តុលាការ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសម្នាក់ពីបទ «ឆបោក» ក្រោយរកឃើញជាប់ពាក់ព័ន្ធសំណុំរឿងលក់ដីខ្យល់ជិត ៤០លានដុល្លារ ជាមួយជនបរទេស នៅខេត្តកំពត
21-10-2026 14:27
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងបញ្ជាដល់កងកម្លាំងសាធារណៈទាំងអស់ តាមស្វែងរកចាប់ខ្លួនបុគ្គលឈ្មោះ លុយ ដាវុធ ដែលកំពុងរត់គេចខ្លួនពីបទ «ឆបោក»។ ករណីនេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា ជនជាប់ចោទ មានជាប់ពាក់ព័ន្ធនឹងករណីឆបោកជនរងគ្រោះជាច្រើននាក់ ក្នុងការលក់ដីខ្យល់ទំហំជាង ២០០ហិកតា នៅខេត្តកំពត ដែលមានទំហំទឹកប្រាក់ឆបោកសរុបរហូតដល់ជិត ៤០លានដុល្លារអាមេរិក ដោយមានការឃុបឃិតគ្នាជាមួយជនបរទេសជាជនជាតិហូឡង់ម្នាក់ និងអាចសង្ស័យមានការពាក់ព័ន្ធនឹងការគូកនជាឧកញ៉ា និងមនុស្សមានឥទ្ធិពលចាំកាងការពារផងដែរ។
ផ្អែកតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ចេញដោយ លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ លុយ ដាវុធ ភេទប្រុស កើតនៅឆ្នាំ១៩៨៣ អតីតមន្រ្តីយោធាស័ក្តិ៥ មានទីកន្លែងកំណើតនៅស្រុកបន្ទាយមាស ខេត្តកំពត និងមានទីលំនៅបច្ចុប្បន្ននៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះជាបទមជ្ឈិមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ប៉ុន្តែជនត្រូវចោទបានរត់គេចខ្លួន និងគេចវេះមិនព្រមចូលខ្លួនមកឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការឡើយ។
លោក លុយ ដាវុធ អតីតមន្ត្រីយោធាស័ក្តិ៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត លុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។
ទាក់ទិននឹងដំណើររឿងនេះ ត្រូវបានប្រភពព័ត៌មានពីសមត្ថកិច្ចបង្ហើបឱ្យដឹងថា សំណុំរឿងខាងលើមានទំនាក់ទំនងជាមួយករណីឃាត់ខ្លួនជនបរទេសម្នាក់ឈ្មោះ «អូវឺមេតផូលឺសចូហានណេសចូសេភឺស» កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ នៅពេលដែលជនរូបនេះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។ ជនសង្ស័យជនបរទេសរូបនេះ ត្រូវបានរងការចោទប្រកាន់ពីបទឆបោកប្រាក់រាប់សិបលានដុល្លារពីជនរងគ្រោះ ជុំវិញគម្រោងទិញលក់ដីទំហំ ២២១ហិកតា ស្ថិតក្នុងខេត្តកំពត។
តាមប្រភពបានបញ្ជាក់បន្ថែមថា ជនសង្ស័យជាជនបរទេសរូបនេះ បានរៀបចំគម្រោងសហការយ៉ាងស្អិតរមួតជាមួយឈ្មួញរកស៊ីដីធ្លីដ៏ល្បីល្បាញម្នាក់នៅខេត្តកំពត ក្នុងការរៀបចំផែនការ «លក់ដីខ្យល់» និងបង្កើតជាគម្រោងក្លែងបន្លំដើម្បីឆបោកយកប្រាក់ពីជនរងគ្រោះជាច្រើនករណី ដែលសរុបជាទឹកប្រាក់មានចំនួនជិត ៤០លានដុល្លារអាមេរិក។យ៉ាងណាមិញ ក្រោយការឃាត់ខ្លួនបានមួយរយៈ ជនបរទេសខាងលើត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ក្រោមការធានា និងដោះស្រាយសម្របសម្របពីឧកញ៉ាម្នាក់ផងដែរ។
ដោយសារតែជនត្រូវចោទឈ្មោះ លុយ ដាវុធ បានបន្តគេចវេះមិនព្រមចូលខ្លួនមកបង្ហាញមុខតាមនីតិវិធី ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាបង្គាប់ឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ស្រាវជ្រាវចាប់ខ្លួន និងនាំខ្លួនឈ្មោះ លុយ ដាវុធ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ (អគារសាលាយុត្តិធម៌ថ្មី ស្ថិតនៅតំបន់ OCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ) ដើម្បីចាត់ការបន្តតាមច្បាប់ជាធរមាន។
ជុំវិញរឿងនេះ ជនរងគ្រោះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវទទូចដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍ និងយកចិត្តទុកដាក់ខ្ពស់លើសំណុំរឿងនេះ។ ជនរងគ្រោះបានស្នើឱ្យសមត្ថកិច្ចពន្លឿនការស្រាវជ្រាវ តាមស្វែងរកចាប់ខ្លួនឈ្មោះ លុយ ដាវុធ ដែលកំពុងគេចវេះ និងបក្ខពួកពាក់ព័ន្ធទាំងអស់ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានឱ្យបានឆាប់រហ័ស ម៉ឺងម៉ាត់ និងប្រកបដោយតម្លាភាព ដើម្បីរក្សានូវជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌ ព្រមទាំងជួយទាមទារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនជនរងគ្រោះត្រឡប់មកវិញ៕









