ប្រធានបទសុខាភិបាលចំនួន៤ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសុខភាពសាធារណៈ ត្រូវបានលើកឡើងក្នុងពិព័រណ៍សមិទ្ធិផល និងនវានុវត្តន៍របស់ WHO នៅទីក្រុងម៉ានីល
19-10-2026 20:32
(ទីក្រុងម៉ានីល)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូសុខាភិបាល បានអញ្ជើញទស្សនាការតាំងពិពណ៌ របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចក្រោមប្រធានបទ "Weaving the Future of Health" ដែលការតាំងពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងកិច្ចសហការលើវិស័យសុខាភិបាលក្នុងតំបន់ និងសាកល។
ក្នុងពិព័រណ៍នាថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានផ្តោត លើប្រធានបទ សុខាភិបាល ចំនួន ៤ចម្បង ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសុខភាពសាធារណៈ រួមមាន៖ ១) នវានុវត្តន៍ឌីជីថល (Digital Innovation)៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីភូមិសាស្ត្រ ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈ ២) ការចាក់វ៉ាក់សាំង (Immunization)៖ ការការពារសុខភាពពេញមួយជីវិត ៣) គំនិតផ្តួចផ្តើមសុខភាពតែមួយ "One Health"៖ ការភ្ជាប់សុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីចូលគ្នា និង ៤) ការពង្រឹងប្រព័ន្ធសុខាភិបាល (Health Systems Strengthening)៖ ការបំប្លែងទិន្នន័យទៅជាសកម្មភាព ដើម្បីការថែទាំដែលមានសុវត្ថិភាពជាងមុន។
សូមជម្រាបថាកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលបទ “Weaving health for all” នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៨ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕














