ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
20-10-2026 22:11
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ ខណៈគណៈកម្មការផ្សះផ្សា ក្រោម UNCLOS យល់ស្របថា កម្ពុជាមានសិទ្ធិនិយាយការពិតទៅកាន់ពិភពលោក ពាក់ព័ន្ធការកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ពីព្រោះកន្លងទៅភាគីថៃ តែងតែខិតខំរារាំងមិនឱ្យកម្ពុជា និយាយអំពីការពិតទៅកាន់វេទិកាអន្តរជាតិ។
នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា ស្តីពី លទ្ធផលនៃកិច្ចប្រជុំលើកទី២ គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ ដែលចាក់ផ្សាយនៅល្ងាចថ្ងៃទី២០ ខែតុលានេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា៖ «ករណីកម្ពុជា យើងត្រូវការពារជាដាច់ខាតនូវអធិបតេយ្យរបស់យើង និងបូរណភាពទឹកដីយើង ដាច់ខាតត្រូវតែបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់យោធាថៃ ជាពិសេសការកាន់កាប់នូវភូមិទាំងឡាយរបស់ប្រជាជនយើង យើងទាមទារឱ្យប្រជាជនជាង២ម៉ឺននាក់ មានសិទ្ធិវិលត្រឡប់ ទៅកាន់គេហដ្ឋានរបស់វិញដោយគ្មានការរារាំង»។
ត្រង់ចំណុចនេះ ត្រូវបានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ចំពោះចំណុចនេះ ត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែ មិនត្រូវបានអនុវត្ត។
បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃថា កម្ពុជា យើងដើរតួជាអ្នករងគ្រោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន «ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីឆ្លើយទៅវិញយ៉ាងសាមញ្ញថា «កម្ពុជា មិនមានការចាំបាច់ក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ!»។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា កម្ពុជា បានស្នើសុំទៅគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ (UNCLOS) ហើយបើទោះបីជាគណៈកម្មការមានអាណត្តិសម្រាប់តែបញ្ហាសមុទ្រក៏ដោយ ប៉ុន្តែកម្ពុជា បានស្នើសុំ ហើយទទួលបានការលើកទឹកចិត្តគណៈកម្មការ UNCLOS ឱ្យភាគីទាំងពីរ អនុវត្តនូវកិច្ចព្រមព្រៀមទាំងឡាយដែលបានធ្វើជាមួយគ្នាកន្លងទៅ ដែលមិនទាន់អនុវត្ត។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា បញ្ហាព្រំដែនគោក និងដែនសមុទ្រ ជាបញ្ហា២ដាច់ដោយឡែកពីគ្នា ពីព្រោះជាបញ្ហាដែលមានក្របខណ្ឌច្បាប់ដោយឡែកពីគ្នា និងមានយន្តការដោះស្រាយបញ្ហាដោយឡែកពីគ្នា។ ហើយក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ បញ្ហាដីគោក និងបញ្ហាសមុទ្រមិនត្រូវធ្វើឡើងដោយភ្ជាប់ចំណងជាមួយគ្នានោះទេ ពោលគឺត្រូវឡើងដាច់ដោយឡែកពីគ្នា។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ចំណុចដែលលោកលើកឡើងបញ្ហាព្រំដែនគោក និងសមុទ្រនេះឡើង ដោយសារតែនៅពេលដែលភាគីថៃ បានបញ្ចប់ជាឯកតោភាគីនូវអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ (MoU 2001) ដូច្នេះហើយកម្ពុជា ត្រូវបង្ខំចិត្តទៅរកយន្តការផ្សះផ្សាដោយបង្ខំ ហើយភាគីថៃ បានឆ្លើយតបថាអ្វីៗទាំងអស់ដែលបានព្រមព្រៀងគ្នា សម្រាប់ការដោះស្រាយបញ្ហាព្រំដែនគោក ត្រូវបានផ្អាក ឬក៏ត្រូវបានបញ្ចប់។ ចំពោះការលើកឡើងរបស់ភាគីថៃ ត្រូវបានភាគីកម្ពុជា ពន្យល់ទៅគណៈកម្មការ UNCLOS ថា នេះជាបញ្ហាពីរខុសគ្នា បើទោះបីបរិស្ថាន ក្នុងវិស័យមួយជះឥទ្ធិពលទៅដល់វិស័យមួយទៀតក៏ដោយ៕




