រដ្ឋមន្ត្រីក្រសួងការបរទេសក្រូអាស៊ី បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ស្វែងយល់ពីដំណើរការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា
19-10-2026 20:07
(ភ្នំពេញ)៖ លោក Gordan Grlić Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី រួមជាមួយគណៈប្រតិភូ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដើម្បីស្វែងយល់អំពីដំណើរការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងកិច្ចការថែរក្សាកេរដំណែលរបស់ អ.វ.ត.ក.។
ដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍ដោយលោក ហែម ក្រាញ់ តូនី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក.ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីពាក់ព័ន្ធនៃ អ.វ.ត.ក.។
ក្នុងឱកាសនោះ លោក ហែម ក្រាញ់ តូនី បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្ដូរបទពិសោធពាក់ព័ន្ធនឹងយុត្តិធម៌អន្តរកាល ការកសាងសន្តិភាព និងការផ្សះផ្សាជាតិ។
លោកបានលើកឡើងថា ដំណើរទស្សនកិច្ចនេះនឹងបង្ហាញជូនដល់គណៈប្រតិភូឱ្យយល់កាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាការព្យាបាលរបួសផ្លូវចិត្ត ការផ្សះផ្សាជាតិ និងការថែរក្សាការចងចាំជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ។
ក្រៅពីកិច្ចពិភាក្សាការងារ លោករដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញទស្សនាសាលពិព័រណ៍អចិន្ត្រៃយ៍ (សាលាយុត្តិការ) ដែលបង្ហាញអំពីដំណើរការជំនុំជម្រះក្ដីនៅ អ.វ.ត.ក. ការស៊ើបអង្កេត និងការរកឃើញសំខាន់ៗពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានស្វែងយល់អំពីការរៀបចំ ការគ្រប់គ្រង និងការថែរក្សាឯកសាររបស់ អ.វ.ត.ក. នៅបណ្ណសារដ្ឋាន ដែលត្រូវបានរៀបចំឡើងស្របតាមបទដ្ឋានអន្តរជាតិ ព្រមទាំងបានទស្សនាបណ្ណាល័យ និងបន្ទប់សិក្សា ដែលបម្រើដល់ការសិក្សា និងការស្រាវជ្រាវរបស់សិស្ស និស្សិត និងសាធារណជនទូទៅ។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច លោក Gordan Grlić Radman បានសម្ដែងនូវក្តីរំភើបរីករាយដែលបានអញ្ជើញមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់ អ.វ.ត.ក. ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការទទួលខុសត្រូវ ការផ្សះផ្សាជាតិ ការកសាងសន្តិភាពប្រកបដោយចីរភាព និងការបង្ការអំពើឃោរឃៅនាពេលអនាគត។
លោក Gordan Grlić Radman មានប្រសាសន៍ថា៖«តាមរយៈការស្វែងរកការពិត យុត្តិធម៌ និងការចងចាំ អ.វ.ត.ក. បានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែក្នុងការស្តារផ្លូវចិត្ត និងការផ្សះផ្សាក្នុងសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពក្នុងកម្រិតអន្តរជាតិផងដែរ។ មេរៀនដែលទទួលបានពី អ.វ.ត.ក. បានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃយុត្តិធម៌ និងការទទួលខុសត្រូវ ក្នុងនាមជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការសម្រេចបាននូវសន្តិភាពយូរអង្វែង ស្ថិរភាព និងការរក្សាសន្តិភាពប្រកបដោយប្រសិទ្ធភាពនៅក្នុងសង្គមក្រោយជម្លោះ»។
លោករដ្ឋមន្ត្រី ក៏បានសម្ដែងការកោតសរសើរចំពោះប្រទេសជាម្ចាស់ជំនួយទាំងអស់ ដែលបានផ្ដល់
ការគាំទ្រដល់បេសកកម្មដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការងាររបស់មជ្ឈមណ្ឌលធនធានអ.វ.ត.ក. ក្នុងការអប់រំ ការថែរក្សាការចងចាំជាប្រវត្តិសាស្ត្រ និងការលើកកម្ពស់យុត្តិធម៌៕
























