ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
20-10-2026 21:48
(ទីក្រុងឡាអេ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានថ្លែងបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី២ ក្រោមអនុសញ្ញា UNCLOS ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ គណៈកម្មាធិការផ្សះផ្សាបានឯកភាពបញ្ចូលរាល់សំណើទាំង ៤ ចំណុចសំខាន់ៗរបស់កម្ពុជា ទៅក្នុងកញ្ចប់នៃវិធានការកសាងទំនុកចិត្ត ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្កបរិយាកាសអំណោយផលដល់ការចរចា។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលប្រទេសទាំងពីរកំពុងមានជម្លោះ ភាពតានតឹងតែងតែកើនឡើង ខណៈដែលជំនឿទុកចិត្តបានថយចុះ។ ដូច្នេះ ដើម្បីជំរុញឱ្យមានការជឿទុកចិត្តគ្នាឡើងវិញ និងឈានទៅរកកិច្ចព្រមព្រៀងដោយសន្តិវិធី កម្ពុជាបានដាក់ចេញនូវសំណើស្នូលចំនួន ៤ ចំណុច ដែលទទួលបានការគាំទ្រ និងឯកភាពពីគណៈកម្មាធិការផ្សះផ្សា រួមមាន៖
១. ការធ្វើទំនាក់ទំនងសាធារណៈប្រកបដោយលក្ខណៈស្ថាបនា៖ ភាគីទាំងពីរត្រូវធ្វើទំនាក់ទំនងជាសាធារណៈក្នុងរបៀបមួយដែលបង្កើតលំហវិជ្ជមាន ដោយចៀសវាងជាដាច់ខាតនូវការប្រើប្រាស់ពាក្យពេចន៍ញុះញង់ ឬវោហាសាស្ត្រណាដែលធ្វើឱ្យអាប់អួរដល់បរិយាកាសនៃការចរចា។ ប្រមុខការទូតកម្ពុជា បានលើកជាឧទាហរណ៍ជាក់ស្ដែងថា សុន្ទរកថារបស់គណៈប្រតិភូកម្ពុជាតាំងពីកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរីមក តែងតែប្រកាន់ខ្ជាប់នូវជំហរសម្រុះសម្រួល និងស្ថាបនាជានិច្ច។
២. ការចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង៖ រាល់សកម្មភាព និងវិធានការទាំងឡាយ ត្រូវធ្វើឡើងក្នុងគោលដៅបន្សាបភាពតានតឹង ដោយមិនបង្កឱ្យខូចខាតដល់ស្ថានភាពបច្ចុប្បន្នឡើយ។ ជាពិសេស ត្រូវចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធានៅក្នុងដែនសមុទ្រជាប់ពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍ និងរបរនេសាទចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរ។
៣. ការលើកកម្ពស់កម្រិតតំណាងការទូតឡើងវិញ៖ ស្នើឱ្យដំឡើងកម្រិតតំណាងការទូតរវាងប្រទេសទាំងពីរឡើងដល់កម្រិតសមស្របមួយ (ការបញ្ជូនអនុប្រធានបេសកកម្មត្រឡប់ទៅវិញ) បន្ទាប់ពីទំនាក់ទំនងការទូតបានធ្លាក់ចុះដល់កម្រិត «លេខាធិការទី២» ដែលជាកម្រិតទាបបំផុត។ ការលើកកម្ពស់នេះ គឺដើម្បីធានាឱ្យមានបណ្តាញ និងប្រព័ន្ធទំនាក់ទំនងផ្ទាល់រវាងរដ្ឋាភិបាល ជាពិសេសរវាងនាយករដ្ឋមន្ត្រីទាំងពីរ និងរដ្ឋមន្ត្រីការបរទេសទាំងពីរ ក្នុងការដោះស្រាយរាល់បញ្ហានានាតាមផ្លូវការទូត មិនមែនតាមផ្លូវយោធានោះឡើយ។
៤. ការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់៖ ជំរុញឱ្យភាគីទាំងពីរអនុវត្តដោយស្មោះត្រង់នូវរាល់កិច្ចព្រមព្រៀងដែលបានអនុម័តជាមួយគ្នាកន្លងមក ជាពិសេសបទឈប់បាញ់ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាអាណត្តិរបស់គណៈកម្មាធិការផ្តោតលើដែនសមុទ្រក៏ដោយ ប៉ុន្តែភាពតានតឹងនៅលើដីគោកពិតជាជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការផ្សះផ្សានៅសមុទ្រ ហេតុនេះការគោរពកិច្ចព្រមព្រៀងដីគោកគឺជារឿងមិនអាចខ្វះបាន។
ទន្ទឹមនឹងការឯកភាពលើសំណើទាំងនេះ ភាគីទាំងពីរក៏បានឈានដល់ការព្រមព្រៀងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ផ្ទាល់ (Hotline) រវាងមេបញ្ជាការកងទ័ពជើងទឹកទាំងសងខាង ដើម្បីដោះស្រាយរាល់បញ្ហាបន្ទាន់ដែលអាចកើតឡើងនៅដែនសមុទ្រក្នុងអំឡុងពេលចរចា។ បន្ថែមលើនេះ គណៈកម្មាធិការក៏បានទទួលស្គាល់សិទ្ធិរបស់កម្ពុជាក្នុងការបញ្ចេញមតិ និងធ្វើសេចក្តីថ្លែងការណ៍ការពារការពិត និងសិទ្ធិស្របច្បាប់របស់ខ្លួននៅលើឆាកអន្តរជាតិ ដើម្បីកែតម្រូវព័ត៌មានមិនត្រឹមត្រូវនានា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា វិធានការកសាងទំនុកចិត្តទាំងនេះ មានទម្ងន់គតិយុត្តិ នយោបាយ និងសីលធម៌ខ្ពស់ ដោយសារតែត្រូវបានធ្វើឡើងនៅក្រោមដំបូលវិមានសន្តិភាព ដែលជាទីស្នាក់ការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA)។ លោកបានប្រៀបធៀបថា សម្រាប់រដ្ឋដែលអះអាងថាគោរពច្បាប់អន្តរជាតិ និងការងារការទូត ការសន្យានៅចំពោះមុខស្ថាប័នកំពូលទាំងនេះ គឺប្រៀបដូចជាការធ្វើសច្ចាប្រណិធាននៅក្នុងព្រះវិហារវត្តអារាមចំពោះភក្ត្រព្រះសង្ឃយ៉ាងដូច្នោះដែរ។
គួរបញ្ជាក់ថា យោងតាមកាលវិភាគដែលបានកំណត់ គណៈកម្មាធិការផ្សះផ្សានឹងបន្តបើកកិច្ចប្រជុំលើកទី៣ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា មុនពេលវិលត្រឡប់មកបើកកិច្ចប្រជុំលើកទី៤ នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅចុងខែមករា ឆ្នាំ២០២៧ ខាងមុខ៕




