ក្រសួងបរិស្ថាន និងអង្គការអុកស្វាមអន្តរជាតិ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ
20-10-2026 19:22
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងអង្គការអុកស្វាមអន្តរជាតិ បានប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមសកល និងជាអាទិភាពចម្បងរបស់កម្ពុជា។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Amitabh Behar ប្រធានអង្គការអុកស្វាមអន្តរជាតិ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាបានដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញយុទ្ធសាស្ត្រនានា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការជំរុញសហគមន៍ឱ្យមានភាពធន់ និងការរស់នៅដោយចីរភាព។
រដ្ឋមន្ត្រីបានបន្ថែមថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល គឺមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីជំរុញឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះកម្ពុជានឹងបង្ហាញការប្តេជ្ញាចិត្តជាថ្មីទៀត នៅក្នុងកិច្ចប្រជុំកំពូលលើកទី៣១ នៃរដ្ឋភាគីអនុសញ្ញាអង្គការសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅប្រទេសតួកគីយ៉េ នាពេលខាងមុខ ដើម្បីធ្វើការជំរុញឱ្យសហគមន៍អន្តរជាតិ មានការផ្តល់ហិរញ្ញប្បទាន អាកាសធាតុប្រកបដោយសមធម៌ ជាពិសេសដល់ប្រទេសដែលរងគ្រោះ ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះជាដើម។
នាយកអង្គការអុកស្វាមអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព និងជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុសកល។
លោក Amitabh Behar គូសបញ្ជាក់ថា អង្គការអុកស្វាមបានអះអាងជាថ្មីនូវការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តកម្មវិធីជួយដល់ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ការពង្រឹងសមត្ថភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងបានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ធ្វើការជាមួយបណ្តាញសកល ដើម្បីស្វែងរកហិរញ្ញប្បទានអាកាសធាតុ ប្រកបដោយតម្លាភាព ដើម្បីពង្រឹងភាពធន់ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ប្រកបដោយចីរភាព។
លោក Amitabh Behar បានបញ្ជាក់បន្ថែមថា អង្គការអុកស្វាមនឹងនៅតែបន្តឈរជាដៃគូដ៏រឹងមាំ ក្នុងការគាំទ្រដល់យុទ្ធសាស្ត្របរិស្ថានរបស់កម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ក៏ដូចជាជីវភាពរបស់សហគមន៍មូលដ្ឋាន៕

















