* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ABC និង CMA ប្តេជ្ញាពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន

21-10-2026 13:56

(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពដល់អតិថិជនសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ ព្រមទាំងពង្រឹងយន្តការកិច្ចការពារអតិថិជន និងការដោះស្រាយបណ្តឹងតវ៉ាសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ នេះបេីយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ ABC និង CMA ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ។

ការលើកឡើងជាសាធារណៈនាពេលថ្មីៗអំពីបំណុលគ្រួសារ និងកិច្ចការពារអ្នកខ្ចីប្រាក់ បានបង្ហាញពីសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ខណៈដែលលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការបានរួមចំណែកគាំទ្រដល់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច ស្ថាប័នទាំងពីរទទួលស្គាល់ថា អ្នកខ្ចីប្រាក់មួយចំនួនកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។ ក្នុងន័យនេះ ABC និង CMA ប្តេជ្ញាធានាឱ្យមានការជួយសម្រាលបន្ទុកចំពោះអ្នកខ្ចីដោយយុត្តិធម៌ និងស្វែងរកដំណោះស្រាយជាក់ស្តែង។

ក្នុងរយៈពេលកន្លងមក ABC និង CMA បានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា (NBC) និងដៃគូអភិវឌ្ឍន៍ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនានាក្នុងការពង្រឹងស្តង់ដារវិស័យ លើកកម្ពស់ការអនុវត្តការផ្តល់ឥណទាន និងពង្រឹងកិច្ចការពារអតិថិជន។ គំនិតផ្តួចផ្តើមទាំងនេះរួមមាន ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ គោលការណ៍ណែនាំស្តីពីការផ្តល់ឥណទាន ស្តង់ដាកិច្ចសន្យាឥណទាន កម្មវិធីបណ្តុះបណ្តាលស្តីពីការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវដល់បុគ្គលិកជាង ៤៨.០០០ នាក់ និងការបណ្តុះបណ្តាលអភិបាលកិច្ចដល់ថ្នាក់ដឹកនាំ។

លើសពីនេះ មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) ដែលជាស្ថាប័នឯករាជ្យ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការប្រឹក្សាយោបល់ លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងសម្របសម្រួលការដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជន។ FCPC បានទទួលខុសត្រូវលើការគ្រប់គ្រងខ្សែទូរស័ព្ទបន្ទាន់រួមសម្រាប់បណ្តឹងតវ៉ារបស់អតិថិជនចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមទាំងអស់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់វិស័យហិរញ្ញវត្ថុក្នុងការធានានូវបរិយាកាសហិរញ្ញវត្ថុមួយប្រកបដោយតម្លាភាព យុត្តិធម៌ និងការទទួលខុសត្រូវខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក៏បានដាក់ចេញវិធានការការពារអ្នកខ្ចីប្រាក់ជាក់លាក់ផងដែរ រួមមានការរឹតបន្តឹងលើការទទួលយកដីរដ្ឋ ដីការពារ និងដីសហគមន៍ធ្វើជាទ្រព្យធានាសម្រាប់ការស្នើសុំប្រាក់កម្ចីថ្មី ការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនធ្វើជាទ្រព្យធានា និងការង្កើនការវាយតម្លៃសមត្ថភាពបង់សងប្រាក់ត្រឡប់សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។ វិធានការទាំងនេះមានគោលបំណងពង្រឹងការការពារអ្នកខ្ចីដែលងាយរងគ្រោះ។

សម្រាប់សមាគមទាំងពីរ ការពង្រីកការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងព័ត៌មានច្បាស់លាស់ ការអនុវត្តដោយយុត្តិធម៌ និងដំណោះស្រាយឆាប់រហ័សពេលដែលអតិថិជនជួបប្រទះការលំបាក។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ពហុភាគីស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ។ ដំណើរការនេះបានកំណត់ទិសដៅសកម្មភាពអាទិភាពចំនួន ២២ ដើម្បីពង្រឹងការផ្តល់ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន។

នៅក្នុងកិច្ចប្រជុំលើកទីបួនរបស់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធបានរាយការណ៍ថា សកម្មភាពចំនួន ១៦ ត្រូវបានបញ្ចប់ ខណៈដែលសកម្មភាពចំនួន៦ នៅកំពុងបន្តអនុវត្ត។ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានដឹកនាំអនុវត្តសកម្មភាពចំនួន៦ ក្នុងចំណោមសកម្មភាពអាទិភាពទាំងនេះ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានបំពេញបន្ថែមដោយកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាលក្នុងវិស័យ និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធដើម្បីបង្កើនចំណេះដឹងហិរញ្ញវត្ថុ ការខ្ចីប្រាក់ប្រកបដោយទំនួលខុសត្រូវ និងការយល់ដឹងអំពីសិទ្ធិអ្នកប្រើប្រាស់។

សេចក្ដី ថ្លែងការណ៍ នេះបន្តថា​ «យើងទទួលស្គាល់ថាការបង្កើតគោលនយោបាយនិងយន្តការ គឺជាផ្នែកមួយនៃទំនួលខុសត្រូវប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតគឺការអនុវត្តប្រកបដោយសង្គតិភាព និងលទ្ធផលជាក់ស្តែងសម្រាប់អតិថិជន។ ការធ្វើកិច្ចការបន្ថែមទៀតនៅតែមានភាពចាំបាច់ដើម្បីដោះស្រាយចំណុចខ្វះខាត និងពង្រឹងទំនុកចិត្តសាធារណៈ»។

នាពេលអនាគត សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) គ្រឹះស្ថានជាសមាជិក និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តស្ដង់ដារផ្តល់ឥណទានប្រកបដោយទទួលខុសត្រូវ លើកកម្ពស់ការប្រមូលបំណុល និងការសម្របសម្រួលចំពោះអតិថិជន គាំទ្រដល់ការរៀបចំឥណទានឡើងវិញ (Restructuring) ទៅតាមករណីនីមួយៗសម្រាប់អ្នកខ្ចីប្រាក់ដែលប្រឈមមុខនឹងការលំបាកក្នុងការបង់សងប្រាក់ត្រឡប់ និងបង្កើនការទទួលបានយន្តការដោះស្រាយបណ្តឹងដោយយុត្តិធម៌ និងប្រកបដោយប្រសិទ្ធភាព។

បន្ថែម ពីនេះ សមាគម ទាំងពីរ នឹងគាំទ្រផងដែរដល់ការឃ្លាំមើលជាប្រចាំនូវការអនុវត្តក្នុងវិស័យ និងការបន្តអនុវត្តសកម្មភាពអាទិភាពដែលនៅសេសសល់។ ព្រ មទាំងលើកទឹកចិត្តដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ឬមានបណ្តឹង សូមទាក់ទងទៅកាន់គ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលខ្លួនប្រើប្រាស់សេវា ឬក្នុងករណីមានបញ្ហាដែលមិនទាន់ត្រូវបានដោះស្រាយ សូមទាក់ទងមកកាន់បណ្តាញទូរស័ព្ទបន្ទាន់របស់មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC)៖ តាមរយៈលេខ ០១៥ ៣៦៥ ២២២សម្រាប់ការណែនាំ និងការគាំទ្រ។

អតិថិជនក៏អាចទាក់ទងមកកាន់ធនាគារជាតិនៃកម្ពុជា (NBC) គណៈកម្មការជាតិការពារអ្នកប្រើប្រាស់ (NCCP) ឬអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (NADR) ឬស្វែងរកដំណោះស្រាយតាមរយៈតុលាការតាមការគួរ។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យធនាគារ និងហិរញ្ញវត្ថុដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា ព្រមទាំងរក្សាឱ្យបាននូវការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការទទួលបានទំនុកចិត្តពីសាធារណជនតាមរយៈការអនុវត្តប្រកបដោយសង្គតិភាព គណនេយ្យភាព និងសកម្មភាពជាក់ស្តែង៕