អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រារព្ធខួបមួយឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងចាប់រង្វាន់ធំ ប្រចាំឆ្នាំ២០២៦
21-10-2026 14:26
(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ និងសិរីមង្គល ដើម្បីអបអរសាទរខួបមួយឆ្នាំ នៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម ពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ពិធីនេះ ក៏មានការយាងនិមន្ត ពីសម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចសង្ឃផ្សេងទៀត និងថ្នាក់ដឹកនាំ នៃអាកាសយានដ្ឋានអន្តរជាតិតេជោជាច្រើនរូប។
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលមួយ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
បន្ថែមពីនោះទៀត លោកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងថា គម្រោងនេះ ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល បានក្លាយជាសមិទ្ធផលដ៏សំខាន់មួយ នៃការវិនិយោគក្នុងស្រុក និងសមត្ថភាពរបស់កូនខ្មែរ ខណៈអាកាសយានដ្ឋាននេះ បានបើកដំណើរការអស់រយៈពេលមួយឆ្នាំ ដោយឆ្លងកាត់បញ្ហាប្រឈមជាបន្តបន្ទាប់ និងបន្តដំណើរការទទួលបានលទ្ធផលជាវិជ្ជមាន។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានចាត់ទុកការបើកដំណើរការអាកាសយានដ្ឋាននេះ និងការគ្រប់គ្រងប្រតិបត្តិការ ក្នុងរយៈពេលមួយឆ្នាំដំបូងថា ជាលទ្ធផលដែលកើតចេញ ពីការខិតខំប្រឹងប្រែងរបស់កូនខ្មែរ និងការវិនិយោគរបស់វិនិយោគិនខ្មែរ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ៏សំខាន់មួយនេះ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បន្តទៀតថា ការឈានដល់ខួបមួយឆ្នាំក្នុងពេលនេះ គឺជាឱកាសសម្រាប់វាយតម្លៃលើការអភិវឌ្ឍ និងសមត្ថភាពប្រតិបត្តិការរបស់គម្រោង ព្រមទាំងការត្រៀមខ្លួន សម្រាប់ការរីកចម្រើនបន្ថែមទៀតក្នុងវិស័យអាកាសចរណ៍ និងការតភ្ជាប់អន្តរជាតិរបស់កម្ពុជា។
ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានរៀបចំកម្មវិធី «ចាប់រង្វាន់ធំប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ទិញទំនិញក្នុងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ មានឱកាសឈ្នះរង្វាន់ធំ» ដែលជារង្វាន់ផ្ទះល្វែង១ខ្នង។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់នូវភាពសប្បាយរីករាយ និងផ្តល់ឱកាសជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទទួលបានឱកាសឈ្នះរង្វាន់ពិតៗ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃគម្របខួបមួយឆ្នាំគត់ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកាសបើកដំណើរ ផ្តល់សេវាកម្មជូនអ្នកដំណើរជាតិអន្តរជាតិ។ ចំណែកថ្ងៃប្រកាសសម្ពោធជាផ្លូវការ ត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕















