លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
19-10-2026 17:10
(ភ្នំពេញ)៖ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសខួបលើកទី៨១ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាមួយគ្នានេះ មេដឹកនាំកំពូលវៀតណាម បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
យោងតាមសារលិខិត លោក តូ ឡឹម បានសម្តែងនូវការគោរពចំពោះមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោចំពោះប្រទេសវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់សម្តេច ក្នុងមុខតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ចំពោះការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។
លោកប្រធានរដ្ឋវៀតណាម បានគូសរំលេចថា ទំនាក់ទំនងវៀតណាម-កម្ពុជា ត្រូវបានពូនជ្រុំឆ្លងកាត់ការឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ ហើយកាន់តែត្រូវបានពង្រឹង និងអភិវឌ្ឍលើមូលដ្ឋានមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សមភាព ជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមក។ លោកបានបញ្ជាក់ថា គណបក្សកុម្មុយនីស្តវៀតណាម រដ្ឋ និងប្រជាជនវៀតណាម នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រួមជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា ដើម្បីការពារ ថែរក្សា និងបន្តពូនជ្រុំទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែរីកចម្រើនជាលំដាប់។
បន្ថែមពីលើនេះ មេដឹកនាំកំពូលវៀតណាម បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងជិតស្និទ្ធ ប្រកបដោយទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងគណបក្សទាំងពីរ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង ក្រោមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងចីរភាពយូរអង្វែង» ដើម្បីឆ្លើយតបនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។
ក្នុងឱកាសនោះដែរ លោក តូ ឡឹម បានប្រសិទ្ធពរជ័យជូន សម្តេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តម ព្រមទាំងជូនពរឱ្យទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ស្ថិតស្ថេររឹងមាំជានិច្ចនិរន្តរ៍៕






