កម្ពុជាផ្សព្វផ្សាយវប្បធម៌ និងសក្តានុពលទេសចរណ៍ ក្នុងព្រឹត្តិការណ៍ Global Festa Japan ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ
18-10-2026 18:08
(តូក្យូ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍កិច្ចសហប្រតិបត្តិការអន្តរជាតិ «Global Festa Japan ឆ្នាំ២០២៦» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ដើម្បីផ្សព្វផ្សាយអំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់សាធារណជនអន្តរជាតិ។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមមូលបទ «ភ្ជាប់ទៅកាន់ពិភពលោក ជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ការបង្កើតអនាគតរួមគ្នា» ក្នុងឱកាសនៃការប្រារព្ធខួប ៣៥ឆ្នាំ នៃកម្មវិធី ដោយមានកិច្ចសហការរវាងក្រសួងការបរទេសជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) និងមជ្ឈមណ្ឌលអង្គការក្រៅរដ្ឋាភិបាលជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JANIC)។ ពិព័រណ៍នេះរៀបចំឡើងជាទម្រង់ចម្រុះ (ផ្ទាល់ និងអនឡាញ) ដោយមានការចូលរួមពីស្តង់ជិត ២០០ មកពីបណ្តាស្ថាប័នរដ្ឋជប៉ុន ក្រុមហ៊ុនឯកជន អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងស្ថានទូតបរទេសនានា។
នៅក្នុងឱកាសនោះ ស្តង់ពិព័រណ៍របស់កម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទស្សនាតាមរយៈការតាំងបង្ហាញស្នាដៃសិល្បៈ, ផលិតផលក្នុងស្រុក, សិប្បកម្មខ្មែរ, វត្ថុអនុស្សាវរីយ៍វប្បធម៌ និងសៀវភៅធ្វើម្ហូប «The Taste of Angkor»។ ទន្ទឹមនឹងនេះ តំណាងស្ថានទូតបានផ្តល់ព័ត៌មានលម្អិតអំពីប្រវត្តិសាស្ត្រ ប្រពៃណី និងរមណីយដ្ឋានទេសចរណ៍សំខាន់ៗ ដើម្បីជំរុញឱ្យភ្ញៀវទេសចរអញ្ជើញមកទស្សនាកម្ពុជាកាន់តែច្រើន។ លើសពីនេះ ក្រុមហ៊ុន Pa'aimaz Co., Ltd ក៏បានចូលរួមសហការជាមួយស្ថានទូត ដើម្បីផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុនផងដែរ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា ខ្លួននឹងបន្តចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍អន្តរជាតិនានាជាបន្តបន្ទាប់ ដើម្បីបន្តលើកស្ទួយវប្បធម៌ និងវិស័យទេសចរណ៍ជាតិ ព្រមទាំងពង្រឹងចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុន និងសហគមន៍អន្តរជាតិឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕






















