* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh Exclusive: សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងខួបកំណើត៤៩ឆ្នាំ៖ ពីការអភិវឌ្ឍសេដ្ឋកិច្ច ទៅការការពារអធិបតេយ្យភាព និងស្តារកេរ្តិ៍ឈ្មោះកម្ពុជា (Video inside)

20-10-2026 17:46

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ជាខួបកំណើតគម្រប់៤៩ឆ្នាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលអស់រយៈពេលជាងបីឆ្នាំ។

នៅពេលចូលកាន់តំណែងឆ្នាំ២០២៣ សម្តេចធិបតីបានផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារ។ ប៉ុន្តែក្រោយមក កម្ពុជាបានប្រឈមនឹងបញ្ហាធំៗពីរ គឺវិវាទព្រំដែនជាមួយថៃ និងឧក្រិដ្ឋកម្ម Online Scams ដែលបានរីករាលដាលក្នុងប្រទេសចាប់តាំងពីអំឡុងវិបត្តិកូវីដ-១៩។ តើសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីការពារអធិបតេយ្យភាព បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងស្តារទំនុកចិត្តអន្តរជាតិចំពោះកម្ពុជា?

ក្នុងឱកាសខួបកំណើតនេះ Fresh Exclusive ពិនិត្យមើលដំណើរការដឹកនាំរបស់នាយករដ្ឋមន្ត្រី ចាប់ពីការអភិវឌ្ឍសេដ្ឋកិច្ច រហូតដល់ការដោះស្រាយវិបត្តិដែលប្រទេសកំពុងប្រឈម៖

ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈភាគច្រើនលើសលប់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចូលកាន់តំណែងជាផ្លូវការ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បន្តវេនដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ដោយប្តេជ្ញាការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ។

ការបន្តវេនដឹកនាំនេះ បានកើតឡើងក្នុងដំណាក់កាលដែលកម្ពុជាកំពុងស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ខណៈឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស Online Scams និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក បានក្លាយជាបញ្ហាប្រឈមសំខាន់ៗសម្រាប់រាជរដ្ឋាភិបាលថ្មី។

*ពីនយោបាយឈ្នះ–ឈ្នះ ទៅការអភិវឌ្ឍសេដ្ឋកិច្ច
នយោបាយឈ្នះ–ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅចុងឆ្នាំ១៩៩៨ បានបង្កើតមូលដ្ឋានសន្តិភាព និងស្ថិរភាពសម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

នៅពេលបន្តវេនដឹកនាំប្រទេសក្នុងឆ្នាំ២០២៣ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាព ដោយជំរុញការទូតសេដ្ឋកិច្ច ការទាក់ទាញវិនិយោគបរទេស ការលើកស្ទួយទេសចរណ៍ និងការពង្រីកទីផ្សារផលិតផល Made in Cambodia។ គោលដៅគឺប្រែក្លាយសន្តិភាពដែលកម្ពុជាទទួលបាន ទៅជាឱកាសការងារ ប្រាក់ចំណូល និងការលើកកម្ពស់ជីវភាពប្រជាជន។

តួលេខឆ្នាំ២០២៤ បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់។ សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ៦ភាគរយ តាមការប៉ាន់ស្មានដំបូង ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនសរុបប្រមាណ៦.៩ពាន់លានដុល្លារ។
ចំណែកការនាំចេញទំនិញបានកើនដល់ប្រមាណ២៦.១៩ពាន់លានដុល្លារ ហើយកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់។

តួលេខទាំងនេះឆ្លុះបញ្ចាំងពីការងើបឡើងនៃសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលដំបូងនៃការដឹកនាំរបស់សម្តេចបវរធិបតី ទោះបីកំណើននេះក៏ទទួលឥទ្ធិពលពីការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ និងតម្រូវការទីផ្សារអន្តរជាតិផងដែរ។

ប៉ុន្តែការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចពឹងផ្អែកតែលើទុនវិនិយោគ និងកំណើនផលិតផលក្នុងស្រុកបានឡើយ។ វាត្រូវការសន្តិសុខ នីតិរដ្ឋ ស្ថាប័នមានប្រសិទ្ធភាព និងទំនុកចិត្តពីសហគមន៍អន្តរជាតិ។

នេះជាបញ្ហាប្រឈម ដែលកម្ពុជាត្រូវប្រឈមកាន់តែខ្លាំង នៅពេលឧក្រិដ្ឋកម្ម Online Scams បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស និងបង្កើតសម្ពាធថ្មីលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

*Online Scams៖ បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលរីករាលដាលក្នុងអំឡុងវិបត្តិកូវីដ-១៩
ក្នុងអំឡុងវិបត្តិកូវីដ-១៩ ខណៈពិភពលោកកំពុងផ្តោតលើការទប់ស្កាត់ជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ច បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនបានពង្រីកប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ដោយប្រើអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលដើម្បីឆបោកជនរងគ្រោះនៅប្រទេសផ្សេងៗ។

នៅកម្ពុជា ទីតាំងកាស៊ីណូ សណ្ឋាគារ និងអគារមួយចំនួនដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ ត្រូវបានបណ្តាញឧក្រិដ្ឋកម្មខ្លះប្រើប្រាស់ជាមូលដ្ឋានប្រតិបត្តិការ Online Scams។

បញ្ហានេះបានរីករាលដាល មុនពេលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៣។ ទោះជាយ៉ាងណា ការបន្តសកម្មភាពរបស់បណ្តាញឧក្រិដ្ឋកម្មទាំងនេះ បានក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់កុំឱ្យទឹកដីកម្ពុជា ត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឆ្លងដែន។

ឧក្រិដ្ឋកម្មទាំងនេះមិនត្រឹមតែបង្កការខាតបង់ប្រាក់រាប់ពាន់លានដុល្លារដល់ជនរងគ្រោះនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការឆបោក ការលាងលុយ និងការរំលោភសិទ្ធិមនុស្ស។

សម្រាប់កម្ពុជា ផលប៉ះពាល់មិនបានកំណត់ត្រឹមបញ្ហាសន្តិសុខ និងការអនុវត្តច្បាប់ឡើយ។ ការដែលបណ្តាញឧក្រិដ្ឋកម្មប្រើប្រាស់ទីតាំងក្នុងប្រទេសសម្រាប់ប្រតិបត្តិការឆបោក ក៏បានធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជារងការរិះគន់ និងបង្កហានិភ័យដល់វិស័យទេសចរណ៍ ការវិនិយោគ និងទំនុកចិត្តពីសហគមន៍អន្តរជាតិ។

ដូច្នេះ បញ្ហា Online Scams ដែលបានរីករាលដាលមុនឆ្នាំ២០២៣ បានក្លាយជាបេសកកម្មសំខាន់មួយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ពង្រឹងនីតិរដ្ឋ និងស្តារកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។

*ពីការបង្ក្រាប Online Scams ទៅការស្តារកេរ្តិ៍ឈ្មោះជាតិ
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងប្រទេស ដោយតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នអនុវត្តច្បាប់ទទួលខុសត្រូវចំពោះប្រសិទ្ធភាពនៃការបង្ក្រាប។
យុទ្ធនាការនេះបានពង្រីកពីការត្រួតពិនិត្យទីតាំងសង្ស័យ ទៅដល់ការបិទមជ្ឈមណ្ឌលឆបោក ការចាប់ខ្លួនជនសង្ស័យ ការស៊ើបអង្កេតលើបណ្តាញហិរញ្ញវត្ថុ និងការចាត់វិធានការតាមផ្លូវតុលាការ។

តាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ចុងខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានបង្ក្រាបទីតាំងចំនួន៦៦៣ ក្នុងនោះមានមជ្ឈមណ្ឌលឆបោកធំៗចំនួន៨៦។
អាជ្ញាធរក៏បានរាយការណ៍ពីការបញ្ជូនសំណុំរឿងចំនួន៤៤៦ ពាក់ព័ន្ធនឹងជនសង្ស័យ៣,៩២៧នាក់ទៅតុលាការ និងការបង្កកគណនីធនាគារពាក់ព័ន្ធនឹងបទល្មើស ដែលមានទឹកប្រាក់សរុបជាង៣០០លានដុល្លារ។

សម្តេចបវរធិបតីបានប្រើការប្រៀបធៀបអំពីការសម្អាតផ្ទះខ្លួនឯង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តមិនអនុញ្ញាតឱ្យកម្ពុជាក្លាយជាជម្រកសម្រាប់បណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ ការបង្ក្រាបនេះក៏ត្រូវបានរាជរដ្ឋាភិបាលភ្ជាប់ទៅនឹងគោលដៅស្តារកេរ្តិ៍ឈ្មោះជាតិ និងពង្រឹងទំនុកចិត្តពីវិនិយោគិន ភ្ញៀវទេសចរ និងសហគមន៍អន្តរជាតិ។

*ការប្តេជ្ញារបស់នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាប Online Scams និងស្តារទំនុកចិត្តជាតិ
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams (ICCOS-2026) នៅរាជធានីភ្នំពេញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា «កម្ពុជានឹងមិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់ឧក្រិដ្ឋកម្ម Online Scams ជាដាច់ខាត»។ ការប្តេជ្ញានេះមានគោលដៅបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ការពារប្រជាជន និងស្តារកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។

សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា ការបង្ក្រាប Online Scams មិនមែនជាយុទ្ធនាការផ្សព្វផ្សាយរូបភាពប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចសន្តិសុខជាតិដែលត្រូវអនុវត្តជាប្រចាំ។ សម្តេចក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកាត់ផ្តាច់បណ្តាញមេខ្លោង និងការលាងលុយ ព្រមទាំងការពារជនរងគ្រោះ។

ការសាកល្បងសំខាន់នៃការប្តេជ្ញានេះ គឺការប្រែក្លាយពាក្យសន្យា ទៅជាលទ្ធផលជាក់ស្តែង តាមរយៈការអនុវត្តច្បាប់ដោយស្មើភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃឧក្រិដ្ឋកម្ម និងស្តារទំនុកចិត្តអន្តរជាតិចំពោះកម្ពុជាបានយូរអង្វែង។

វិវាទព្រំដែនកម្ពុជា–ថៃ៖ ការសាកល្បងដ៏ធំនៃភាពជាអ្នកដឹកនាំ
ខណៈកម្ពុជា កំពុងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ប្រទេសក៏បានប្រឈមនឹងវិបត្តិព្រំដែនដ៏ធ្ងន់ធ្ងរជាមួយថៃ ដែលក្លាយជាការសាកល្បងថ្មីសម្រាប់ការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការប៉ះទង្គិចប្រដាប់អាវុធនៅតំបន់មុំបី ខេត្តព្រះវិហារ បានបណ្តាលឱ្យព្រឹន្ទបាលឯក សួន រ៉ោន ទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។ កម្ពុជាបានបញ្ជាក់ថា គឺកងទ័ពថៃដែលជាអ្នកបើកការបាញ់ប្រហារមុនទៅលើទីតាំងកងទ័ពកម្ពុជាក្នុងព្រឹត្តិការណ៍ នោះ។
ជម្លោះបានកើនឡើងរហូតឈានដល់ការប្រយុទ្ធធ្ងន់ធ្ងរក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស ការខូចខាតផ្ទះសម្បែង សាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់បេតិកភណ្ឌបុរាណ។ កម្ពុជាបានចោទប្រកាន់ថា ការវាយប្រហាររបស់ថៃបានបំផ្លាញប្រាសាទបុរាណខ្មែរ និងធ្វើឱ្យកម្ពុជាបាត់បង់ការគ្រប់គ្រងជាក់ស្តែងលើតំបន់ព្រំដែនមួយចំនួន។

ផលប៉ះពាល់ធ្ងន់ធ្ងរមួយទៀតគឺវិបត្តិមនុស្សធម៌។ តាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃកម្ពុជា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ពលរដ្ឋប្រមាណ២៤,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ បើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ។

ចំពោះវិបត្តិនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបន្តការពារអធិបតេយ្យភាព និងបូរណភាពទឹកដីតាមមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដោយផ្អែកលើសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ផែនទីពាក់ព័ន្ធ ព្រមទាំងសាលក្រមតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និង២០១៣ តាមវិសាលភាពនៃសាលក្រមទាំងនោះ។

យុទ្ធសាស្ត្រនេះមានគោលដៅរក្សាសិទ្ធិស្របច្បាប់របស់កម្ពុជា ទប់ស្កាត់ការពង្រីកសង្គ្រាម និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ការបាត់បង់ការគ្រប់គ្រងជាក់ស្តែងលើទឹកដីណាមួយ មិនមានន័យថាកម្ពុជាបានបោះបង់ ឬផ្ទេរអធិបតេយ្យភាពស្របច្បាប់លើទឹកដីនោះឡើយ។
ដូច្នេះ ការសាកល្បងសំខាន់សម្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺការប្រែក្លាយការប្តេជ្ញាការពារទឹកដី ទៅជាលទ្ធផលតាមផ្លូវច្បាប់ និងការទូត ខណៈធានាការអនុវត្តបទឈប់បាញ់ និងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជនដែលរងគ្រោះដោយសង្គ្រាម។

*ការការពារជាតិ និងប្រជាជន៖ បេសកកម្មដែលត្រូវដើរទន្ទឹមគ្នា
វិវាទព្រំដែនកម្ពុជា–ថៃ និងឧក្រិដ្ឋកម្ម Online Scams ជាបញ្ហាខុសគ្នា ប៉ុន្តែសុទ្ធតែជាការសាកល្បងការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងសុវត្ថិភាពប្រជាជន។

ការការពារព្រំដែន ត្រូវការកម្លាំងការពារជាតិ ការទូត និងច្បាប់អន្តរជាតិ ខណៈការបង្ក្រាប Online Scams ត្រូវការការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ បេសកកម្មទាំងពីររបស់រាជរដ្ឋាភិបាល មានគោលដៅរួម គឺការពារផលប្រយោជន៍ជាតិ និងមិនអនុញ្ញាតឱ្យទឹកដីកម្ពុជាត្រូវបានរំលោភបំពាន ឬប្រើប្រាស់សម្រាប់ប្រព្រឹត្តឧក្រិដ្ឋកម្ម។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសខួបកំណើតគម្រប់៤៩ឆ្នាំ សម្តេចបវរធិបតីនៅបានជួបសំណេះសំណាល និងទទួលទានអាហារជាមួយសិស្សគថ្លង់នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។ សកម្មភាពនេះក៏បង្ហាញពីការយកចិត្តទុកដាក់លើការអប់រំ និងសុខុមាលភាពរបស់ប្រជាជន ជាពិសេសអ្នកដែលត្រូវការការគាំទ្រពិសេស។

ការដឹកនាំប្រទេស មិនត្រឹមតែជាការការពារទឹកដី និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការធានាថា ប្រជាជនគ្រប់រូប មានឱកាសរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

*សេចក្តីសន្និដ្ឋាន៖ ពីការអភិវឌ្ឍជាតិ ទៅការការពារអធិបតេយ្យភាព និងស្តារទំនុកចិត្ត
ក្នុងឱកាសខួបកំណើតគម្រប់៤៩ឆ្នាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លងកាត់រយៈពេលជាងបីឆ្នាំនៃការដឹកនាំប្រទេស ដែលមានទាំងការជំរុញកំណើនសេដ្ឋកិច្ច និងការប្រឈមនឹងវិបត្តិធំៗពីរ គឺវិវាទព្រំដែនកម្ពុជា–ថៃ និងឧក្រិដ្ឋកម្ម Online Scams។

ការប្តេជ្ញាប្រើការទូត និងច្បាប់អន្តរជាតិដើម្បីការពារសិទ្ធិទឹកដី ព្រមទាំងការពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញពីអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព សុវត្ថិភាពប្រជាជន និងស្តារកេរ្តិ៍ឈ្មោះកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញភារកិច្ចដឹកនាំប្រទេស ឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា៕