មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច និងប្រជាការពារភូមិ ដើម្បីធានាឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានប្រសិទ្ធភាពខ្ពស់
19-10-2026 23:23
(ព្រះវិហារ)៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពង្រឹងកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច និងប្រជាការពារភូមិ ដើម្បីធានាឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានប្រសិទ្ធភាពខ្ពស់។
ការថ្លែងរបស់លោក អ៊ុំ ម៉ារ៉ា ក្នុងឱកាសដែលលោកអញ្ជើញតំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបាយការណ៍៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងលើកទិសដៅអនុវត្តបន្ត នៅរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារភូមិ ជាច្រើនរូបទៀត។
លោក អ៊ុំ ម៉ារ៉ា បានថ្លែងលើកឡើងថា៖កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរបាយការណ៍៩ខែ ឆ្នាំ២០២៦ ព្រមទាំងពិនិត្យបញ្ហាប្រឈម និងកំណត់ទិសដៅអនុវត្តការងារបន្ត ឱ្យកាន់តែមានប្រសិទ្ធភាព។
លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងលើកឡើងពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងទប់ស្កាត់បទល្មើស ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោករដ្ឋលេខាធិការក៏បានថ្លែងជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពង្រឹងកិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារភូមិ ដើម្បីធានាឱ្យការអនុវត្តគោលនយោបាយនេះទទួលបានប្រសិទ្ធភាព និងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ដោយឡែកលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានថ្លែងក្នុងនាមរដ្ឋបាលស្រុកនឹងបន្តជំរុញការអនុវត្តវិធានការចាំបាច់នានា ដោយផ្តោតលើការបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើហិង្សា ការគោរពច្បាប់ចរាចរណ៍ ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដោយឈរលើគោលការណ៍ច្បាប់ និងការចូលរួមពីប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះយើងត្រូវបន្តពង្រឹងតួនាទីរបស់អាជ្ញាធរឃុំ និងប្រជាការពារភូមិ ក្នុងការសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីតាមដានសភាពការណ៍ ស្វែងយល់ពីបញ្ហា ដែលកើតមានក្នុងសហគមន៍ រាយការណ៍ព័ត៌មានពាក់ព័ន្ធ និងចូលរួមអនុវត្តវិធានការបង្ការ ទប់ស្កាត់បទល្មើស ស្របតាមតួនាទី និងភារកិច្ចដែលបានកំណត់។ជាពិសេស ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ពង្រឹងទំនាក់ទំនងល្អរវាងអាជ្ញាធរ និង ប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋចូលរួម ថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសហគមន៍របស់ខ្លួន។
លោក ឃិត សុធារ៉ា បានថ្លែងបញ្ជាក់ទៀតថា៖សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ រដ្ឋបាលស្រុកឆែប នឹងបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ លើការអនុវត្តផែនការសកម្មភាព ដោយកំណត់ច្បាស់នូវការទទួលខុសត្រូវរបស់អង្គភាពនីមួយៗ ពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ជាប្រចាំ ព្រមទាំងដោះស្រាយចំណុចខ្វះខាតដែលបានរកឃើញ ដើម្បីធានាថា ការអនុវត្តគោលនយោបាយនេះ ទទួលបានលទ្ធផលជាក់ស្តែង និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពល រដ្ឋ៕










