រដ្ឋមន្ត្រីសុខាភិបាល ដឹកនាំគណៈប្រតិភូ ចូលរួមពិធីបើកកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
19-10-2026 20:01
(រដ្ឋធានីម៉ានីល )៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រោមមូលប “Weaving Health for All”។
ក្នុងកិច្ចប្រជុំនេះក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៨ រួមទាំងកម្ពុជា បានជួបប្រជុំប្រចាំឆ្នាំ ដេីម្បីស្តាប់របាយការណ៍វឌ្ឍនភាពរបស់តំបន់ក៏ដូចជារដ្ឋសមាជិកនីមួយៗ ដេីម្បីកំណត់យុទ្ធសាស្រ្តអាទិភាពសម្រាប់ឆ្លេីយតបបញ្ហាប្រឈមទាំងនៅកម្រិតតំបន់និងប្រទេស ព្រមទាំងលេីកផែនការថវិកាក្នុងរយ:ពេល៣ឆ្នាំបន្ត (២០២៧-២០២៩) សម្រាប់ការិយាល័យតំបន់ និងប្រទេស។
សូមជម្រាបថាតបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលបទ “Weaving health for all” នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។
កិច្ចប្រជុំអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៨ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងការកិច្ចប្រជុំនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ ស្តីពីលទ្ធផលសម្រេចបានក្នុង វិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។
គូសបញ្ជាក់ដែរថា កិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រោមមូលបទ “Weaving health for all” ដោយបានលើកយកប្រធានបទចំបងៗចំនួន៤ ដើម្បីពិភាក្សាលើបញ្ហាអាទិភាពដែលបានជួបប្រទះ បញ្ហាប្រឈម និងការសម្រេចចិត្តរួមគ្នារបស់ប្រទេសជាសមាជិក រួមមាន៖ ១) បញ្ញាសិប្បនិម្មិត (AI) ២) ការគ្រប់គ្រងជំងឺឡើងសម្ពាធឈាម (Hypertension Control) ៣) ការចាក់វ៉ាក់សាំង (Immunization) និង ៤) ការគ្រប់គ្រងថ្នាំជក់ (Tobacco Control)៕




























