeva Nurgul សហស្ថាបនិក និងជា​ប្រធានផលិតករក្រុមហ៊ុន Daubay Film Production បានចាត់ទុកស្នាមញញឹម ប្រកប​ដោយ​ភាព​រាក់​ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំ​ល្អៗ​អំពី​កម្ពុជា។

លោកស្រី Daubayeva Nurgul លើកឡើងបែបនេះ ក្នុងឱកាសជួបសម្តែងការគួរសម​ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ក្នុងពេលសម្តេចអញ្ជើញបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាន។

ក្នុងជំនួបនេះ លោកស្រីសហស្ថាបនិកក្រុមហ៊ុន បានគោរពជម្រាបសម្ដេចមហាបវរធិបតី អំពីសកម្មភាពថតខ្សែភាពយន្តរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជារយៈពេល៤ខែ ដើម្បី​ផលិតខ្សែភាពយន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកស្រី ក៏បានគោរពថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដែល​បានជួយទំនុកបម្រុង និងគាំទ្រដល់សកម្មភាពនៃការផលិតភាពយន្តរហូត​ទទួល​បាន​ជោគជ័យ។

លោកស្រីបានបន្តថា ក្រុមហ៊ុនរបស់លោកស្រីចងចាំយ៉ាងច្បាស់អំពីកម្ពុជា ដែលជាប្រទេស​ប្រកបដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អថ្លៃថ្លា និងស្រស់ត្រកាល ជាមួយប្រជាជន​ដែល​មានស្នាមញញឹមប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នា ដែលជាអ្វី​ដែល​កម្ររកបាន និងធ្វើឱ្យលោកស្រី និងក្រុមការងារមានការចងចាំល្អៗអំពីកម្ពុជា ហើយ​តែងតែចិញ្ចឹមចិត្តថា នឹងត្រឡប់មកកម្ពុជាម្ដងទៀត នាពេលអនាគតដោយចាត់ទុក​ប្រទេស​កម្ពុជាដូចជាប្រទេសកាហ្សាក់ស្ថានដែរ។

សម្ដេចមហាបវរធិបតី បានសម្ដែងក្ដីសោមនស្សរីករាយដែលបានឮ​ដោយផ្ទាល់​នូវ​ចំណាប់​អារម្មណ៍ និងការចងចាំល្អៗអំពីប្រទេស និងប្រជាជនកម្ពុជា។ សម្ដេចមហាបវរធិបតី បាន​គូស​បញ្ជាក់ថា ការណ៍នេះបង្ហាញអំពីភាពវិជ្ជមាននៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន​នៃប្រទេសទាំងពីរ។ ជាពិសេស ខ្សែភាពយន្តដែលបានផលិតនៅកម្ពុជា នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ដល់ការស្វែងយល់របស់ប្រជាជនកាហ្សាក់ស្ថានអំពីកម្ពុជាបន្ថែមទៀត ព្រមទាំង​ជួយ​ទាក់ទាញទេសចរកាហ្សាក់ស្ថាន និងទេសចរសាសន៍ដទៃទៀតមកទស្សនាកម្ពុជា​។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន Daubay Film Production និងប្រជាជនកាហ្សាក់ស្ថាន ហើយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ នឹងបន្តសម្របសម្រួល គាំទ្រ និងផ្ដល់ភាព​ងាយ​ស្រួលដល់សកម្មភាពអាជីវកម្ម ដំណើរទេសចរណ៍ និងធុរកិច្ចនានារបស់ជន​ជាតិ​កាហ្សាក់​ស្ថាននៅកម្ពុជា។

សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Daubay Film Production ដែលបានមកផលិតភាពយន្ត និងជួយផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក​តាមរយៈ​ខ្សែ​ភាពយន្ត ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការនេះជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជាបន្ថែមទៀតនាពេលខាងមុខ។ សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុម​ហ៊ុន​បន្ត​ទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រសួងស្ថាប័នកម្ពុជា ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការ​ផ្តល់​កិច្ចសម្របសម្រួលនានា។

សូមបញ្ជាក់ថា Daubay Production គឺជាក្រុមហ៊ុនផលិតភាពយន្តមួយ​ដែលមាន​មូល​ដ្ឋាននៅទីក្រុងអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការផលិត​ភាព​យន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។ ស្នាដៃរបស់ក្រុមហ៊ុនត្រូវបានផ្សព្វ​ផ្សាយតាមរយៈវេទិកាអនឡាញនានា រួមមាន Kinopoisk HD និង YouTube។

ក្រុមហ៊ុនផ្តល់សេវាកម្មផលិតភាពយន្តជាច្រើនដំណាក់កាល ចាប់ពីការរៀបចំ និងតាក់​តែង​សាច់រឿង ការជ្រើសរើសតួសម្តែង ការរៀបចំផលិតកម្ម ការថត ការកាត់ត និងការចែក​ចាយ​ស្នាដៃ។ Daubay Production ក៏ធ្លាប់បានមកថតភាពយន្តដែលមានចំណងជើងថា «GAP» នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥៕