តំណាងឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បើកវេទិកាអង្គរលើកទី១ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីការអប់រំ និងទេសចរណ៍វប្បធម៌
21-10-2026 19:33
(សៀមរាប)៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកវេទិកាអង្គរលើកទី១ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការអប់រំ និងទេសចរណ៍វប្បធម៌។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍, អភិបាលរងខេត្តសៀមរាប, ប្រធានសមាគមផ្លាស់ប្ដូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន, ប្រធានសមាគមបញ្ញសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (CARTA) តំណាងក្រុមប្រឹក្សាភិបាលសាលាអាមេរិកាំងហ្គោលឌិនហ្គេត តំណាងសាកលវិទ្យាល័យ Dalian University of Technology ប្រធានគ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press តំណាងគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP នៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ក្នុងឱកាសនោះលោកស្រីបណ្ឌិត គឹម សេដ្ឋានី បានបង្ហាញសេចក្ដីរីករាយដែលបានចូលរួមក្នុងពិធីបើក «កិច្ចប្រជុំកំពូលលើកទី១ ស្ដីពីកិច្ចសហប្រតិបត្តិការអប់រំ និងទេសចរណ៍វប្បធម៌កម្ពុជា-ចិន ក្នុងវេទិកាអង្គរ ឆ្នាំ២០២៦» ដ៏មានសារៈសំខាន់នេះ ដែលបានរួមបញ្ចូល «ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងស្ថាប័នពាក់ព័ន្ធកម្ពុជា-ចិន» លើទឹកដីប្រវត្តិសាស្ត្រអង្គរនៃខេត្តសៀមរាបផងដែរ។
លោកស្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងកោតសរសើរចំពោះសមាគមផ្លាស់ប្ដូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន (C-CVEA), សាកលវិទ្យាល័យ Dalian University of Technology, គ្រឹះស្ថានបោះពុម្ព Dalian University of Technology Press, សមាគមបញ្ញសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (CARTA), គណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មនៅកម្ពុជា (RCEP) ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្របសម្រួលឱ្យមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើងប្រកបដោយភាពអធិកអធម។
ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បាននិងកំពុងរីកចម្រើនយ៉ាងរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ រួមមាន នយោបាយ ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ កិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ។
លោកស្រីបណ្ឌិត គឹម សេដ្ឋានី បានបន្ថែមថា នៅក្នុងយុគសម័យនៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនេះ ការអប់រំ វប្បធម៌ បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងទេសចរណ៍ គឺជាសសរស្ដម្ភគន្លឹះដែលមិនអាចកាត់ផ្ដាច់ពីគ្នាបានក្នុងការបើកច្រកទ្វារនវានុវត្តន៍ កាលានុវត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
លោកស្រី ហេង សុគន្ធី ប្រធានសមាគមផ្លាស់ប្តូរការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា-ចិន បានបញ្ជាក់ដែរថា សមាគមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងបេសកកម្មលើកកម្ពស់ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញ ព្រមទាំងជាស្ពានតភ្ជាប់រវាងរាជរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងវិស័យឯកជន តាមរយៈភាពជាដៃគូអន្តរជាតិ។ សមាគម ក៏បានគាំទ្រកិច្ចសហប្រតិបត្តិការរវាងក្រសួង និងគ្រឹះស្ថានបោះពុម្ពផ្សាយនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Dalian ដើម្បីតភ្ជាប់តម្រូវការអប់រំកម្ពុជា ជាមួយធនធានអន្តរជាតិ។
លោកស្រី ហេង សុគន្ធី បានបន្ថែមថា ដើម្បីរួមចំណែកគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា សមាគមនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួនបី៖
ទី១៖ ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈភាពជាដៃគូរវាងគ្រឹះស្ថានអប់រំកម្ពុជា និងចិន ដើម្បីលើកកម្ពស់គុណភាពអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញអនុវត្តជាក់ស្តែងសម្រាប់យុវជន។
ទី២៖ តភ្ជាប់ការអប់រំជាមួយវិស័យឧស្សាហកម្ម តាមរយៈនវានុវត្តន៍ឌីជីថល ដោយជំរុញកិច្ចសហការរវាងគ្រឹះស្ថានអប់រំ និងសហគ្រាសឱ្យឆ្លើយតបតម្រូវការទីផ្សារការងារ។ យើងស្វាគមន៍ការចូលរួមរបស់ CARTA ក្នុងការលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ក្នុងវិស័យអប់រំ ជំនាញឌីជីថល និងទេសចរណ៍។
ទី៣៖ ពង្រឹងកិច្ចសន្ទនាវប្បធម៌ តាមរយៈបេតិកភណ្ឌ និងទេសចរណ៍ ដោយលើកកម្ពស់ការអភិរក្ស និងផ្សព្វផ្សាយរបាំប្រពៃណី តន្ត្រី និងសិល្បកម្មខ្មែរ តាមរយៈការអប់រំ ទេសចរណ៍ និងប្រព័ន្ធឌីជីថលទៅកាន់ប្រទេសចិន និងពិភពលោក ព្រមទាំងបង្កើតផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន៕































