ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
20-10-2026 22:52
(ទីក្រុងឡាអេ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជាភ្នាក់ងារតំណាងកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការផ្សះផ្សាលើវិវាទព្រំដែនសមុទ្រនៅទីក្រុងឡាអេ ប្រទេសហូឡង់ គណៈប្រតិភូកម្ពុជាបានពន្យល់ និងបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជូនគណៈកម្មាធិការផ្សះផ្សាថា បញ្ហាព្រំដែនដីគោក និងព្រំដែនសមុទ្រ គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នាទាំងស្រុង ដែលមានក្របខ័ណ្ឌច្បាប់ និងយន្តការដោះស្រាយខុសគ្នា ហើយត្រូវបានអនុវត្តដាច់ដោយឡែកពីគ្នារយៈពេល ២៥ ឆ្នាំមកហើយ ហេតុនេះភាគីថៃមិនអាចយកលេសនៃការផ្អាកកិច្ចការព្រំដែនគោក មកភ្ជាប់ចំណង ឬរារាំងដល់ដំណើរការដោះស្រាយព្រំដែនសមុទ្រនោះឡើយ។
លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់លម្អិតអំពីប្រភពដើមនៃបញ្ហានេះថា ដោយសារតែភាគីថៃបានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលជាឯកសារ និងជាក្របខ័ណ្ឌច្បាប់ទ្វេភាគីតែមួយគត់សម្រាប់ដោះស្រាយជម្លោះព្រំដែនសមុទ្រ ទើបកម្ពុជាត្រូវបង្ខំចិត្តផ្តួចផ្តើម និងរុញដំណើរការនេះទៅរកការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីបំពេញនូវកង្វះខាតនៃយន្តការផ្នែកច្បាប់ ព្រមទាំងការពារអធិបតេយ្យ និងផលប្រយោជន៍ស្របច្បាប់របស់ជាតិ។ ប៉ុន្តែ ក្រោយពេលកម្ពុជាស្វែងរកយន្តការផ្សះផ្សាអន្តរជាតិនេះ ភាគីថៃបែរជាឆ្លើយតបមកវិញថា អ្វីៗទាំងអស់ដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយបញ្ហាដីគោក ត្រូវបានផ្អាក ឬត្រូវបានបញ្ចប់ទៅវិញ។
ចំពោះមុខការឆ្លើយតបរបស់ភាគីថៃ គណៈប្រតិភូកម្ពុជាបានបំភ្លឺគ្រប់ជ្រុងជ្រោយទៅកាន់គណៈកម្មាធិការផ្សះផ្សាថា បញ្ហាដីគោក និងបញ្ហាសមុទ្រ មិនអាចយកមកផ្សារភ្ជាប់គ្នាបានជាដាច់ខាត។ ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ បញ្ហាដីគោក និងបញ្ហាសមុទ្ររវាងប្រទេសទាំងពីរ មិនដែលត្រូវបានធ្វើឡើងដោយភ្ជាប់ចំណងជាមួយគ្នានោះឡើយ ពីព្រោះដែនទាំងពីរនេះមានក្របខ័ណ្ឌគតិយុត្តិ និងយន្តការបច្ចេកទេសដោះស្រាយដាច់ដោយឡែកពីគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខការទូតកម្ពុជាក៏បានទទួលស្គាល់ និងពន្យល់ដល់គណៈកម្មាធិការផ្សះផ្សាផងដែរថា ទោះបីជាបញ្ហាទាំងពីរមានយន្តការដាច់ដោយឡែកពីគ្នាក៏ពិតមែន ប៉ុន្តែបរិយាកាស និងភាពតានតឹងដែលកើតឡើងនៅក្នុងវិស័យដីគោក ជៀសមិនផុតពីការជះឥទ្ធិពលមិនល្អដល់ដំណើរការចរចា និងការផ្សះផ្សានៅដែនសមុទ្រនោះទេ។ ហេតុដូច្នេះហើយ ទើបកម្ពុជាបានស្នើឱ្យគណៈកម្មាធិការផ្សះផ្សាលើកទឹកចិត្តឱ្យភាគីទាំងពីរគោរព និងអនុវត្តឱ្យបានពេញលេញនូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបន្សាបភាពតានតឹង និងបង្កលក្ខណៈអំណោយផលដល់ការដោះស្រាយបញ្ហាព្រំដែនសមុទ្រ។
ជាលទ្ធផល គណៈកម្មាធិការផ្សះផ្សាបានយល់ច្បាស់ពីទឡ្ហីករណ៍ និងហេតុផលរបស់កម្ពុជា ដោយបានឯកភាពបញ្ចូលចំណុចស្នើសុំរបស់កម្ពុជាទៅក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ព្រមទាំងទទួលស្គាល់សិទ្ធិរបស់កម្ពុជាក្នុងការបន្តលើកឡើងនូវការពិត និងការពារសិទ្ធិស្របច្បាប់របស់ខ្លួននៅលើឆាកអន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ៕




